ភ្នំពេញ៖ បច្ចុប្បន្ននេះជំងឺរលាកផ្លូវដង្ហើម និងជំងឺរាកបានកំពុងតែកើតនៅលើកុមារនៅ កម្ពុជាច្រើនជាងជំងឺផ្សេងៗ។មាតាបិតាត្រូវធ្វើការប្រុងប្រយ័ត្ន និងឆាប់នាំកូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។នេះជាការបញ្ជាក់ ឱ្យដឹងពីលោកវេជ្ជបណ្ឌិត ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននារសៀលថ្ងៃទី២៨ ខែកក្កដាក្នុងពិធីសម្ពោធកន្លែងសម្រាប់កុមារលេងនៅក្នុងបរិវេណ មន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយពីក្រុមហ៊ុនសាយ៉ាម ដែលនាំចូលផលិតផលម៉ាមីប៉ូកុ(MaMipoko) ។
លោករដ្ឋមន្ត្រី បានបន្តថា ជំងឺដែលកំពុងតែមានបញ្ហាធំគឺជំងឺរលាកផ្លូវដង្ហើមនិងជំងឺរាកដែល កំពុងតែកើតមាននៅលើកុមារនៅកម្ពុជា។ ក្រៅពីជំងឺធំទាំងពីរនេះក៏មានជំងឺមួយចំនួនទៀតដែលកើតលើកុមារ ផងដែរដូចជា ជំងឺរលាកស្រោមខួរក្បាលដែលក្រសួងកំពុងតែចាត់វិធានការដូចជា ចាក់ថ្នាំបង្ការ ។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល ត្រូវបញ្ជូនកូនទៅចាក់ថ្នាំបង្ការឲ្យលើសពី៨០ភាគរយទើបអាច ទប់ស្កាត់នៃការកើតជំងឺ។
លោកបញ្ជាក់ថា “កុមារត្រូវចាក់ថ្នាំបង្ការតាមកម្មវិធីហើយមាតាឬអាណាព្យាបាល ត្រូវតែចូលរួមចាក់និងយកកូនទៅចាក់ឲ្យបានច្រើនលើសពី៨០ភាគរយ ទើបអាចកំចាត់បានដូច ជាជំងឺកញ្ជ្រិល ជំងឺរលាកស្រោមខួរក្បាល ជំងឺតេតាណុស។ពលរដ្ឋត្រូវតែនាំកូនទៅចាក់ថ្នាំនៅតាមសហគមន៍ ស្រុកភូមិ ឃុំទាំងអស់នៅទូទាំងប្រទេស”៕