អំពើពុករលួយ​របស់​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង ត្រូវបាន​លាតត្រដាង​

22-July-2016 | ដោយ មែន កំសត់

 

ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ ក្នុង​ខេត្តស្ទឹងត្រែង​ជាបន្ទាន់ ព្រោះ​ដោយសារតែ​អំពើពុករលួយ​នោះ​ហើយ​ទើប​បទល្មើស​នេសាទ​រាលដាល​កាន់តែខ្លាំង ​ឡើងៗ​។ ជាក់ស្ដែង​សំបុត្រ​អនាមិក​មួយ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​សរសេរ ហើយ​យកទៅ​បោះ​ជូន​ក្នុង​ហាង​លក់​បាយ លក់​កាហ្វេ​មួយកន្លែង​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​នៅក្នុង​លិខិត​អនាមិក​នោះបាន​លាតត្រដាង​ច្បាស់ៗ​ពី​ឈ្មោះ​ មន្ត្រីរដ្ឋបាល​ជលផល​ពុករលួយ​៣​នាក់ ព្រមទាំង​បក្ខពួក​មួយចំនួន​ផងដែរ​។ ហេតុនេះ​លោក អេង ជា​សាន ដែលជា​អគ្គនាយក​រដ្ឋបាល​ជល​ផល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុងខណៈដែល​បទល្មើស​នេសាទ​ក្នុង​ខេត្តស្ទឹងត្រែង រាលដាល​កាន់តែខ្លាំង​នៅក្នុង​រដូវ​បិទ​នេសាទ​។

នៅក្នុង​លិខិត​អនាមិក​ដែល​គេ​បានឃើញ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ បាន​សរសេរ​ច្បាស់ៗ​ពី​ឈ្មោះ​មន្ត្រីជលផល​ចំនួន​៣​នាក់​ដែល​ប្រព្រឹត្ត​ អំពើពុករលួយ ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​។ ក្នុងនោះ​ទី​១-​ឈ្មោះ អេង លី ទី​២-​ឈ្មោះ សា​វ៉េ​ត និង​ទី​៣-​ឈ្មោះ រ៉េត ហើយ​មន្ត្រីជលផល​ទាំង​៣​នាក់​នេះ ដើរ​ប្រមូល​លុយ​ពី​ក្រុម​អ្នកនេសាទ​ខុសច្បាប់​ក្នុងភូមិ​ចំនួន​៤​ផ្សេងគ្នា គឺ​ភូមិ​កោះ​ខ្លី ភូមិ​កោះ​ស្នែង ភូមិ​ខាំ​ផាន់ និង​ភូមិ​អូរ​ស្វាយ​។ ល​ខិត​អនាមិក​បាន​លាតត្រដាង​ទៀតថា ទូក​នេសាទ​ខុសច្បាប់​ត្រូវ​បង់​ឲ្យ​មន្ត្រី​ទាំង​៣​នាក់​ខាងលើ​ក្នុង​១​ គ្រឿង​៥០​ម៉ឺន​រៀល ហើយ​បច្ចុប្បន្ន​មាន​ទូក​រាប់សិប​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ ខុសច្បាប់​។

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះដែរ ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​លោក ទុំ នី​រ៉ូ ប្រធានស្ដីទី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ទេនោះ គឺ​មន្ត្រីជលផល​ឈ្មោះ អេង លី ឈ្មោះ សា​វ៉េ​ត និង​ឈ្មោះ រ៉េត មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​អគ្គនាយក​រដ្ឋបាល​ជល​ផល ត្រូវ​ពិនិត្យឡើងវិញ​នូវ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ ជលផល​ក្នុង​ខេត្តស្ទឹងត្រែង ព្រោះ​បច្ចុប្បន្ន​តំបន់​អភិរក្ស​ពូជ​ត្រី​កំពុងតែ​ប្រឈម​នឹង​ការបំផ្លាញ​ យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដោយសារ​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល ទើប​ក្រុម​ជនល្មើស​អាចធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០១ ប្រកបដោយ​ប្រសិទ្ធភាព​៕

 

ចំនួនអ្នកទស្សនា

    21252027

  • ថ្ងៃនេះ4191
  • ម្សិលមិញ4891
  • សប្តាហ៍នេះ20101
  • ខែនេះ24941
  • ឆ្នាំនេះ809571
  • សរុប21252027