ប្រជា​ពលរដ្ឋ​ តាម​ដង​ទន្លេបាសាក់ ​រិះគន់​ថា​ ការ​បូម​ខ្សាច់​ មិន​ស្របតាម ​បច្ចេកទេស​បង្ក​ការ​បាក់​ដី​ និង​ផ្ទះ​របស់​គាត់

04-August-2016 | ដោយ មែន កំសត់

 

កណ្ដាល ៖ បណ្តាក្រុមហ៊ុន ដែលទទួលបានអាជ្ញាធរប័ណ្ណសម្រាប់ការបូមខ្សាច់ នៅតាមទន្លេបាសាក់ បានរង  ការរិះគន់ ពីប្រជាពលរដ្ឋ ដែលមានលំនៅឋាន ជាប់មាត់ច្រាំងទន្លេបាសាក់ ខណៈការបូមខ្សាច់ ទាំងនោះ មិនគោរពតាម បទដ្ឋានបច្ចេកទេស បង្កឲ្យមានការបាក់ដី ភូមិដ្ឋានរបស់គាត់។

លោក ពូ ឡឹក សារិន ជាជនពិកាដោយសារសង្គ្រាម បានកំពុងរស់នៅក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល បានទូរទស្សន៍ BTV News  នៅថ្ងៃទី៣  ខែសីហា  ថាលោក មិនបានហាម  ឃាត់ នូវចំណាត់ការ ស្តារដី ទន្លេបាសាក់ របស់សាលាខេត្តកណ្តាលនោះទេ  តែសុំឲ្យក្រុមហ៊ុន បូមខ្សាច់ នោះឲ្យស្របតាមលក្ខណៈបច្ចេកទេស មិនបង្កបាក់ដី ច្រាំងទន្លេ  ប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ។  ការលើកឡើង របស់លោក ឡឹក សារិន បានធ្វើឡើងខណៈប្រជាពលរដ្ឋ ផ្សេងៗ ទាមទារឲ្យ អាជ្ញាធរ  បិទការបូមខ្សាច់ នោះទាំងស្រុង។

លោក បានថ្លែងទាំងការព្រួយបារម្ភទៀតថា អស់រយៈពេលជាង២ខែមកហើយ មានសាឡង់បូមខ្សាច់ ប្រមាណ  ពី៣ទៅ៤ និងមានសាឡង់ ដឹកជញ្ជូនខ្សាច់ជិត១០ សាឡង់ ផ្សេងៗទៀត បានបូមនៅនឹងកន្លែងដដែល មិន បំឡាស់ទី ដែលបង្កឈានដល់ការបាក់ប្រាំងទន្លេ។

ជាមួយគ្នានោះ លោក ឡឹក សារិន បានស្នើសុំឲ្យអាជ្ញាធរថ្នាក់ខេត្ត ក៏ថ្នាក់ជាតិ គួរចុះពិនិត្យស្ថានភាពបូមខ្សាច់ ហើយសុំពន្យល់ឲ្យប្រជាពលរដ្ឋ ឲ្យអស់កង្វល់ អំពីករណីបូមខ្សាច់នោះ។

ក្រុមប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ច្រាំងទន្លេ បានលើកឡើងស្រដៀងៗគ្នាថា អាជីវកម្មបូមខ្សាច់មួយនេះ បូមនៅកណ្តាលទន្លេ ប៉ុន្ដែដី និងលំនៅឋាន របស់ប្រជាពលរដ្ឋ ចាប់ផ្ដើមបាក់ជាបណ្ដើរៗ ហើយ   អ្នកភូមិរស់ នៅតាមមាត់ទន្លេ ជិតបានទៅរស់នៅជាមួយត្រី ហើយ បើក្រុមហ៊ុនបូមខ្សាច់ នៅតែបន្ដបូម ទាំងយប់ បូមទាំងថ្ងៃ ។ជាក់ស្ដែងគុម្ពឫស្សី អ្នកស្រុក បានបាក់ចូលក្នុងទន្លេ យ៉ាងស្ដែងៗ តែម្ដង ។ ម្យ៉ាងវិញទៀត ខណៈពេល  ការដ្ឋានបូមខ្សាច់នេះ ចាប់ផ្ដើមបូម ផ្ទះប្រជាពលរដ្ឋនៅក្បែរច្រាំង រង្គើ និងញ័រ ស្ទើតែបាក់បែកអស់ហើយ ។

លោកស្រី អ៊ុក សឿន មេឃុំឈើទាល ថ្លែងឲ្យដឹងថា ការបូមខ្សាច់ក្នុងឃុំឈើទាល កន្លងមកក្រុមហ៊ុនបូមខ្សាច់ មិនដែលផ្តល់របាយការណ៍ផ្តល់ព័ត៌មានណាមួយទាក់ទងនឹងការបូមខ្សាច់ នោះមកឲ្យសាលាឃុំ បានដឹងនោះទេ ហើយថា គោលការណ៍បូមខ្សាច់នោះទេ អាជ្ញាធរគេបានកំណត់បោះពោង អនុញ្ញាតិឲ្យបូមនៅ  ចំនុចកណ្តាលទន្លេ និងមិនខិតមកជិតច្រាំងទន្លេទេ។

លោកស្រី អ៊ុក សឿន ថា បើទោះយ៉ាងណា ប្រជាពលរដ្ឋដែលនៅជាប់ទន្លេ ជាទូទៅគេនៅតែមានព្រួយបារម្ភ ខ្លាចបាក់ដីច្រាំងទន្លេ បង្កប៉ះពាល់ដល់ដំណាំ និងផ្ទះសំបែងរបស់គាត់។

ពាក់ព័ន្ធ នឹងបញ្ហានេះ  អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីតំណាងអាជីវកម្មបូមខ្សាច់ បាននៅឡើយទេ?  ថាតើ អាជីវកម្មបូមខ្សាច់នេះ មានច្បាប់អនុញ្ញាតដែរឫទេ? នឹងការបូមត្រូវតាមបទដ្ឋានបច្ចេកទេស រឺអត់? ។ ចំណែកឯកឧត្តម អភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ ក៏មិនអាចសុំការពន្យល់បាននៅឡើយដែរ ! ពីទុក្ខកង្វល់ ប្រជាពលរដ្ឋ បានអំពាវនាវ ដល់អ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយ និងនាំពាក្យនេះ ដល់អាជ្ញាធរ គ្រប់គ្រងមូលដ្ឋានជួយដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ ៕

 

ចំនួនអ្នកទស្សនា

    20689147

  • ថ្ងៃនេះ3451
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21021
  • ខែនេះ3451
  • ឆ្នាំនេះ246691
  • សរុប20689147