សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូង និងស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថាតាមដងផ្លូវពីស្រុកសំឡូត ទៅស្រុកបាណន់ សព្វថ្ងៃនេះមានកុងត្រូលជជុះប្រមាណ១២កន្លែង ហើយភាគច្រើនជាកុងត្រូលជជុះរបស់មន្ត្រីរដ្ឋបាលព្រៃឈើ សម្រាប់ជំរិតយកលុយពីពួកគាត់ដែលដឹកអុសដឹកធ្យូងលក់។ ប្រភពបានឲ្យដឹងទៀតថានគរបាលនិងកងរាជអាវុធហត្ថមានបង្កើត កុងត្រូលជជុះតិចតួច មិនចោទជាបញ្ហាសម្រាប់ពួកគាត់ឡើយ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើវិញ បង្កើតកុងត្រូលជជុះសង្កត់កពួកគាត់តាមអំពើចិត្តដោយគ្មានការយោគយល់ នោះទេ។ ហេតុនេះហើយទើបពួកគាត់អំពាវនាវឲ្យ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ចាត់វិធានការលុបបំបាត់កុងត្រូលជជុះតាមដងផ្លូវពីស្រុកសំឡូត ដល់ព្រំប្រទល់ស្រុកបាណន់ជាបន្ទាន់ ដើម្បីឲ្យស្របទៅតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាល។
តាមការអះអាងរបស់ប្រជាពលរដ្ឋនៅស្រុកសំឡូត បានឲ្យដឹងថាបច្ចុប្បន្នក្នុងមូលដ្ឋានរបស់ពួកគាត់ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានបង្កើតកុងត្រូលជជុះជាច្រើនកន្លែងសម្រាប់ជំរិតយកលុយពីអ្នក ដឹកអុសដឹកធ្យូង និងដឹកឈើសម្រាប់ធ្វើផ្ទះ ឬសាងសង់សំណង់ផ្សេងៗដោយពុំមានមន្ត្រីអាជ្ញាធរស្រុក ឬអាជ្ញាធរខេត្តទប់ស្កាត់នោះឡើយ។ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំកំពង់ល្ពៅ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចស្ថាប័នដទៃទៀត បានដាក់កុងត្រូលជជុះតាមផ្លូវវាលចម្បែងយ៉ាងគគ្រឹកគគ្រេងជំរិតយកលុយ ពីអ្នកដឹកអុសដឹកធ្យូង ដឹកបង្គោលគ្រាក់ ហើយសូម្បីតែពលរដ្ឋដឹកឈើទៅធ្វើផ្ទះស្នាក់នៅក៏ត្រូវគេជំរិតយកលុយ ដែរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលតាមដានបញ្ហាខាងលើនេះបានឲ្យដឹងថា តាមផ្លូវពីស្រុកសំឡូត ទៅដល់ព្រំប្រទល់ស្រុកបាណន់ មានកុងត្រូលជជុះប្រមាណ១២កន្លែង ហើយសូម្បីតែប្រជាពលរដ្ឋដឹកកសិកផលក៏ត្រូវសមត្ថកិច្ចតាមកុងត្រូលជជុះ ទាំងនោះ តម្រូវឲ្យបង់លុយសម្រេចតែអំពើចិត្តដែរ។ សម្រាប់រថយន្តដឹកអុសដឹកធ្យូង ឬដឹកឈើបង្គោលគ្រាក់ ត្រូវគេកំណត់ឲ្យបង់ចាប់ពី៥០០០រៀលរហូត១៥ទៅ២៥ម៉ឺនរៀល មិនអាចតវ៉ាបានឡើយ ហើយបើអ្នកដឹកឈើតាមរថយន្តធំៗត្រូវបង់២០០ទៅ៣០០ដុល្លារ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថា ករណីសមត្ថកិច្ចបង្កើតកុងត្រូលជជុះជំរិតយកលុយពីប្រជាពលរដ្ឋដែល ដឹកអុសដឹកធ្យូង និងដឹកឈើដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនគឺជាអំពើខុសច្បាប់ ដូច្នេះលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ។ ដោយហេតុថាមួយរយៈពេលចុងក្រោយនេះ សមត្ថកិច្ចប្រចាំកុងត្រូលជជុះតាមផ្លូវពីស្រុកសំឡូត ទៅព្រំប្រទល់ស្រុកបាណន់ ជំរិតយកលុយពីប្រជាពលរដ្ឋឲ្យខាងតែបាន ហើយបើម្ចាស់រថយន្តណាមិនបង់លុយឲ្យពួកគេទេ គឺពួកគេនឹងឃាត់រថយន្តមិនឲ្យធ្វើដំណើរទៅមុខឡើយ៕