ខេត្តស្វាយរៀង ៖ មានប្រជាពលរដ្ឋ២២នាក់តំណាងឲ្យប្រជាពលរដ្ឋ៧១គ្រួសារ រស់នៅភូមិសំឡីខាងជើងឃុំសំឡី ស្រុកកំពង់រោទិ៍ បាននាំគ្នាអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌។ ដោយចោទប្រកាន់ថា ក្រុមហ៊ុនGMC និងEBC បានឆបោកយកប្រាក់ប្រជាពលរដ្ឋអស់ចំនួន ៣៨០,៥០០ដុល្លារ ដោយយកឈ្មោះសម្តេចមកអះអាងថា "សម្តេចហ៊ុនសែនផ្តល់អាជ្ញាបណ្ណ" ហើយសន្យាឲ្យការប្រាក់៩ភាគរយក្នុងមួយខែ រយៈពេល១៨ខែ ក្រុមហ៊ុនសងទាំងដើមទាំងការ។ ពេលប្រមូលប្រាក់បានច្រើន ប្រាប់ថាក្ស័យធន លែងទទួលខុសត្រូវ ហើយពួកគាត់មកប្តឹងសមត្ថកិច្ចតែគ្មានដំណោះស្រាយ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ កក្កដា២០១៦ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីសុំឲ្យអ្នកសាព័ត៌មានជួយផ្សព្វផ្សាយ។ បើតាមប្រជាពលរដ្ឋរងគ្រោះឈ្មោះ ប្រាជ្ញ ពឿន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ តំណាងឲ្យប្រជាពលរដ្ឋ៧១គ្រួសារបានឲ្យដឹងថា ក្រុមជនដែលឆបោកនោះ ទី១-ឈ្មោះ ជា សំអាន ភេទប្រុស អាយុ៣១ឆ្នាំ ជាមេក្លោងប្រធានក្រុមហ៊ុន GMC មានទីលំនៅភូមិយកបាត សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ អាំ សុខេន ភេទប្រុសអាយុ២៧ឆ្នាំ ។ ទី៣-ឈ្មោះ ឡេង សំអុល ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៤-ឈ្មោះ យ៉ាន សារ៉ូន ភេទប្រុសអាយុ២៥ឆ្នាំ។ ទី៥-ឈ្មោះ ប៉ាន់ រិទ្ធិណា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៤នាក់នេះ មានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី បច្ចុប្បន្នគេចទៅនៅរាជធានីភ្នំពេញជាបុគ្គលិក។
ជនរងគ្រោះបន្តទៀតថា ជនទាំង៥នាក់ខាងលើ និងឪពុកម្តាយបានមកផ្សព្វផ្សាយថា ពួកគេមានមេឈ្មោះជាសំអានជាប្រធានក្រុមហ៊ុន EBC ក្រុមហ៊ុន EBC បានទទួលអាជ្ញាប័នពីសម្តេចហ៊ុនសែន និងសម្តេច ស ខេង អនុញ្ញាតិឲ្យរកស៊ីចងការប្រាក់ពីប្រជាពលរដ្ឋដោយឲ្យការប្រាក់ខ្ពស់ គឺ៩%ក្នុងមួយខែរយៈពេល១៨ខែសងទាំងដើមទាំងការវិញ។ រីឯជនរងគ្រោះឈ្មោះ ទុំ សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិសំឡីខាងជើងដែរ បានឲ្យដឹងថា នៅក្នុងអំឡុងខែសីហា ២០១៥ មានឈ្មោះ អ៊ុក រ៉ុន ជាឪពុករបស់ឈ្មោះ យ៉ាន សារ៉ូន បានមកអូសទាញឲ្យប្រជាពលរដ្ឋចងកាប្រាក់ដោយសន្យាឲ្យការប្រាក់ ខ្ពស់ ក្រុមហ៊ុន EBC ឲ្យការប្រាក់៩ភាគរយក្នុងមួយខែ រយៈពេល១៨ខែសងដើមវិញ។
លុះឲ្យការបាន២ខែគឺខែតុលា ២០១៥ ប្រាប់ថាក្រុមហ៊ុន EBC ក្ស័យធនតែ មានមេថ្មីមកសាងគឺក្រុមហ៊ុន GMC ធានាសងប្រាក់ និងបង់ការជំនួសហើយបានដំឡើងការប្រាក់ឲ្យ១០ភាគរយក្នុងមួយខែ រយៈពេល១៨ខែសងទាំងដើមទាំងការ។ ហើយបានសន្យាទៀតថា នៅពេលធ្វើបុណ្យសពសម្តេច ជា ស៊ីម រួចមេធំ និងមកបើកធនាគារនៅក្រុងស្វាយរៀងងាយស្រួលហើយ ទើបប្រជាពលរដ្ឋមានជំនឿដោយមានថ្នាក់ដឹកនាំកំពូលឲ្យអាជ្ញាប័ន និងមានលោកមេឃុំចូលរួមផង។ ប្រភពដដែលបន្តទៀតថា លុះដល់ខែធ្នូ ២០១៥ ប្រាប់ថាក្ស័យធន មេវេរលុយមិនទាន់គ្មានលុយ។ រហូតដល់ថ្ងៃទី២៤មករា ២០១៦ ប្រជាពលរដ្ឋនាំគ្នាប្តឹងទៅលោកមេឃុំសំឡីឲ្យជួយដោះស្រាយតែគ្មាន ដំណោះស្រាយ។
ប្រជាពលរដ្ឋក៏ប្តឹងមកលោកស្នងការដ្ឋាននគបាលខេត្តឲ្យជួយ ដោះស្រាយរហូតដល់ថ្ងៃទី១៣ មិថុនា២០១៦ លោកវរៈសេនីយ៍ទោ កឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគបាលខេត្តបាន សម្រុះសម្រួល ជនសង្ស័យ និងឪពុកម្តាយជនឆបោកបានធ្វើកិច្ចសន្យានៅមុខសមត្ថកិច្ច ទទួលស្គាល់ និងយល់ព្រមសងប្រាក់ប្រជាពលរដ្ឋម្នាក់ៗចំនួន៣០ភាគរយនៃប្រាក់ដើម ក្នុងមួយឆ្នាំ ប្រជាពលរដ្ឋក៏បានយល់ព្រមដោយជនឆបោក និងឪពុកម្តាយបានសន្យាសងនៅថ្ងៃទី១៣ កក្កដា ២០១៦ លុះដល់ថ្ងៃកំណត់ប្រជាពលរដ្ឋទទួលប្រាក់បែរជាក្រុមឆបោកមិនចូលខ្លួន យកប្រាក់មកសងតាមកិច្ចសន្យា ស្រាប់តែមន្ត្រីនគរបាលម្នាក់ប្រាប់ថា ភាគីម្ខាង(ជនឆបោក)មិនបានមកទេគេសុំពន្យាពេល តែគ្មានកាលកំណត់ឡើយ ទើបពួកគាត់អស់ជុំនឿលើសមត្ថកិច្ចទើបសម្រេចចិត្តនាំគ្នាមកក្រុង ស្វាយរៀងសុំឲ្យអ្នកសារព័ត៌មានចុះផ្សាយអំពាវនាវសុំឲ្យសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌។
ដោយប្រជាពរដ្ឋក្រីក្រហើយបានយកប្លង់ដីប្លង់ផ្ទះទៅដាក់បញ្ចាំ នៅធនាគារយកប្រាក់មកចងការប្រាក់ឲ្យក្រុមហ៊ុនខាងលើនេះ។ ហើយពួកគាត់គ្មានប្រាក់បង់ឲ្យធនាគារទេ ដូច្នេះប្រជាពលរដ្ឋកំពុងប្រឈមការរឹបអុសដី និងផ្ទះសម្បែងពីធនាគារ សូមសម្តេចមេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋបានប្រាក់មកបង់ធនាគារយកដី និងផ្ទះបានបង្កបង្កើនផល និងរស់នៅផង។ ទាក់ទិនករណីខាងលើនេះមិនអាចរកការបំភ្លឺពីចុងចោទបានទេហើយ សមត្ថកិច្ចនគបាលក៏មិនអាចសុំការបំភ្លឺបានដែរ៕