កុងត្រូលជជុះ ល្បែងស៊ីសង និង​បទល្មើស​ឆ្លងដែន​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តបាត់ដំបង

28-July-2016 | ដោយ មែន កំសត់

 

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​នៅពេល​ឮ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសើរ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ថា​ជាម​ន្ត្រី​ល្អ ព្រោះ​ជាក់ស្ដែង​ល្បែងស៊ីសង គ្រឿងញៀន កុងត្រូលជជុះ និង​បទល្មើស​ឆ្លងដែន ព្រមទាំង​ជម្លោះដីធ្លី​ក្នុង​ខេត្តបាត់ដំបង កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​តាម​ដងផ្លូវ​ពី​ស្រុក​សំឡូត ទៅ​ស្រុក​បាណន់ មាន​កុងត្រូលជជុះ​ជាង​១០​កន្លែង​ចាំ​ជំរិត​យកលុយ​ពី​អ្នករកស៊ី​ដឹកអុស​ដឹក​ ធ្យូង និង​ដឹក​កសិផល​ផ្សេងៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះក្រសួង គួរពិនិត្យមើល​បញ្ហា​នេះ​ផង​មុនពេល​សរសើរ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ដែលជា​មនុស្ស​អសមត្ថភាព​ថា​ជា​មនុស្ស​ល្អ ព្រោះ​ប្រជាពលរដ្ឋ​អស់សំណើច​យ៉ាងខ្លាំង​។

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ក្រោយពេល​មានការ​ផ្លាស់ប្ដូរ​លោក ប៉ាង ហៀ​ង មក​ធ្វើជា​អធិការនគរបាល​ក្រុង​បាត់ដំបង ជំនួស​លោក យឹម វិចិត្រ ដែល​ត្រូវ​ដកហូត​ពី​តំណែង​នោះ គឺ​ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប្រភព​បាន​ឲ្យ​ដឹងថា ល្បែងភ្នាល់​ទឹកភ្លៀង ល្បែង​កន្ទុយលេខ បញ្ជល់មាន់ និង​ភ្នាល់​បាល់ទាត់​ជាដើម នៅតែ​រាលដាល​ឥតឈប់ឈរ​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ជាងនេះទៅទៀត​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្រុង​ បាត់ដំបង ក៏ដូចជា​តាម​បណ្ដា​ខេត្ត​មួយចំនួន សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​បង្ក្រាប​មិនចេះ​អស់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងៗ​ពី​បញ្ហា​ អសន្តិសុខ​សង្គម​។

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខូចគុណភាព គ្រឿងឧបភោគ​បរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា ត្រី សាច់ជ្រូក សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ជាដើម នៅតែ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ ពុករលួយ​។ ជាងនេះទៅទៀត​សមត្ថកិច្ច​តាម​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន និង​ស្រុក​កំរៀង បាន​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​សៀម ​យ៉ាង​ពេញបន្ទុក​ដដែល​។ ចំណែក​រឿងរ៉ាវ​ជម្លោះដីធ្លី​នៅ​ស្រុក​រតនមណ្ឌល ស្រុក​គាស់ក្រឡ និង​ស្រុក​ប​វេ​ល​ជាដើម នៅតែ​មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ដូច្នេះ​ការលើកសរសើរ​ថា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ជា​មន្ត្រី​ល្អ គឺ​និយាយ​លែងចេញ​តែម្តង​ក្នុងខណៈដែល​ល្បែងស៊ីសង កុងត្រូលជជុះ បទល្មើស​ឆ្លងដែន និង​បទល្មើស​ផ្សេងៗ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តបាត់ដំបង​៕

 

ចំនួនអ្នកទស្សនា

    21219897

  • ថ្ងៃនេះ2741
  • ម្សិលមិញ4901
  • សប្តាហ៍នេះ21051
  • ខែនេះ175261
  • ឆ្នាំនេះ777441
  • សរុប21219897