មន្ត្រីរាជការនិងប្រជាពលរដ្ឋនៅខេត្តក្រចេះ បានអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាត់វិធានការទៅលើអំពើពុករលួយនិងភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តក្រចេះជាបន្ទាន់ កុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។ ដោយហេតុថាកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះក្នុងខេត្តក្រចេះ បានឃាត់រថយន្តហ៊ីយ៉ាន់ដាយចំណុះ៥តោនពាក់ស្លាកលេខកំពង់ចាម3A-0403 ដែលដឹកឈើប្រណីតប្រភេទសុក្រំនិងឈើលេខ១ពេញរថយន្ត។ ប៉ុន្តែបន្ទាប់មកត្រូវបានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដោះលែងស្ងាត់ៗក្រោយពេលរក្សាទុករថយន្តនិងឈើនៅស្ថានីយ៍បណ្ដុះកូនឈើខ្សាបានមួយយប់។
ទង្វើរបស់មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានធ្វើឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅខេត្តក្រចេះ រិះគន់យ៉ាងខ្លាំងហើយអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ផងដែរ។ ការអំពាវនាវបែបនេះបានកើតឡើងក្រោយពេលសមត្ថកិច្ចអាវុធហត្ថនិងនគរបាល ធ្វើការបង្ក្រាបរថយន្តដឹកឈើជាច្រើនលើកប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាល ព្រៃឈើ ហើយត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើដោះលែងស្រួលៗដើម្បីជាថ្នូរនឹង ផលប្រយោជន៍។ ចំណែកលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះករណីឈ្មួញបន្តដឹកជញ្ជូនឈើ ខុសច្បាប់យ៉ាងពេញបន្ទុក ហើយមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់គិតគូរតែរឿងផលប្រយោជន៍។
តាមការអះអាងពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ខេត្តក្រចេះ បានឲ្យដឹងថាពេលដឹកឈើម្តងៗពួកគេតែងតែបង់លុយឲ្យមន្ត្រីរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនអាចរំលងបានឡើយ បើមិនដូច្នេះទេប្រាកដជាត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ។ សកម្មជនព្រៃឈើនិងមជ្ឈដ្ឋាននានាបានរំលឹកថា មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឲ្យស្របទៅតាម បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០១៦នោះទេ ហើយភាគច្រើននៃការបង្ក្រាបគឺធ្វើឡើងដោយមន្ត្រីកងរាជអាវុធហត្ថ និងនគរបាល។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនត្រូវមើលរំលងអំពើពុករលួយនិងភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តក្រចេះតទៅទៀតទេ ក្នុងខណៈដែលសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នៅតែកើតមានឥតឈប់ឈរ។ លើសនេះទៅទៀតក្រសួងមហាផ្ទៃ ក៏គួរមានវិធានការទៅលើលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះផងដែរ ព្រោះក្នុងនាមជាអភិបាលខេត្តលោក សរ ចំរ៉ុង មិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើ ខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលនោះឡើយ៕