ខេត្តព្រះសីហនុ ៖ ស្ថានីយ៍ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន LHR មួយកន្លែង ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ដែលមានអ្នកគ្រប់គ្រងឈ្មោះអ៊ុន កែវ ត្រូវមន្ត្រីជំនាញមាត្រសាស្ត្រនៃមន្ទីឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ រកឃើញថា កំពុង កិបកេងចំនួនលីត្រ ស្មើនឹង០១% (លក់ប្រេងមិនគ្រប់លីត្រ) បន្ទាប់ពីក្រុមការងារជំនាញបានចុះធ្វើរង្វាស់រង្វាល់ កាលពីព្រឹកថ្ងៃទី២៥ កក្កដា ២០១៦ នេះ ។
លោកសោម សាវ៉ាត អនុប្រធានមន្ទីឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ ទទួលបន្ទុកមាត្រសាស្ត្រ បានគូសបញ្ចាក់ថា ដោយមានការណែនាំ ក៏ដូចជាបទបញ្ជាពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកប្រាក់ ប្រាកដ មន្ត្រីជំនាញថ្នាក់ខេត្តដឹកនាំដោយរូបលោកផ្ទាល់ បានចុះធ្វើរង្វាស់រង្វាល់នៅគ្រប់ស្ថានីយប្រេងក្នុងខេត្តព្រះសីហ នុ ដោយទទួលបានលទ្ធផលល្អ ព្រោះស្ថានីយប្រេងទាំងនោះ ពុំមានការកិបកេងលក់ប្រេងមិនគ្រប់លីត្រ ទៅឱ្យអតិថិជននោះទេ ទើបតែនៅព្រឹកថ្ងៃទី២៥ កក្កដា ២០១៦ លោកបានចុះធ្វើរង្វាស់រង្វាល់តាមស្ថានីយប្រេងក្រុមហ៊ុនLHR ចំនួន២ ហើយបានរកឃើញស្ថានីយប្រេង១ បាននិងកំពុងលក់ប្រេងមិនគ្រប់លីត្រ ទៅឱ្យអតិថិជន ដោយស៊ីស្មើនឹង១% នៃចំនួនលីត្រ ឯស្ថានីយប្រេងមួយទៀត គឺត្រឹមត្រូវ ។
លោកបន្តថា ចំពោះស្ថានីយដែលលក់ប្រេងមិនគ្រប់លីត្រនេះ ខាងមន្ទីរទុកឱកាសលើកទី១ រយៈពេលមួយខែ ដើម្បីកែសម្រួលកុង
ទ័រប្រេងឡើងវិញ បើថ្ងៃក្រោយនៅតែមិនមានការកែប្រែ ក្រុមហ៊ុននឹងទទួលការផាកពិន័យទៅតាមផ្លូវច្បាប់ ។
ដោយឡែក លោកអ៊ុន កែវ ជាអ្នកគ្រប់គ្រងស្ថានីយប្រេងនៅទីតាំងខាងលើបានអះអាងថា ចំពោះបញ្ហាចំនួនប្រេងខ្វះលីត្រនេះ លោកពុំបានដឹងនោះទេ លោកធ្វើអ្វីទៅតាមក្រុមហ៊ុន កំណត់ឱ្យតែប៉ុណ្ណោះ ព្រោះក្រុមហ៊ុនមានរង្វាស់រង្វាល់ឱ្យលោកធ្វើការផ្ទៀងផ្ទាត់ រាល់ថ្ងៃ លោកពុំដឹងថា ចំនួនលីត្រខ្វះដូចនេះទេ ។
ទាក់ទិនទៅនឹងប្រេងខ្វះលីត្រនេះ ប្រជាពលរដ្ឋក្រុងព្រះសីហនុបានដឹងរឿងរ៉ាវខ្លះៗបាននិយាយតៗគ្នា ស្នើទៅដល់អ្នកគ្រប់គ្រងទូទៅ ក៏ដូចជាម្ចាស់ក្រុមហ៊ុនប្រេង LHR សូមមេត្តាជួយពិនិត្យទៅលើអ្នកគ្រប់គ្រងស្ថានីយនីមួយៗផង បើគ្រប់ស្ថានីយធ្វើតែបែបនេះ ក្រុមហ៊ុនពិតជាបាត់បង់កិត្តិយស និងអតិថិជនជាក់ជាពុំខាន។