ភ្នំពេញ៖លោកគីតិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន បានយកពាក្យបណ្តឹងទៅដាក់ នៅសាលាដំបូងរាជធានីភ្នំពេញហើយដើម្បីប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។
លោក សម រង្ស៊ី កាលពីថ្ងៃទី១០ ខែកក្កដា បានសរសេរក្នុងបណ្តាញសង្គមFacebookផ្លូវការរបស់ខ្លួនថា".... ការបាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះជាអំពើភេរវកម្មមួយទៀតរៀបចំឡើងដោយរដ្ឋអំណាច" និងបាននិយាយជាមួយវិទ្យុអាស៊ីសេរីដោយធ្វើការចោទប្រកាន់ដដែលៗនាំអោយ អ្នកប្រើបណ្តាញFacebookចែករំលែកនិងបញ្ចេញមតិថ្គោលទោស រាជរដ្ឋាភិបាល។
តាមពាក្យបណ្តឹង សម្តេចតេជោយល់ឃើញថាការផ្សព្វផ្សាយជាសាធារណៈរបស់ឈ្មោះ សម រង្ស៊ី ដោយចោទប្រកាន់និងមួលបង្កាច់ទម្លាក់កំហុសលើរាជរដ្ឋាភិបាលថាជាអ្នក រៀងចំធ្វើឃាតលោកកែម ឡី មិនត្រឹមតែប៉ះពាល់ដល់ការដឹកនាំរបស់សម្តេចតេជោប៉ុណ្ណោះទេ តែវាមានចរិតញុះញុង បំផុសបំផុល ក្នុងចេតនាបញ្ឆេះកំហឹងមហាជនដែលអាចបង្កអោយមានចលាចលក្នុងសង្គម... ។
ដោយឡែក នាថ្មីៗនេះ តាមរយៈវីដេអូមួយស្តីពីការជួបពិភាក្សា ជាមួយសមាជិករបស់ខ្លួន លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ក៏បានចោទប្រកាន់ធ្ងន់ធ្ងរថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តែម្តង។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់របស់ក្រុមមន្ត្រីបក្សប្រឆាំង មកលើរាជរដ្ឋាភិបាលនាពេលនេះ គឺជាទង្វើលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕