កំពត ៖ក្រោយមានការបង្ហោះរូបស្រ្តីកើតមហារីកដោះគ្មានទីពឹងជាមួយកូនទើបកើត២ខែជាមួយម្តាយជរានៅតាមបណ្តាញសង្គមFacebook បានមួយថ្ងៃរួចមក ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រីម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ ជាគ្រឿងបរិភោគ និងថវិការបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម យកទៅប្រគល់ជូនស្ត្រីមេម៉ាយ កើតជម្ងឺមហារីកដោះ ដែលកំពុងមានកូនទើបតែ២ខែតែមិនមានប្តីនៅក្បែរជួយទំនុកបំរុង។
ស្ត្រីរងគ្រោះរូបនេះមានឈ្មោះនួច សុភា ភេទស្រី អាយុ២០ឆ្នាំ និងទារកអាយុ២ខែ ជាមួយជីដូនចាស់ជរា រស់នៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កាលពីម្សិលមិញ លោកបានឃើញព័ត៌មាននេះ ត្រូវគេបង្ហោះតាមបណ្តាញសង្គម Facebook នូវការលំបាក ទើបនៅព្រឹកនេះ លោកបានដឹកនាំ ក្រុមការងារ យកអំណោយជាគ្រឿងបរិភោគ ថវិកាសម្តេចតេជោ ៤០ម៉ឺនរៀល ថវិកាសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត៤០ម៉ឺនរៀល និងថវិកាកាកបាទក្រហមខេត្តចំនួន១០ម៉ឺនរៀលផងដែរ មកប្រគល់ជូនដល់ផ្ទះ។
លោកស្នងការបានបន្ដថា សម្រាប់ស្ត្រីរងគ្រោះរូបនេះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ចែងឱ្យដឹកយកទៅព្យាបាលនមន្ទីរពេទ្យ ហើយក្រុមការរបស់លោក បានយករថយន្តសង្គ្រោះមកដល់ផ្ទះ ដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរសុខយ៉ាខៀល នៅក្បែរជើងភ្នំបូកគោនៅព្រឹកថ្ងៃនេះ៕