រាជធានីភ្នំពេញ៖ ដោយមើលឃើញពីភាពអនាធិបតេយ្យ បុគ្គលិករបស់ខ្លួន ដែលបំពានម៉ោងរដ្ឋ ទៅបើកកន្លែងពិគ្រោះជំងឺជាលក្ខណៈឯកជន ២៤ម៉ោងលើ២៤ម៉ោង ជាដើម។ ក្រសួងសុខាភិបាល បានណែនាំឲ្យ ប្រធានអង្គភាព ចាត់វិធានការបន្ទាន់និងដាច់ខាតមួយ ជាពិសេសការិយាល័យស្រុកប្រតិបត្តិ និងច្រកចេញចូលតែមួយ រួមទាំងម្ចាស់សេវាដែលមានករណីដូចខាងលើ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រសួងចេញសំណើផ្សព្វផ្សាយព័ត៌មានដូចនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ដោយក្នុងនោះមានបោះត្រារបស់ រដ្ឋលេខាធិការក្រសួងសុខាភិបាល វេជ្ជបណ្ឌិត តែ គុយស៊ាង ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនោះក្រសួងនៅមិនទាន់ដាក់ចេញនូវចំណាត់ការណាមួយ ទៅលើជនដែលប្រព្រឹត្តដូចការសង្កេតឃើញរបស់ខ្លួននៅឡើយទេ។ នេះគ្រាន់តែជាសំណើផ្សព្វផ្សាយដោយយោងតាមសារាចរណែនាំរបស់ក្រសួង សុខាភិបាល ចុះកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅតែប៉ុណ្ណោះ៕