ខេត្តកណ្តាល ៖ បន្ទាប់ពីលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចុះបើកវេទិការសាធារណៈជាបន្តបន្ទាប់កន្លងមក ហើយបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឲ្យមន្ត្រីជំនាញស្ថាប័នពាក់ពន្ធ័ សហការណ៍គ្នាជាមួយអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងប្រដាប់អាវុធចុះទប់ស្កាត់បង្ក្រាបរាល់សកម្មភាពរបស់ពួក ឈ្មួញដែលដាក់គ្រឿងចក្រគ្មានច្បាប់ទម្លាប់ឈូសឆាយដីបឹងតំបន់ដែន នេសាទ ដែលជាដីសង្គមកិច្ចរបស់រដ្ធ។ ប៉ុន្តែអស់លោកអាជ្ញាធរមន្ត្រីជំនាញសមត្ថកិច្ចមួយចំនួនមិនអនុវត្ត តាមប្រសាសន៍របស់លោកអភិបាលខេត្តទេ បែរជាលួចឃុបឃិតជាប្រពន្ធ័ត្រូវគ្នាជាមួយឈ្មួញដាក់គ្រឿងចក្រជា ច្រើនគ្រឿងគ្មានច្បាប់ទម្លាប់កំពុងធ្វើសកម្មឈូសឆាយជីកបៀ ជីកប្រឡាយពាសពេញផ្ទៃបឹងដែននេសាទ និងក្នុងតំបន់ដែនអភិរក្សយ៉ាងអនាធិបតេយ្យក្នុងទឹកដីស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាសាទ ស្រុកស្អាង ប្រាប់អ្នកយកព័ត៌មានយើងថា មានគ្រឿងចក្រអត់ច្បាប់ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយដី បឹងតំបន់ដែននេសាទ និងតំបន់អភិរក្សយ៉ាងអនាធិបតេយ្យ។ ហើយភ្លាមនោះភ្នាក់ងារយើងក៏បានចុះទៅផ្ទាល់ ថតយករូបភាពជាក់ស្តែងនូវគ្រឿងចក្រទាំងនោះ ដែលកំពុងធ្វើសកម្មភាពនៅចំណុចបឹងអូប៉ៃតំបន់អភិរក្ស ចំនួន២គ្រឿងជារបស់លោក ភ្នង ឆេង ប្រធានសហគមន៍អតីតឡូត៍នេសាទលេខ៥ អាងអំណាចខ្លួន មកជីកប្រឡាយ និងបៀធំដាក់សម្រាស់ពាសពេញផ្ទៃបឹង ដើម្បីប្រមូលយកផលត្រីនារដូវទឹកសម្រកទៅវិញ។
នៅចំណុចបឹងប្រលិចប្រាសាទព្រំប្រទល់ស្រុកស្អាង និងស្រុកលើកដែក តំបន់អតីតឡូត៍នេសាទលេខ៦ដែលបានធ្វើសកម្មភាពយូរណាស់ហើយ ១គ្រឿងជារបស់ឈ្មោះ យូនិងឈ្មោះ ស្នា ចំណែកឯនៅតំបន់បឹងប្រឡាយលេខ១ចំនួន២គ្រឿងមិនស្គាល់ឈ្មោះម្ចាស់ នៅតំបន់បឹងជ្រោយឫស្សីអតីតឡូត៍នេសាទលេខ៤ ចំនួន៤គ្រឿងទៀត ដែលមិនស្គាល់់ឈ្មោះម្ចាស់ដូចគ្នា។ បន្ទាប់ពីអ្នកយកព័ត៌មានថតបានរូបភាពពីសកម្មភាពគ្រឿងចក្រគ្មាន ច្បាប់ទាំងនេះរួច ក៏បានធ្វើបទសម្ភាសជាមួយលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលតាមរយៈលេខទូរសព្ទ័ ហើយលោកបានធ្លើយយ៉ាងខ្លីថាជាប់រវល់ចាំព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា រូបលោកនឹងបញ្ជាឲ្យនាយខណ្ឌរងដឹកនាំកម្លាំងចុះទៅបង្ក្រាប។ លុះនៅរសៀលថ្ងៃទី២៧ កក្កដាគេឃើញមន្ត្រីជលផលមួយក្រុមមានគ្នាប្រហែល៤ទៅ៥នាក់មកមែន ។
ប៉ុន្តែការចុះមករបស់ក្រុមមន្ត្រីជំនាញនេះត្រូវបានប្រជាពលរដ្ឋ រិះគន់ថា មិនមែនមកបង្ក្រាបទេ គឺចុះមកចាប់ដៃខ្សឹបខ្សៀវគ្នាជាមួយលោក ភ្នង ឆេង ដោយគ្រឿងចក្រមិនបានផ្អាកនៅតែបន្តសកម្មភាពជីកដដែល រួចនាំគ្នាឡើងទៅវិញអស់។ ប្រភពនិយាយថាគ្រាន់តែមន្ត្រីជលផលឡើងទៅភ្លាមគេឃើញគ្រឿងចក្រចំនួន ២គ្រឿងផ្សេងទៀត បើកចុះទៅកាយជីកតំបន់បឹងអូប៉ៃដែលគេសង្សយ័ជារបស់លោក ភ្នង ឆេង ដាក់ទៅបន្ថែម។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាសាទនិយាយដូចៗគ្នាថា កាលពីខែប្រាំងពួកគាត់ខ្វះខាតទឹកប្រើប្រាស់ជួលគ្រឿងចក្រមកជីក អណ្តូងបន្តិចបន្តួចនៅជិតផ្ទះដើម្បីយកទឹកប្រើប្រាស់ ត្រូវបានអស់លោកអាជ្ញាឃុំស្រុក មន្ត្រីជលផល និងសហគមន៍នេសាទមករារាំងមិនឲ្យជីកហើយប្រាប់ថាឲ្យសុំច្បាប់ទៅ ស្រុក ខេត្តទើបជីកបាន។
ចំណែកពួកគេអាងខ្លួនមានអំណាចឃុបឃិតគ្នាជាប្រពន្ធ័ដាក់ គ្រឿងចក្រគ្មានច្បាប់ធ្វើសកម្មភាពឈូសឆាយជីកគាស់ព័ទ្ធយកដីបឹង បែបអនាធិបតេយ្យទាំងថ្ងៃទាំងយប់ផ្ទុយពីអនុសាសន៍របស់បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តដែលបានលើកឡើងនៅក្នុងវេទិការសាធារណៈនាពេលកន្លងមក។ ប្រជាពលរដ្ឋឃុំប្រាសាទបានបន្តទៀតថាពាក់ពន្ធ័ទៅនឹងបទល្មើសផ្សេង ៗដូចជា បទល្មើសជលផល បទល្មើសដាក់គ្រឿងចក្រឈូសឆាយ កាប់ឆ្ការ ជីកគាស់ព័ទ្ធយកដីបឹងជាដើម សុទ្ធតែអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញថ្នាក់ក្រោមឃុបឃិតគ្នាជា ប្រពន្ធ័ប្រព្រឹត្តទាំងអស់ ទោះបីលោកបណ្ឌិត ម៉ៅ ភិរុណ ឬក៏ថ្នាក់ក្រសួងដាក់បទបញ្ជាឲ្យទប់ស្កាត់បង្ក្រាបជាប្រចាំយ៉ាងណា ក៏ដោយ ក៏ទៅមិនរួចដែរ ព្រោះមន្ត្រីថ្នាក់លើចុះមកមិនស្គាល់ភូមិសាស្ត្រមានតែមន្ត្រី អាជ្ញាធរថ្នាក់ក្រោមទេដែលស្គាល់ភូមិសាស្ត្រច្បាស់។
ដូច្នេះពេលថ្នាក់លើចុះគឺគេប្រាប់ក្រុមជនល្មើសធំដែលពួកគេនៅ ពីក្រោយខ្នងឲ្យគេចខ្លួនបាត់អស់នៅសល់តែអ្នកប្រព្រឹត្តតូចតាចនាំ ថ្នាក់លើទៅចាប់យកមុខមាត់និងស្នាដៃ។ ជាពិសេសលោក ភ្នង ឆេង ប្រធានសហគមន៍អតីតឡូត៍នេសាទលេខ៥នេះហើយគឺជាមេខ្លោងប្រព្រឹត្ត បទល្មើសគ្រប់ប្រភេទ ដោយបានឃុបឃិតគ្នាជាមួយមន្ត្រីជំនាញអាជ្ញាធរមានសមត្ថកិច្ច។ ពាក់ពន្ធ័រឿងគ្រឿងចក្រគ្មានច្បាប់ធ្វើសកម្មភាពឈូសឆាយដីបឹងដែន នេសាទជម្រកត្រីពងកូន និងក្នុងតំបន់អភិរក្សខាងលើនេះអ្នកយកព័ត៌មានយើងបានព្យាយាមសុំ ការបំភ្លឺពីលោកបណ្ឌិត ម៉ៅ ភិរុណអភិបាលខេត្តដែរប៉ុន្តែទូរសព្ទ័មិនអាចទាក់ទងបាន៕