បទល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ

22-July-2016 | ដោយ មែន កំសត់

 

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​កន្លងមក​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ប្រជាពលរដ្ឋ​បានបង្ហាញ​នូវ​ការសង្ស័យ​ទៀតថា គណៈកម្មការ​សហគម​ន៍​នេសាទ មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ប្រមាណ​២០០​ ហិកតា​នាពេល​កន្លងមក​។ តាម​ការអះអាង​របស់​ពលរដ្ឋ​ឃុំ​កំពង់​គោ បាន​ឲ្យ​ដឹងថា​កន្លងមក​ពួកគាត់​បានធ្វើ​សេចក្ដីរាយការណ៍ ​ទៅ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក​ជា​ញឹកញាប់ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។

ដោយសារតែ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក ទើប​ពលរដ្ឋ​ជាង​៤០​គ្រួសារ​និង​មន្ត្រី​អាជ្ញាធរ​ភូមិ បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​មនុស្ស​មួយចំនួន​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៦​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ភូមិ បាន​ចោទប្រកាន់​បុគ្គល​ទាំងនោះ​ពីបទ​បំផ្លាញ​ព្រៃ​លិច​ទឹក ហើយ​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​រកមុខ​អ្នកពាក់ព័ន្ធ​ដែល​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ ​ព្រៃ​លិច​ទឹក​។ តំណាង​អ្នកភូមិ​មួយរូប​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ចាត់វិធានការ​លើ​មនុស្ស​៤​នាក់​នៅ​ស្រុក​កំពង់ស្វាយ ដែល​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ប្រមាណ​២០០​ហិកតា កាលពី​អំឡុង​ខែមេសា​។

នៅក្នុង​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ​ឃុំ​កំពង់​គោ បាន​ឲ្យ​ដឹងថា​អ្នកភូមិ​បានស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃទៀត​ដែល​ពួកគាត់​យល់ថា អាចមាន​ក្រុម​គណៈកម្មការ​សហគម​ន៍​នេសាទ​សាមគ្គី​ឃុំ​កំពង់​គោ និង​មន្ត្រីជលផល​មួយចំនួន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឈូសឆាយ​បំផ្លាញ​ព្រៃ​ លិច​ទឹក​ប្រមាណ​២០០​ហិកតា​។ ជាមួយគ្នានេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ធំ ក៏បាន​លើកឡើង​ដែរ​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិនអាច​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក ​ប្រមាណ​២០០​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដើម្បី​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ យកទៅ​ដាក់ទោស​តាមច្បាប់​៕

 

ចំនួនអ្នកទស្សនា

    21251787

  • ថ្ងៃនេះ3951
  • ម្សិលមិញ4891
  • សប្តាហ៍នេះ19861
  • ខែនេះ24701
  • ឆ្នាំនេះ809331
  • សរុប21251787