ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកណ្ដាល ឈ្មោះ អ៊ិន យ៉ុម ដែលជា​អ្នកវិនិយោគ​ផ្សារ​តាខ្មៅ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

22-July-2016 | ដោយ មែន កំសត់

 

​ប្រភពពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាខ្មៅ បាន​ឲ្យ​ដឹងថា​ប្រធាន​ផ្សារ​ឈ្មោះ អ៊ិន យ៉ុម ដែលជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​នោះ កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ការកែលម្អ​ផ្សារ​នោះទេ​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​ឈ្មោះ អ៊ិន យ៉ុម កំពុង​កេងប្រវ័ញ្ច​លើ​អាជីវករ​សព្វបែបយ៉ាង ហើយ​ការទារ​ភាស៊ី​ឬ​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​ជាដើម មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក​នោះទេ​។ ជាពិសេស​នៅពេល​ផ្សារ​តាខ្មៅ​មាន​ភក់ជ្រាំ​ស្អុយគគ្រុក គឺ​ឈ្មោះ អ៊ិន យ៉ុម មិន​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ឡើយ ចំណែក​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក៏មាន​កម្រិត​ខ្ពស់​ផងដែរ​។

​តាម​ការអះអាង​របស់​អាជីវករ​ជាច្រើនរូប​បាន​ឲ្យ​ដឹងថា​ឈ្មោះ អ៊ិន យ៉ុម​អ្នកវិនិយោគ​ផ្សារ​តាខ្មៅ គិតតែ​ពី​ការកេងប្រវ័ញ្ច​លើ​អាជីវករ ហើយ​មិនបាន​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ផ្សារ គោរព​តាម​សៀវភៅ​បន្ទុក​ក្នុង​ការទារ​ភាស៊ី និង​កេងប្រវ័ញ្ច​ទៅលើ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​គ្រប់​រូបភាព​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល​ថ្ងៃអាទិត្យ​ក្នុង​ផ្សារ​តាខ្មៅ​តែងតែ​ដាច់​ភ្លើង ប៉ុន្តែ​គីឡូ​ភ្លើង​មិនចេះ​ថយ​ឡើយ សូម្បីតែ​អាជីវករ​ខ្លះ​បិទតូប​៥​ថ្ងៃ​ក៏​ថ្លៃ​ភ្លើង​នៅតែ​ដដែល​គ្មាន​ ការថយចុះ​នោះទេ​។ ក្នុង​១​តូប​សូម្បីតែ​ប្រើ​អំពើ​ពូ​ល​១​ក៏ត្រូវ​ចំណាយ​ក្នុង​មួយខែ​ពី​៣​ទៅ​ ៤​ម៉ឺន​រៀល​ដែរ ព្រោះ​ក្នុង​១​គីឡូវ៉ាត់​១៦០០​រៀល​។ ចំណែក​ទឹក​វិញ​ក្នុង​១​ម៉ែត្រគូប​តម្លៃ​៣០០០​រៀល ដែល​បញ្ហា​នេះ​បញ្ជាក់ថា​អ្នកវិនិយោគ​ផ្សារ​តាខ្មៅ​ឬ​ប្រធាន​ផ្សារ កំពុង​កេងប្រវ័ញ្ច​សព្វបែបយ៉ាង​ក្នុងខណៈដែល​បញ្ហា​សណ្ដាប់ធ្នាប់​កាន់តែ​ អាក្រក់​ទៅៗ​។

ដោយសារ​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ហួសហេតុ​ពេក​ទើប​អាជីវករ​ផ្សារ​តាខ្មៅ អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ពិនិត្យ​បញ្ហា​ដែល​កើតឡើង​ក្នុង​ផ្សារ​តាខ្មៅ​ខ្លះ​ផង ព្រោះ​ប្រធាន​ផ្សារ​ឈ្មោះ អ៊ិន យ៉ុម ដែលជា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ផង​នោះ កំពុង​គាបសង្កត់​អាជីវករ​ហួសហេតុ​ពេក​។ លើស​នេះ​ទៅទៀត​បញ្ហា​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និង​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​ភាព​អ​នា​ធិ​ប​ត្យេ​នៃ​ការចត​រថយន្ត និង​ម៉ូតូ​គ្មាន​សណ្ដាប់ធ្នាប់​ក៏​ជា​រឿង​ដែល​អាជ្ញាធរ​ក្រុង​តាខ្មៅ និង​អាជ្ញាធរ​ខេត្តកណ្ដាល គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាងនេះទៅទៀត​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មោះ អ៊ិន យ៉ុម ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា​ការវិនិយោគ​ផ្សារ​តាខ្មៅ គ្មាន​ការដេញថ្លៃ​ប្រកបដោយ​តម្លាភាព​ឡើយ គឺ​ឈ្មោះ អ៊ិន យ៉ុម ទទួលបាន​សិទ្ធិ​ដោយមាន​ភាពមិនប្រក្រតី​និង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ របស់ខ្លួន​៕

 

ចំនួនអ្នកទស្សនា

    21252017

  • ថ្ងៃនេះ4181
  • ម្សិលមិញ4891
  • សប្តាហ៍នេះ20091
  • ខែនេះ24931
  • ឆ្នាំនេះ809561
  • សរុប21252017