កន្លងមករថយន្តក្រុងរបស់យួនតែងធ្វើសកម្មភាពចូលដឹកឈើដល់ក្រុង បានលុង ខេត្តរតនគិរី ចេញទៅស្រុកយួនតាមច្រកអន្តរជាតិអូរយ៉ាដាវយ៉ាងរលូន ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ស្ថាប័ន។ ឥឡូវនេះស្រាប់តែមានករណីឈ្មួញបង្កប់ឈើគ្រញូងក្នុងរថយន្តក្រុង ដឹកជញ្ជូនអ្នកដំណើរ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀងផងដែរ ហើយត្រូវសមត្ថកិច្ចចាត់វិធានការបង្ក្រាប។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើម្ចាស់ឈើគ្រញូងមានទំនាក់ទំនងជាមួយសមត្ថកិច្ចជាមុននោះ គឺមិនប្រឈមនឹងការបង្ក្រាបឡើយ ហើយអាចដឹកជញ្ជូនឈើគ្រញូងទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចក្នុងខេត្តស្វាយរៀង បានឲ្យដឹងថាកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែកក្កដា រថយន្តទេសចរណ៍១គ្រឿងដែលមានបង្កប់ឈើគ្រញូងបម្រុងនាំចេញទៅស្រុក យួនតាមច្រកអន្តរជាតិបាវិត ត្រូវបង្ក្រាបនៅចំណុចភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ រថយន្តក្រុងដែលសមត្ថកិច្ចចម្រុះបង្ក្រាបនោះ គឺជាប្រភេទរថយន្តទេសចរណ៍ចំណុះ៤៥កៅអីពណ៌ក្រហម ពាក់ស្លាកលេខ53N9333 មានអ្នកបើកបរឈ្មោះ ង៉ូវ វីហ៊ុយ ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិយួនរស់នៅប្រទេសយួន។ ឈើគ្រញូងដែលរឹបអូសបានមាន១០កំណាត់ស្មើ១៨០គីឡូក្រាម ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់វិធានការ តាមច្បាប់។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានឲ្យដឹងថាការដែលក្រុមហ៊ុនរថយន្តក្រុងដឹកភ្ញៀវទេសចរឆ្លងដែនបង្ក ប់ឈើប្រណីតឬទំនិញគេចពន្ធ គឺជាទម្លាប់ដែលកើតឡើងនៅច្រកអន្តរជាតិបាវិតយូរឆ្នាំមកហើយ។ លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិបាវិត ក៏ដូចជាមន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រចាំច្រកនេះ គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយបណ្ដោយឲ្យឈ្មួញបង្កប់ឈើគ្រញូងក្នុងរថយន្តក្រុងពីទឹកដីខ្មែរ ចូលទឹកដីយួន និងបើកដៃឲ្យឈ្មួញបង្កប់ទំនិញគេចពន្ធពីទឹកដីយួនចូលទឹកដីខ្មែរតាម អំពើចិត្ត។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ កុំឲ្យសមត្ថកិច្ចនៅច្រកបាវិត និងឈ្មួញខិលខូច ជាពិសេសម្ចាស់ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនភ្ញៀវទេសចរឃុបឃិតគ្នា ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត៕