ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលរស់នៅជុំវិញចំណតរថយន្ត និងអ្នករត់តាក់ស៊ី បាននាំគ្នាថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលមិនឱ្យមានការដោះដូរចំណតរថយន្តសិរីសោភ័ណ ដោយត្រូវរក្សាទុកដូចដើម ។ ការថ្លែងព្រមានមិនឱ្យមានការដោះដូរនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ កក្កដា ក្នុងពិធីជួបសំណេះសំណាលរបស់សម្តេចជាមួយមន្ត្រីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងទាំង៣ប្រភេទ ។
ក្នុងការជួបជុំនៅថ្ងៃទី២២ កក្កដា តំណាងប្រជាពលរដ្ឋបានលើកឡើងថា ចំណតរថយន្តក្រុងសិរីសោភ័ណគឺជាចំណតរថយន្តដែលបន្សល់ទុកតាំងពីសម័យ អាណានិគមបារាំង ហើយស្នាដៃប្លង់កសាងម៉ូដែលវណ្ណម៉ូនីវណ្ណ ស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ហើយក៏មានប្រជាពលរដ្ឋជាច្រើនរយនាក់រស់នៅជុំវិញចំណតរថយន្តនេះ ប្រកបមុខរបបលក់ដូរ និងរត់តាក់ស៊ី សម្រាប់ចិញ្ចឹមជីវិតគ្រួសារ ។
តំណាងដដែលនិយាយថា នៅអាណត្តិលោក គោស៊ុំ សារឿត ជាអភិបាលខេត្ត និងអាណត្តិលោក សួន បវរ ជាអភិបាលខេត្តថ្មី ពិតជាមានគម្រោងដោះដូរចំណតរថយន្តក្រុងសិរីសោភ័ណ ទៅដាក់នៅជាយក្រុងចម្ងាយជិត១០គីឡូម៉ែត្រ នៅកណ្តាលវាលស្រែ ហើយក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃប្រមាណជាង១.០០០នាក់ សុំឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយអន្តគមន៍កុំឱ្យបានការដោះដូរចំណតរថយន្ត ពិតប្រាកដមែន ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ខេត្តជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធកាលពីរសៀលថ្ងៃទី២១ កក្កដា នៅសាលាខេត្ត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំមិនឱ្យអាជ្ញាធរខេត្តធ្វើការដោះដូរចំណតរថយន្ត នោះទេ ។ អនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្តទាំងអស់គ្នា ស្រែកហ៊ោកងរំពង និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានព្រមានឱ្យបញ្ឈប់ការដោះដូរចំណតរថយន្តនិងចូលរួមរក្សាទុក ។ ព្រោះចំណតរថយន្តដែលសល់ពីសម័យបារាំងទុកសម្រាប់ឱ្យប្រជាពលរដ្ឋ រកស៊ី បើខាតបង់លុយត្រូវទៅទារអ្នកដែលរត់ការវិញ ហើយអភិបាលខេត្តបន្ទាយមានជ័យថ្មីកុំរពិសដៃចុះហត្ថលេខា ត្រូវចូលរួមថែរក្សាចំណតក្រុងសិរីសោភ័ណគ្មានការដោះដូរ ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រកបរបររកស៊ី ។ ចំណតរថយន្តនេះស្ថិតនៅក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ក្រុមអ្នកតាមដានរឿងនេះ បានសម្តែងមតិថា អ្នករត់ការដែលបានការយល់ព្រមដោះដូរកន្លងមក សង្ស័យចំណាយប្រាក់អស់ច្រើនណាស់ ទំនងទារបានខ្យល់មកវិញ ។ ចំណែកខាងភាគីក្រុមហ៊ុន ឮថាបានពុះដីចំណតលក់ ក៏ប្រមូលបានមិនតិចដែរ ។ ដូច្នេះត្រូវតែទារប្រាក់មកវិញ ដែលសង្ស័យថា ទារបានខ្យល់មកវិញដែរ ប្រសិនបើមានការលក់ដូរមែន ?