ករណីឈ្មួញមានលុយមានអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ក្នុងស្រុកបាកាន ស្រុកកណ្ដៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើតឡើងជាយូរមកហើយ ប៉ុន្តែគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការ បង្ក្រាបនោះទេ។ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំប្រទល់ស្រុកបាកាន ស្រុកកណ្ដៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាទាំងនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក៏ដូចជាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មិនចាត់វិធានការបង្ក្រាបករណីក្រុមជនល្មើសទន្ទ្រានកាន់កាប់ដីព្រៃ រនាមលិចទឹកតំបន់៣ជាជម្រកត្រីពងកូននោះឡើយ។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះព្រៃរនាមលិចទឹកក្នុងខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ។
តាមការអះអាងរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ព្រៃរនាមលិចទឹកជាប់មាត់បឹងទន្លេសាបក្នុងស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកបាកាន កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះបច្ចុប្បន្នព្រៃលិចទឹករាប់រយ ហិកតាត្រូវគេបំផ្លាញឲ្យរលត់រលាយអស់ទៅហើយ។ ប្រភពបានឲ្យដឹងទៀតថា កាលពីមុនព្រៃរនាមទាំងនោះសំបូរទៅដោយសត្វស្លាបជាច្រើនប្រភេទ និងជាជម្រកត្រីពងកូននៅរដូវទឹកឡើង ក៏ប៉ុន្តែបច្ចុប្បន្នបានក្លាយទៅជាវាលល្វឹងល្វើយគួរឲ្យសោកស្ដាយ ដោយសារក្រុមជនល្មើសទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិតាមអំពើ ចិត្ត។ ក្រុមជនល្មើសបានកាប់រានព្រៃលិចទឹករួចហើយលក់បន្តទៅឲ្យឈ្មួញមាន លុយ មានអំណាច រាប់រយហិកតាដែលធ្វើឲ្យព្រៃលិចទឹកកាន់តែហិនហោចទៅៗ។
ប្រជាពលរដ្ឋរស់នៅភូមិប្ញស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថាគិតមកដល់ពេលនេះព្រៃលិចទឹកក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវគេបំផ្លាញអស់ប្រមាណជាង១០០ហិកតា ហើយមិនឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់នោះទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូននៅ ស្រុកបាកាន ស្រុកកណ្ដៀង និងស្រុកក្រគរជាបន្ទាន់ ព្រោះលោក ម៉ៅ ធនិន ជាអភិបាលខេត្ត និងមេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ គិតតែរឿងផលប្រយោជន៍ប៉ុណ្ណោះ ហើយមិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ជាងនេះទៅទៀតនៅក្នុងរដូវបិទនេសាទនេះ ក្នុងតំបន់បឹងទន្លេសាបនៅខេត្តពោធិ៍សាត់ កើតមានបទល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ ហើយសមត្ថកិច្ចបង្ក្រាបបានតិចតួចបំផុត៕