សម្ដេច​តេ​ជោ ហ៊ុន សែន ស្ដីបន្ទោស​ឱ្យ​អាជ្ញាធរ ខេត្ត​កំពង់​ធំ​ ពាក់ព័ន្ធ​រឿង​ផ្សារ​ស្ទឹងសែន

25-July-2016 | ដោយ មែន កំសត់

ភ្នំពេញ ៖ ក្នុងដំណើរបេសកកម្មបន្តពីខេត្តសៀមរាប មកកាន់ទឹកដីកំពង់ធំ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្ដីបន្ទោសឱ្យអាជ្ញាធរខេត្តកំពង់ធំ ពាក់ព័ន្ធរឿងផ្សារស្ទឹងសែន ។

ផ្សារស្ទឹងសែន គឺជាផ្សារដែលសម្ដេចបានសាងសង់ឱ្យអាជីវករនៅខេត្តកំពង់ធំ បានប្រកបរបររកទទួលទានឡើងវិញ បន្ទាប់ពីអគ្គិភ័យបានឆេះកាលពីថ្ងៃទី២ខែមីនា ឆ្នាំ២០១០ ប៉ុន្តែក្រោយពីការសាងសង់រួច និងដំណើរការប្រករបរ ឡើងវិញ ។មកដល់ពេលនេះ សម្ដេចបានទទួលព័ត៌មានដោយផ្ទាល់ពីអាជីវករនៅក្នុងផ្សារថា ផ្សារនេះត្រូវបានសិទ្ធិតូប លក់ដូរ ដោយមានអាណត្តិ ដែលបញ្ហានេះ សម្ដេចមិនឯកភាពនោះទេ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានស្ដីបន្ទោសឱ្យអាជ្ញាធរ ខេត្តកំពង់ធំយ៉ាងដូច្នេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី២៣កក្កដានេះ។

សម្ដេចបានមានប្រសាសន៍ទៅកាន់មន្ត្រីទាំងអស់ថា សម្ដេចបានចូលជួបសំណេះសំណាល ផ្ទាល់ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាល ហើយខណៈនោះ សម្ដេចទទួលបាន សំណើពីអាជីវករម្ចាស់តូប ដោយសុំកុំឱ្យមានអាណត្តិក្នុងការលក់នៅតូបនីមួយៗរបស់ពួកគាត់។ ក្នុងបញ្ហានេះ សម្ដេចតេជោ បានស្ដីបន្ទោស ទៅដល់មន្ត្រី នៅខេត្តកំពង់ធំថាមិនមានការពន្យល់ឱ្យប្រជាពលរដ្ឋអាជីវករបានយល់ពីបញ្ហានេះ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំធ្វើការ ក៏ប៉ុន្តែបណ្ដោយទុកឱ្យ អ្នកដទៃឆ្លៀតយកឱកាស ។ សម្ដេចតេជោ បញ្ជាក់ថា ផ្សារនេះសម្ដេចបានធ្វើដំបូលឱ្យ តែប្រជាពលរដ្ឋគាត់ជាម្ចាស់តូប ដូច្នេះផ្សារនេះ អត់ត្រូវមានអាណត្តិទេ ។

សម្ដេចតេជោ បានជួយសាងសង់ ផ្សារស្ទឹងសែនឡើងវិញ បន្ទាប់ពីឆេះនៅថ្ងៃទី២ មីនា ឆ្នាំ២០១០។ អាជីវករ បានប្រកប មុខរបរ និងរំលោះទុនដែលបាត់បង់បានបណ្ដើរៗ និងកន្លែងខ្លះទទួលបានការលក់ដូរជោគជ័យ រួចខ្លួនពីការខាតបង់ដោយអគ្គិភ័យ។ អាជីវករផ្សារ ដឹងគុណសម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយពួកគាត់ទាន់ពេលវេលា។ បច្ចុប្បន្ន ផ្សារស្ទឹងសែន ក៏ដូចជា ផ្សារកំពង់ធំ អាជីវករ បានរួមគ្នា កសាងបណ្ដាញទឹកបង្ការសម្រាប់ពន្លត់អគ្គិភ័យនៅនឹងកន្លែង ព្រមទាំងបានបំពាក់ កាមេរ៉ាសុវត្ថិភាពនៅក្នុងផ្សារ ដូច្នេះហើយអាជីវករ កំពុងមានសុទិដ្ឋិនិយម អំពីសុវត្ថិភាពសម្ដេចតេជោ បាន ផ្តាំផ្ញើ ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ឱ្យយកចិត្តទុកដាក់ដោះស្រាយសេវា សាធារណៈ តម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសត្រូវតែ លុបបំបាត់ រាល់កំហុសឆ្គង ការថ្នាំងថ្នាក់ ភាពអសកម្មទាំងឡាយ ព្រមទាំង យកចិត្តទុកដាក់ខិតខំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ឱ្យបានកាន់តែប្រសើរ ៕

 

ចំនួនអ្នកទស្សនា

    20692717

  • ថ្ងៃនេះ1831
  • ម្សិលមិញ5181
  • សប្តាហ៍នេះ24591
  • ខែនេះ7021
  • ឆ្នាំនេះ250261
  • សរុប20692717