ប្រជាពលរដ្ឋរស់នៅភូមិសន់ថន ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានអំពាវនាវឲ្យលោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់មួយកន្លែងបើកលេងយ៉ាង គគ្រឹកគគ្រេង ហើយមិនឃើញនគរបាលឃុំ នគរបាលស្រុក និងមន្ត្រីអាជ្ញាធរ ចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ស័យថា ម្ចាស់សង្វៀនបញ្ជល់មាន់សូកប៉ាន់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋភូមិសន់ថន បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់បើកលេងជាយូរមកហើយ ជាពិសេសនៅថ្ងៃសុក្រ ប៉ុន្តែមិនដែលឃើញមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចទប់ស្កាត់ឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ប្រភពខ្លះបានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ ភ័ត គឺជាអ្នករត់ការសម្របសម្រួលជាមួយអធិការនគរបាលស្រុកក្រឡាញ់ ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថក្រឡាញ់ ព្រមទាំងមន្ត្រីអាជ្ញាធរ ដើម្បីឲ្យសង្វៀនបញ្ជាល់មាន់អាចដំណើរការយ៉ាងរលូន និងមានអតិថិជនកាន់តែច្រើនឡើងៗ។ នៅក្បែរសង្វៀនបញ្ជល់មាន់នោះក៏មានបើកលេងល្បែងបៀនិងអាប៉ោងផងដែរ ដែលជាហេតុធ្វើឲ្យអ្នកលេងល្បែងមានចំនួនកើនឡើងជាបន្តបន្ទាប់។
ក្រោយពេលមានសង្វៀនបញ្ជល់មាន់និងល្បែងបៀអាប៉ោងកើតឡើងក្នុងភូមិ សន់ថន ឃុំសំបួរ ស្រុកក្រឡាញ់ បានធ្វើឲ្យមានបទល្មើសផ្សេងៗកើតឡើងគួរឲ្យព្រួយបារម្ភដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សត ណាឌី ស្នងការនគរបាលខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ចាត់វិធានការលុបបំបាត់ល្បែងស៊ីសងក្នុងឃុំសំបួរ ស្រុកក្រឡាញ់ជាបន្ទាន់ ឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា អភិបាលស្រុកក្រឡាញ់ ក៏ដូចជាអធិការនគរបាល និងមេបញ្ជាការអាវុធហត្ថស្រុក ប្រហែលទទួលបានផលប្រយោជន៍ពីម្ចាស់សង្វៀនបញ្ជល់មាន់ និងល្បែងបៀអាប៉ោងជាប្រចាំ ទើបមិនចាត់វិធានការបង្ក្រាប ហើយបណ្ដោយឲ្យរាលដាលកាន់តែខ្លាំងឡើងៗ៕