ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេតូច ចាប់ពីខាងក្រោយសាលាស្រុកពាមរក៍រហូតដល់កំពង់ដ ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងជួបប្រទះបញ្ហមួយដែលបណ្តាលមកពីផ្លូវមួយខ្សែមានប្រវែង ៧គីឡូម៉ែត្រកំពុងមានសភាពរអិលខ្លាំងនៅពេលមានភ្លៀងធ្លាក់មកម្តងៗ ពិបាកក្នុងការធ្វើដំណើរទៅមកជាខ្លាំង ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ និងកម្មករកម្មការនីរោងចក្រក្នុងពេលធ្វើដំណើរទៅបំពេញការងារជា រៀងរាល់ថ្ងៃ ។
ប្រភពបានបញ្ជាក់ថា នៅពេលពួកគាត់ចេញទៅបំពេញការងារ ក៏ដូចជាត្រឡប់មកផ្ទះវិញ ពិតជាពិបាកណាស់ ហើយនៅពេលទៅធ្វើការងារម្ដងៗមិនទាន់ពេលវេលាធ្វើការ ក៏ត្រូវមេក្រុមស្តីបន្តោស រួមទាំងថៅកែរកាត់ប្រាក់ម៉ោងជាដើម ។ បញ្ហាទុក្ខលំបាកទាំងអស់នេះហើយ ធ្វើឱ្យពួកគាត់មានអារម្មណ៍រសាប់រសល់ និងចង់ប្រាប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមលោកបានជ្រាប ជាពិសេសពួកគាត់សំណូមពរដល់លោក ភិន សម្ភស្ស អភិបាលស្រុកពាមរក៍ សូមជួយជួសជុលផ្លូវមួយខ្សែនេះផង ដែលមានប្រវែងត្រឹមតែ៧គីឡូម៉ែត្រប៉ុណ្ណោះ ទោះជាចាក់ដីខ្សាច់ភ្នំ ឫ ដីគ្រោះក្រហម ក៏បានដែរ ឱ្យតែប្រសើជាងរាល់ថ្ងៃ ព្រោះសភាពផ្លូវបច្ចុប្បន្នគឺពិតជាមានការលំបាកខ្លាំងណាស់ ដើម្បីឱ្យគាត់ងាយស្រួលប្រកបមុខរបរលក់ដូរកស៊ីចិញ្ចឹមជិវិតប្រចាំ ថ្ងៃ ព្រោះចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០១៦ នេះគឺមានការធ្វើផ្លូវ និងជួសជុលតែម្តងគត់ និងមិនដែលមានអាជ្ញាធរណាស់អើពើពីសុខទុក្ខ និងការលំបាករបស់ពួកគាត់ដែលកំពុងរស់នៅទីនោះឡើយ ។
ឆ្លើយតបនឹងការស្នើសុំយ៉ាងទទូចពីប្រជាពលរដ្ឋនៅស្រុកពាមរក៍ លោក ភុន សម្ភស្ស អភិបាលស្រុកពាមរក៍ បានបំភ្លឺប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះយើងមិនអាចបំពេញតាមការសំណូមពររបស់ប្រជាពលរដ្ឋឱ្យ ជួយធ្វើផ្លូវបានទេ សូមបងប្អូនទ្រាំមួយរយៈសិនទៅ ព្រោះរាជរដ្ឋាភិបាលបានកំពុងបើកការដ្ឋានធ្វើស្ពានពីសាលាស្រុកពាមរ ក៍កាត់ដងទន្លេតូច ឆ្លងទៅឃុំពាមមានជ័យរយៈពេល២ឆ្នាំទៀតបានក៏សាងរួចរាល់ ពេលនោះរថយន្តអាចបើកឆ្លងកាត់ទៅមកបាន ហើយស្រុកមានគម្រោងធ្វើផ្លូវមួយខ្សែថ្មីបន្ថែមទៀត គឺនៅខាងក្រោយផ្ទះប្រជាពលរដ្ឋតែម្តងដើម្បីបង្កើនលើកកម្ពស់ សេដ្ឋកិច្ចជូនពលរដ្ឋនៅឃុំពាមមានជ័យនេះផ្ទាល់តែម្តង ចំពោះផ្លូវចាស់មួយខ្សែនៅតាមមុខផ្ទះពលរដ្ឋ យើងមិនអាចធ្វើពង្រីកបាន ព្រោះវាជាប់នឹងច្រាំងទន្លេពេក ណាមួយដីបានបាក់ស្រុតចូលទន្លេជារៀងរាល់ឆ្នាំ ៕