ភ្នំពេញៈ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«កម្មវិធីWindows និង Java »នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានមានប្រសាសន៍ថា សិក្ខាកាមដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលសរុបទាំងអស់មានចំនួន៦៧ មកពីមន្ទីរព័ត៌មានទាំង២៥រាជធានី.ខេត្តនិងអគ្គនាយកដ្ឋានទាំង៥ចំណុះឲ្យទីស្តីការក្រសួងព័ត៌មានដែលមានគ្រូបង្គោលជាជនជាតិកូរ៉េចំនួន៤រូប។
នាឪកាសនោះឯកឧត្តមខៀវ កាញារីទ្ធបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលគឺវាមានសារៈសំខាន់ណាស់ពីព្រោះថាការចេះ Javaវាធ្វើឲ្យការចេះបច្ចេកវិទ្យាយើងឲ្យកាន់តែងាយស្រួលហើយកាន់តែលឿននិងកាន់តែរហ័ស។
ក្រៅពីការថ្លែងអំណរគុណដល់កូរ៉េដែលបានបើកវគ្គបណ្តុះបណ្តាលនេះឡើងឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះពេលចប់ហើយត្រូវស្រាវជ្រាវបន្ថែមទៀតដោយខ្លួនឯងទៀត ពីព្រោះថាការចេះJavaនេះវាសំខាន់ណាស់មិនត្រូវយកទុកចោលនោះទេ ដើម្បីឲ្យផ្នែកសោតទស្សន៍ដើរទៅមុខគឺចាំបាច់ណាស់ត្រូវចេះJavaឲ្យស្ទាត់ជំនាញ។
ទាក់ទងនឹងការចោទសួរថាហេតុអ្វីមិនឲ្យថតឬបញ្ជាំងពីឃាតកម្ម ឧក្រិដ្ឋកម្ម ឬ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានលោកខៀវ កាញារីទ្ធបកស្រាយថា «មិនមែនយើងមិនឲ្យថតឬផ្សាយនោះទេ ប៉ុន្តែយើងត្រូវមានសីលធម៌ក្នុងការផ្សាយយើងមិនអាចថតផ្សាយឃាតកម្មមួយដែលមានដាក់រូបខ្មោចច្រងេងច្រងាងនៅស្រុកគេ គេប្តឹងងាប់។ស្រុកគេ គេមិនដែលដាក់រូបអ្នកស្លាប់ទេ គេដាក់រូបកាលនៅរស់ឬរូបអ្នកនៅរស់ ហើយគេមិនថតពេលស្លាប់នោះទេ នេះហើយជាការងារសំខាន់ដែលយើងត្រូវចូលរួមធ្វើទាំងអស់គ្នា»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បញ្ហាមួយទៀតនោះគឺវាទាក់ទងនិងកិត្តិយសរបស់អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដាច់ក្បាល ឬដាច់ខ្លួនជាពីរពេលដែលថតដាក់ផ្សាយវាអាក្រក់មែនទែន យើងគិតខ្លួនឯងមើល បើយើងស្លាប់ទៅ គេថតដាក់រូបអីចឹងកិត្តិយសវាទៅជាយ៉ាងណា អីចឹងយើងសុំកុំឲ្យដាក់រូប ដើម្បីរក្សាកិត្តិយសអ្នកស្លាប់។
ឯកឧត្តមបានបញ្ជាក់ថា នៅស្រុកគេសូម្បីតែកន្លែងឃាតកម្ម ឬកន្លែងផ្សេងទៀតដែលមានមនុស្សស្លាប់គឺគេហាមមិនឲ្យថតតែម្តងក្នុងករណីអ្នកកាសែតណាថតបានគេប្រមូលយក ហ្វីលឬMemoryលប់ចោលឲ្យអស់ទើបប្រគល់ឲ្យវិញ ព្រោះថាកន្លែងឃាតកម្មទោះបីខ្មោចក៏គេរក្សាទុកសិនពេលដែលគេចាប់បានអ្នកណាម្នាក់ដែលគេសង្ស័យជាឃាតករ គេសួរសិន កន្លែងនោះមានអ្វីខ្លះ មនុស្សស្លាប់បែរទៅខាងណា អ្នកស្លាប់បាញ់ត្រូវកន្លែងណាខ្លះ ..។ល។ ដើម្បីឲ្យមនុស្សដែលគេចាប់បាននោះធ្វើត្រាប់ឡើងវិញឈានទៅរកចាប់ឃាតករពិតប្រាកដព្រោះថាមនុស្សខ្លះអាចជាឃាតករក្លែងក្លាយប្រសិនបើធ្វើត្រាប់ខុសពីអ្វីដែលគេបានសន្និដ្ឋានព្រោះថាអ្នកខ្លះអាចត្រូវបានគេជួលមកសារភាព។ ដោយឡែកកម្ពុជាគឺថតបានតាមចិត្តចង់។
ឯកឧត្តមខៀវ កាញារីទ្ធ បានលើកឡើងថាកម្ពុជាយើងត្រូវបានគេសរសើរអំពីសេរីភាពនៃសារព័ត៌មាន ប៉ុន្តែប្រទេសមួយចំនួនគេបានវាយតម្លៃយើងពីរឿងគុណធម៌និងសីលធម៌របស់កាសែតយើងទៅវិញ។ និយាយរួមអ្នកសារព័ត៌មានកម្ពុជាយើងមានវិជ្ជាជីវៈហើយ ប៉ុន្តែបច្ចុប្បន្នមានពេលខ្លះដោយសារយើងដណ្តើមម៉ូយឬអតិថិជនគ្នាដូច្នេះហើយខិតខំរករូបឬអ្វីដែលជាការកន្ត្រាក់អារម្មណ៍ដើម្បីឲ្យគេមើលដែលនេះជាការដេញតាមទីផ្សារធ្វើឲ្យអ្នកកាសែតយើងខ្លះទុកក្រមសីលធម៌ទៅមួយចំហៀង ដូច្នេះសំខាន់គឺចង់ឲ្យអ្នកសារព័ត៌មានគឺយល់ពីសារៈសំខាន់នៃក្រមសីលធម៌ពីព្រោះថាក្រមសីលធម៌នេះហើយដែលធ្វើឲ្យលក្ខខណ្ឌិកៈសង្គមអ្នកសារព័ត៌មានយើងមានតម្លៃកាលណាយើងចោលក្រមសីលធម៌ហើយគឺអ្នកកាសែតបាត់បង់តម្លៃរបស់ខ្លួនផ្ទាល់៕