ភ្នំពេញ ៖បើទោះបីជាក្នុងឃាតកម្មលើរូបលោកកែម ឡី ជនដៃដល់ត្រូវបានចាប់ខ្លួនហើយក្ដី ក៏គេហាក់សង្កេតឃើញថា មហាជន និងអ្នកនយោបាយមួយចំនួនហាក់នៅមិនទាន់អស់ចិត្ត និងបានបញ្ចេញមតិផ្សេងៗគ្នាជុំវិញនណានៅពីក្រោមឃាតកម្មនេះ?
មានការមតិចម្រុះទៅតាមនិន្នាការនយោបាយរបស់អ្នកវិភាគ តែសមហេតុផលដូចជាមន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដាក់ការសង្ស័យរបស់ខ្លួនពាក់ព័ន្ធករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី ថា អ្នកនៅពីក្រោយខ្នងឃាតកម្មនេះគឺជាភ្នាក់ងារបរទេស ដែលបានជួលនិងឧបត្ថម្ភលុយឱ្យគាត់ធ្វើជាភ្នាក់ងាររបស់គេ។
ការលើកឡើងរបស់មន្ដ្រីគណបក្សកាន់អំណាចនេះ គឺតាមរយៈបទសម្ភាសន៍ជាមួយ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
លោកឈឹម ផលវរុណ ៖ លោកបណ្ឌិតនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបានលើកឡើង ថា“...ការរកមុខឃាតករដៃដល់គឺយើងកំពុងចាប់ខ្លួនជនសង្ស័យម្នាក់ ឯការរកអ្នកដែលរៀបចំសេណារិយោនៅពីក្រោយ គឺយើងកំពុងតាមដាន...ខ្ញុំយល់ឃើញថាគ្មាននរណាក្រៅពីបរទេសដែល ជួលលោក កែម ឡី ឱ្យធ្វើជាភ្នាក់ងារបរទេសនិងឧបត្ថម្ភលុយទេ...”។
ទន្ទឹមនឹងការលើកឡើងបែបនេះ លោកឈឹម ផលវរុណ ក៏បានបញ្ជាក់ហេតុផលថា “លោកកែម ឡីកាលណាដែលទទួលលុយបរទេស ប្រទេសណាក៏គេចាត់ទុកថាជាភ្នាក់ងារបរទេស។ អញ្ចឹង ដែលខ្ញុំមានការមន្ទិលនៅពេលដែលលោកកែម ឡី មានគម្រោងចង់ជួបសម្ដេចនាយករដ្ឋមន្ដ្រីហើយសម្ដេចនាយករដ្ឋមន្ដ្រីក៏ បានយល់ព្រម...តែកាលបរិច្ឆេទនឹងត្រូវបានកំណត់នៅពេលដែលសម្ដេច នាយកអញ្ជើញត្រឡប់មកពី...ប្រទេសរុស្ស៊ីវិញ ប៉ុន្តែជាអកុសល វាកើតមាន ជាការទប់ស្កាប់មុនការជួប”។
លោកបានបន្ដថា “ចំណុចនេ៎ះ ដែលយើងឆ្ងល់...ប្រសិនបើលោកកែម ឡី មិនបានឱ្យអ្នកណាដឹងទេ វាមិនអីទេ...ប៉ុន្តែគម្រោងនៃការជួបហ្នឹង ប្រាកដជាលោកកែម ឡី មានឱ្យអ្នកជិតដិតហ្នឹងដឹង ហើយការបែកធ្លាយគម្រោងនៃការជួបហ្នឹងវាអាចធ្វើឱ្យបរទេស ដែលជាអ្នកនៅពីក្រោយខ្នងដឹង...គេមិនសប្បាយចិត្តទេ...បរទេសមួយ ចំនួនក៏បដិបក្ខ នឹងសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន...តាមធម្មតាកាលណាគេគិតថា លោកកែម ឡីកាលណាបានទៅជួបសម្ដេច គេនឹងគិតថា លោកកែម ឡីនឹងទៅធ្វើការជូនរាជរដ្ឋាភិបាលវិញ លែងធ្វើជាភ្នាក់ងារបរទេស បម្រើនយោបាយបរទេស...លែងធ្វើជាភ្នាក់ងារបរទេសប្រឆាំងរដ្ឋាភិបាល... នេ៎ះ ដែលខ្ញុំមន្ទិលនៅត្រង់ហ្នឹង”។
មន្ដ្រីនាំពាក្យ រូបនេះ បានបន្ដថា ជាទូទៅរឿងបញ្ហាឃាតកម្មនេះ គឺជាឃាតកម្មដែលគេទប់ស្កាប់មិនឱ្យមនុស្សរបស់គេឬមនុស្សដែលគេ បានទាញយកទៅខាងគេហើយ កុំឱ្យរបូតពីដៃ។
លោកបាន បញ្ជាក់បន្ថែមទៀតថា “លោកកែម ឡី ពុំមែនជាសមាជិកគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែលោកកែម ឡីជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅពេលដែលលោកកែម ឡី រួមទាំងក្រុមរបស់គាត់ មានការខកចិត្តនឹងរបៀបដឹកនាំលោកសម រង្ស៊ី, លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត២០១៣...លោកកែម ឡី និងក្រុមរបស់គាត់បានប្រកាសទៅបង្កើតគណបក្សថ្មីមួយទៀត ដែលឥឡូវហ្នឹង មានឈ្មោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន...ចំណុចនេះហើយដែលយើងឃើញថា នៅឆ្នាំ២០១៤-២០១៥ នៅពេលដែលលោកកែម ឡីនិងក្រុមរបស់គាត់ខ្នះខ្នែងរៀបចំបង្កើតគណបក្សថ្មី...យើងឃើញថា លោកសម រង្ស៊ី លោកកឹម សុខា និងមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺវាយប្រហារលោកកែម ឡីយ៉ាងខ្លាំងដែលយើងមិននឹងស្មានដល់..ហើយចំណុចនេះហើយ ដែលយើងត្រូវឆ្ងល់ថានៅពេលថ្មីបានប្រកាសបង្កើតស្រាប់តែយើងអត់ ឃើញឈ្មោះលោកកែម ឡី នៅក្នុងរចនាសម្ព័ន្ធគណបក្សប្រជាធិបតេយ្យមូលដ្ឋាន...ចឹងយើងឆ្ងល់ថា ហេតុអីដែលគាត់ជាបុគ្គលម្នាក់ ដែលស្រួចស្រាវក្នុងការបណ្ដុះពន្យល់ដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុង ការបង្កើតគណបក្សហើយនៅពេលដលគាត់អត់មានឈ្មោះ រចនាសម្ព័ន្ធនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្រាប់តែក្នុងរយៈពេល៦ខែចុងក្រោយមុននឹងគាត់ស្លាប់យើងឃើញថា លោកកែម ឡី លេចធ្លោជាងវាគ្មិនឯករាជ្យដទៃទៀត គឺនៅក្នុងវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ដែលនិយាយភាសាខ្មែរ...ហើយ លោកកែម ឡី ក៏លេចធ្លោនៅក្នុងវេទិការរបស់អង្គការNGOដែលទទួលលុយបរទេស...តាម ធម្មតាNGOដែលអញ្ជើញវាគ្មិនតំណាង គេមិនដែលអញ្ជើញបុគ្គលទេ ដែលលោកកែម ឡី មិនមែនជាអ្នកតំណាងឱ្យអង្គការឱ្យគណបក្សណាទេ...ចុះហេតុអ្វី បានជាអង្គការទាំងនោះដែលទទួលលុយបរទេស ហាក់ដូចជាចាត់ទុកលោកកែម ឡី ជាមនុស្សមួយ ដែលយើងហៅថាជាចលករនៃការផ្លាស់ប្ដូរ...ដែលជាចម្ងល់...”។
លោកឈឹម ផលវរុណ បានបន្ដថា “...ដល់ចុងក្រោយ មុនអកុសល លោកកែម ឡីទទួលលុយធ្វើគម្រោងមួយដែលគេដាក់ឈ្មោះខ្លួនគេថា១០០រាត្រី ទៅចុះមូលដ្ឋាន...ហើយលោកកែម ឡីទៅយកលុយខ្លួនឯងទៅចុះមូលដ្ឋានម៉េចកើត...ចឹងគាត់ត្រូវតែទទួល លុយ ពីបរទេសទៅធ្វើ អាគម្រោង១០០រាត្រីនេ៎ះ...ពេលហ្នឹងលោកកែម ឡី ប្រហែលជាភ្ញាក់ខ្លួន ដឹងថាគាត់ធ្លាក់នៅក្នុងអន្លុងបរទេស ឬថាគាត់ភ្ញាក់ខ្លួនទៅការនយោបាយបរទេស ត្រង់ហ្នឹងហើយ បានជាលោកកែម ឡីខ្នះខ្នែងទាក់ទងសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន...”។
លោកបានបញ្ជាក់ជាចុងក្រោយថា ដោយសារតែការស្លាប់របស់លោកបណ្ឌិតកែម ឡី បន្សល់នូវភាពមន្ទិលបែបនេះហើយ ទើបលោកដាក់ការសង្ស័យដូចខាងលើ។ ប៉ុន្តែយ៉ាងណានោះ មន្ដ្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា ហេតុផលរបស់លោកទាំងនេះ គឺគ្រាន់តែជាការដាក់ការមន្ទិលសង្ស័យតែប៉ុណ្ណោះ ពុំមែនជាការចោទប្រកាន់ខាងណានោះឡើយ។
-សួន សេរីរដ្ឋា ៖ ប្រធានគណបក្សអំណាចខ្មែររូបនេះបានយល់ថា “ឃាតកម្មលើលោក កែម ឡី វាមិនមែនជាទង្វើរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏វាមិនមែនជាទង្វើរបស់គណបក្សសង្គ្រោះជាតិដែរ តែវាជា ផែនការសម្លាប់របស់ពួកយួនដែលកំពុងគ្រប់គ្រងអំណាច និងដាក់ អាណានិគម ស្រមោលលើទឹកដីខ្មែរ។
លោកថាទោះបីជាក្រុម អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ភាគច្រើនទម្លាក់ការចោទប្រកាន់ទៅលើ បក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចថាជាអ្នករៀបចំផែនការសម្លាប់ លោក កែម ឡី ហើយម្ខាងទៀតក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា កំពុងបង្វែរវាយបកចោទប្រកាន់ ទៅខាងគណបក្សសង្គ្រោះជាតិ វិញថាជាអ្នកនៅពីក្រោយខ្នង នៃអំពើរឃាតកម្មលើលោក កែម ឡី ក៏ដោយ តែសម្រាប់ខ្ញុំ គឺនៅតែមើលឃើញខុសពីពួកគេ ។ ខ្ញុំមើលឃើញថា ឃាតកម្មលើលោក កែម ឡី មានមូលហេតុនិងអ្នកនៅពីក្រោយខ្នង ខុសពីអំពើឃាតកម្មនយោបាយ លើអ្នកនយោបាយ និងសកម្មជនសង្គមមុនៗ។ហើយខ្ញុំហ៊ាននិយាយដោយឥតខ្លាចរអារថា គឺក្រុមពួកយួន ឈ្លានពាន ដែលកំពុងរស់នៅនិងរកស៊ីក្នុងប្រទេសខ្មែរជាអ្នករៀបចំផែនការសម្លាប់ លោក កែម ឡី ។
លោក កែម ឡី ជាអ្នកនិយាយកិច្ចការនយោបាយតែម្នាក់គាត់ដែលហ៊ានធ្វើការស្រាវជ្រាវ និងនិយាយចំៗពីបញ្ហាយួនដែលកំពុងដាក់ការឈ្លានពានបែបថ្មី ដើម្បីគ្រប់គ្រងប្រទេសខ្មែរ ក្នុងពេលដែលក្រុមអ្នកតាំងខ្លួនជាអ្នកវិភាគនយោបាយខ្លះសូម្បីតែហៅ យួន ថាជាយួន មិនហ៊ានផង កុំថាឡើយដល់ទៅនិយាយពីអាណានិគមយួន និងអំពើឈ្លានពានរបស់យួន លើទឹកដីខ្មែរ ។ តែលោក កែម ឡី បានលើកពីបញ្ហា យួនបំផ្លាញឆ្នាំងបាយខ្មែរ បានគូសបង្ហាញអំពីផែនទីដីសម្បទាន ដែលយួនកំពុងកាន់កាប់នៅស្រុកខ្មែរ និងបានដឹកនាំពន្យល់យុវជនខ្មែរ ឲ្យមើលឃើញពី រូបភាពអាណានិគមបែបថ្មីដែលយួនកំពុងត្រួតត្រាលើទឹកដីខ្មែរ ។ ថ្មីៗនេះលោក កែម ឡី បានដឹកនាំ យុទ្ធនាការ ១០០ រាត្រី ៦៨ កោះ ដើម្បីសិក្សារាប់ស្ថិតិជនជាតិយួនដែលកំពុងរស់លើដី លើកោះខ្មែរ ដែលបើការស្រាវជ្រាវបានបញ្ចប់ និងចេញផ្សាយនៅពេលណានោះ គឺវានឹងស្រាតបង្ហាញឱ្យអន្តរជាតិឃើញថា យួន មិនបានដកអាណានិគមចេញ ពីទឹកខ្មែរទេ ទោះបីជាយួន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ក្រុងប៉ារីសកាលពីថ្ងៃ ២៣ តុលា ១៩៩១ រួចហើយក៏ដោយ ។
ការសម្លាប់ លោក កែម ឡី វាមិនមែនជារឿងនយោបាយរវាង ខ្មែរនិងខ្មែរទេ តែវាជាកំហឹងរបស់ពួកយួន ឈ្លានពានដែលវាត្រូវតែសម្លាប់ដើម្បីការពារផលប្រយោជន៍នយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ច របស់យួនក្នុងទឹកដីខ្មែរដែលយួនកំពុងគ្រប់គ្រង។ គឺបណ្តាញចារកម្មយួន ដែលទទួលបញ្ជាពីរដ្ឋាភិបាលយួន ដែលជាអ្នករៀបចំ ផែនការសម្លាប់លោក កែម ឡី បំបិទមាត់ និងបំផ្លាញកុំឲ្យបន្តផែនការ ១០០ រាត្រី និង ៦៨ កោះនោះ ធ្វើការស្រាវជ្រាវបានសម្រេច”។
-វិល្លាម គ័ង ៖ម្ចាស់Facebookរូបនេះ បានលើកឡើងថា “ការស្លាប់របស់លោកបណ្ឌិតកែមឡី៧០ភាគរយពិតជាមានពាក់ព័ន្ធនឹងជន ទី៣ (អ្នកជិតខាង)។ខ្ញុំតែងតែសង្កេតឃើញគាត់មានអារម្មណ៍ផ្តោតខ្លាំង ទៅលើហេតុការណ៍១ដែលគ្រប់គ្នា គិតមិនដល់គឺអាណានិគមនិយមបែបថ្មី ព្រោះវាជាមូលហេតុចំបងបំផុតដែលទាមទារឱ្យមនសិកាគាត់រៀបចំបង្កើតន យុទ្ធសាស្ត្រ១០០រាត្រី ដែលជាមូលដ្ឋានបំបែកអាណានិគមនិយម បែបថ្មីនោះ។
កាលពីថ្ងៃ១៤មិថុនាឆ្នាំ២០១៤ក្នុងថ្ងៃរំលឹក ខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ខ្ញុំក៏ជាមនុស្សម្នាក់អង្គុយលើវេទិកាក្នុងនាមជាវាគ្មិនកិត្តិយស ១រូប ដែលមានលោកកែមឡីអញ្ជើញ មកជាអធិបតីភាពផងដែរ គ្រានោះមានបុរសម្នាក់សួរថាតើកម្ពុជានៅក្រោមអាណានិគម របស់យួនដែរឬទេ លោកកែមឡីឆ្លើយយ៉ាងរហ័សថាកម្ពុជាឋិតក្រោមអាណានិគមបែបថ្មីរបស់ យួន គឺការកាន់កាប់១ផ្នែកក្នុងកិច្ចការដ្ឋបាលជាតិ លំហូរចូលនៃអន្តោប្រវេសន៍ខុសច្បាប់ ការមានសិទ្ធចូលរួមបោះឆ្នោតរបស់និគមយួន។
យោងតាមភាសាមួយ ដែលខ្ញុំវាយតម្លៃកាន់តែខ្លាំងថាជនទី៣ ជាអ្នករៀបចំសេណារីយោនេះ គឺជនទី៣បានដឹងច្បាស់រួចហើយថា លោកបណ្ឌិតកែមឡីនឹងមានយុទ្ធនាការអ្វីមួយទប់ទល់នឹងខ្លួន។
-ម្ចាស់Facebookឈ្មោះHout៖ អ្នកលេងFacebookរូបនេះបានលើកហេតុផលថា លោកបណ្ឌិតកែម ឡី តែងតែចូលរួមក្នុងកម្មវិធីដែលមានចរិតវាយប្រហាររិះគន់រដ្ឋាភិបាល កម្ពុជារួមទាំងយុទ្ធនាការបកអាក្រាតអាណានិគមបែបថ្មីរបស់វៀតណាមទៀត
ផង។
Hout បាននិយាយថា ៖ដោយសារមើលឃើញថាលោកកែម ឡីមានប្រជាប្រិយភាពក្នុងចំណោមបញ្ញវន្តនិងអ្នកគាំទ្របក្សសង្គ្រោះ ជាតិ ទើបCIAអាមេរិកសម្លេះមនុស្សមានប្រជាប្រិយភាពរូបនេះដើម្បីអោយមហាជន ទម្លាក់កំហុសលើអាជ្ញាធរ បង្កភាពវឹកវរក្នុងសង្គម ជាពិសេសធ្វើអោយប្រជាប្រិភាពរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ខណៈ ដែលការបោះឆ្នោតឈានជិតចូលមកដល់ រីឯការចោទប្រកាន់ថារដ្ឋអំណាចនៅពីក្រោយឃាតកម្មនេះវាមិនហេតុផលទេ ពីព្រោះរដ្ឋាភិបាលមិនបានផលចំណេញអ្វីទេក្រៅតែពីខូចឈ្មោះ...។
-កញ្ញាធី សុវណ្ណថា ៖ “តាមគម្រោងគ្រួសារសពបណ្ឌិត កែម ឡី ចង់រក្សាទុកសពត្រឹម១០ថ្ងៃ តែបណ្តាញថ្នាក់ដឹកនាំសង្គ្រោះជាតិ បញ្ចុះបញ្ចូល គ្រួសារបណ្ឌិត កែម ឡី ឲ្យរក្សាសព ទុកឱ្យបានយូរ ដើម្បីទទួលបានលុយចូលបុណ្យច្រើន ។ចេតនារបស់ពួកគេ ចង់ទុកសព បណ្ឌិត កែម ឡី រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីចំណេញសន្លឹកឆ្នោតដល់បក្សសង្គ្រោះជាតិ។
ការស្លាប់ បណ្ឌិត កែម ឡី ធ្វើឲ្យរាជរដ្ឋាភិបាលខាតបង់ប្រជាប្រិយភាពយ៉ាងខ្លាំង និងបានធ្វើឱ្យទ្រឹស្តីរិះគន់រាជរដ្ឋាភិបាល របស់បណ្ឌិត កែម ឡី រីកសុះសាយឡើង និងក៏បានលប់បាត់ព្រឹត្តិការណ៍រឿងអាស្រូវផ្លូវភេទលោក កឹម សុខាដែលបានផ្ទុះឡើងជាង៤ខែ ។រឿងឃាតកម្មបណ្ឌិត កែម ឡី បានធ្វើឱ្យកំហឹងមហាជនផ្ទុះឡើង ជេរ និងរិះគន់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ប្រជាប្រិយភាពបក្សសង្គ្រោះជាតិចាប់ផ្តើមកើនឡើងវិញ ។
នាង ខ្ញុំ ធី សុវណ្ណថា សង្ស័យថា លោក សម រង្សី និងលោក កឹម សុខា ជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី”៕ -ប្រភព៖រស្មីកម្ពុជា