ករណីលោក នាង សុធារ៉ា ដែលមានតួនាទីជាមេបញ្ជាការរងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនកំពុងធ្វើឲ្យមន្ត្រីយោធា និងប្រជាពលរដ្ឋខេត្តតាកែវ មានការចាប់អារម្មណ៍និងរិះគន់យ៉ាងខ្លាំង។ ដូច្នេះនាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មិនគួរមើលរំលងនោះទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យលោក នាង សុធារ៉ា ធ្វើអ្វីៗតាមអំពើចិត្តទៀត។ ដោយហេតុថាសកម្មភាពលោក នាង សុធារ៉ា ដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនកំពុងធ្វើឲ្យប៉ះពាល់ កេរ្តិ៍ឈ្មោះស្ថាប័នការពារជាតិទាំងមូលផងដែរ។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ បានឲ្យដឹងថាលោក នាង សុធារ៉ា មេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួន ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះមានរថយន្តកែច្នៃធុនធំ២គ្រឿងដឹកឈើជន្លង់ម្រេច ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ខេត្តតាកែវ យកទៅលក់នៅស្រុកយួនតាមចំណុចច្រកកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ។ ប្រភពខ្លះបានបញ្ជាក់ថា ឈើជន្លង់ម្រេចដែលដឹកជញ្ជូនតាមរថយន្តកែច្នៃធុនធំ២គ្រឿងនោះ គឺជារបស់លោក នាង សុធារ៉ា មេបញ្ជាការរងយោធាខេត្តតាកែវ ហើយទំនងជាឈ្មួញរូបនេះមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាម អំពើចិត្ត។
បើតាមប្រភពពីសមត្ថកិច្ចដែលឃ្លាំមើលបទល្មើសដឹកឈើរបស់លោក នាង សុធារ៉ា មេបញ្ជាការរងយោធាខេត្តតាកែវ បានឲ្យដឹងទៀតថា មុនពេលរថយន្តកែច្នៃធុនធំទាំង២គ្រឿងដឹកឈើជន្លង់ម្រេចមកដល់ច្រក កំពង់ក្រសាំង គឺគេបានឃើញលោក នាង សុធារ៉ា បើករថយន្តរបស់គាត់កាងផ្លូវជាមុនដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ជុំវិញករណីនេះលោក សេក រស់ មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានបញ្ជាក់ថាលោកមិនបានដឹងរឿងលោក នាង សុធារ៉ា ជាមេបញ្ជាការរងយោធាខេត្តតាកែវ ដឹកឈើជន្លង់ម្រេចទៅលក់នៅស្រុកយួនដោយខុសច្បាប់នោះទេ។ ដូច្នេះលោក ប៉ុល សារឿន ដែលជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ត្រូវចាត់វិធានការស៊ើបអង្កេតនិងទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យមន្ត្រីយោធាប្រើឥទ្ធិពលនិងអំណាចប្រព្រឹត្តខុសច្បាប់ តទៅទៀត៕