សកម្មជនព្រៃឈើក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថាឈ្មួញដឹកជញ្ជូនឈើម្នាក់ឈ្មោះ ហេង ដែលមានលំនៅដ្ឋាននៅខេត្តក្រចេះ បានចូលមកកាប់ឈើនិងអារច្រៀកដឹកចេញពីតំបន់ព្រៃឡង់នៃស្រុកសណ្ដាន់ ដោយគ្មានញញើតអ្វីទាំងអស់។ សកម្មជនព្រៃឈើដែលឃ្លាំមើលសកម្មភាពរបស់ឈ្មួញឈ្មោះ ហេង បានឲ្យដឹងទៀតថា ឈ្មួញរូបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក សៅ វណ្ណី នាយផ្នែរដ្ឋបាលព្រៃសណ្ដាន់ ទើបអាចកាប់ឈើនិងដឹកជញ្ជូនឈើតាមអំពើចិត្ត។ ក្នុងនោះមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក តិប ញាតា និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ លោក ទ្រី សុភ័ក្ដ្រ ក៏ជាប់សង្ស័យនៅពីក្រោយខ្នងឈ្មួញឈើឈ្មោះ ហេង ផងដែរទើបមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តទាំង២ មិនហ៊ានបង្ក្រាបឈ្មួញឈ្មោះ ហេង។
តាមការបង្ហើបពីប្រជាពលរដ្ឋដែលស៊ីឈ្នួលចូលព្រៃឡង់កាប់ឈើនិង អារច្រៀកឈើឲ្យឈ្មួញឈ្មោះ ហេង បានបញ្ជាក់ថាពួកគេចូលទៅកាប់ឈើនិងអារច្រៀកឈើនៅចំណុចអូរស្រោមតា ប៉ូ តំបន់ត្រពាំងទារ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់។ នៅពេលកាប់រំលំនិងអារច្រៀករួចត្រូវដឹកឈើចេញពីចំណុចខាងលើនេះ ឆ្លងកាត់ដីសម្បទានក្រុមហ៊ុនចម្ការកៅស៊ូឆ្ពោះទៅស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ខេត្តក្រចេះ យ៉ាងរលូន។ សូម្បីតែនៅដើមរដូវវស្សានេះ ក៏ឈ្មួញឈ្មោះ ហេង អាចជួលពលរដ្ឋឲ្យធ្វើជាកម្មករចូលព្រៃកាប់ឈើ អារច្រៀកឈើ និងដឹកជញ្ជូនឲ្យខ្លួនយ៉ាងរលូនដែរ ព្រោះឈ្មួញរូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានបញ្ជាក់ថាឈ្មួញឈ្មោះ ហេង ចូលមកធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើក្នុងព្រៃឡង់នៃស្រុក សណ្ដាន់ ខេត្តកំពង់ធំ ចេញទៅស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ខេត្តក្រចេះច្រើនឆ្នាំមកហើយ ពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ។ បញ្ហានេះលោក ឆេង គឹមស៊ុន ដែលជាអគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ នៅពីក្រោយខ្នងឈ្មួញឈ្មោះ ហេង ដើម្បីលាភសក្ការៈទើបអ្វីៗប្រព្រឹត្តទៅដោយគ្មានឧបសគ្គ។ ប្រសិនបើគ្មានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ ព្រៃឡង់ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ចៀសមិនផុតពីសេចក្ដីវិនាសដោយសារស្នាដៃឈ្មួញឈ្មោះ ហេង ដែលល្បីល្បាញខាងប្រព្រឹត្តបទល្មើសជាយូរឆ្នាំមកហើយនោះទេ៕