សម្ដេច​តេ​ជោ​ថា មិនអាច​ខន្ដី​ចំពោះ​មនុស្ស​ខូច​ទៀត​ទេ តែ​មិន​ប្រើ​ហិង្សា​

02-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​ ៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា សម្ដេច​មិនអាច​ខន្ដី​បាន​ទៀត​ទេ ចំពោះ​អ្នកនយោបាយ​មួយចំនួន​ដែលមាន​​គំនិត​មិនល្អ និង​មួលបង្កាច់​សម្ដេច​។ ការបញ្ជាក់​បែបនេះ គឺ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ខេត្តកំពុងស្ពឺ នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ នេះ​។​

​ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា កន្លងមក​សម្ដេច​ធ្លាប់បាន​ខន្ដី​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ចំពោះ​បុគ្គល​និង​អ្នកនយោបាយ​មួយចំនួន ដែលមាន​ចេតនា​ចង់​បង្កាច់បង្ខូច​សម្ដេច​។​ប៉ុន្តែ​ដោយសារ​​តែ​ទង្វើ​នោះ វា​ធ្ងន់ធ្ងរ​ពេក ដែល​មិនអាច​ទ្រាំទ្រ​បាន ទើប​សម្ដេច​អស់​ខន្ដី “...​យើង​អត់​មាន​ជម្រើស​ទេ​...​ប៉ុន្តែ​យើង​មិន​ប្រើ​ហិង្សា​ទេ​...​ ប្រព័ន្ធតុលាការ​គឺជា​រឿង​ចាំបាច់ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែលមាន​ច្បាប់ គេ​ធ្វើ​តុលាការ​គឺ​សម្រាប់​កាត់សេចក្ដី អ្នកណា​ខុស អ្នកណា​ត្រូវ​...”​។​

​ ក្នុងន័យនេះ សម្ដេច​ក៏បាន​ប្រៀបធៀប​ទៅនឹង​ការលេង​អុក​ថា “...​ចឹ​ង​ទេ អ្នក​ដែល​ចង់​អុក​ខ្ញុំ​ករុណា​ខ្ញុំ តែងតែ​គ្រោះថ្នាក់​ខ្លួនឯង​វិញ​ទេ​...​មនុស្ស​មួយចំនួន​អុក​ខ្ញុំ​ករុណា​ ខ្ញុំ​ហើយ​ខ្ញុំ​អុក​ចូល​តុលា​​ការ​វិញ​បាត់​ហើយ​...”​។​

​ការលើកឡើង ​របស់​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច​បែប​នេះ ហាក់​ជាការ​សំដៅ​ដល់​មន្ត្រី​គណបក្សប្រឆាំង ដែលមាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស និង​លោកស្រី​ថាក់ ឡា​នី សមាជិក​ព្រឹទ្ធ​​សភា​មក​គណបក្ស​សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល និង​សម្ដេច​តេ​ជោ​ថា​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី​។

​ ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​១​ខែសីហា តាមរយៈ​តាមរយៈ លោក គី តិច មេធាវី​ជំនួសមុខ​ឱ្យ​ដើមបណ្តឹង សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ម្នាក់​មួយរយ​រៀល ពី​លោក​សម រង្ស៊ី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី​ថាក់ ឡា​នី បាន សុំឱ្យ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ដែល​បានធ្វើអោយ​ប៉ះពាល់​ដល់ កិត្តិយស​និង​កិត្យានុភាព​របស់លោក​​នាយករដ្ឋមន្ត្រី​កម្ពុជា​៕

 

ចំនួនអ្នកទស្សនា

    20689777

  • ថ្ងៃនេះ4081
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21651
  • ខែនេះ4081
  • ឆ្នាំនេះ247321
  • សរុប20689777