ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពគោកធ្លក ស្រុកអង្គរបុរី បានទម្លាយពីរឿងអាស្រូវរបស់ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាស ដែលបានប្រើអំណាចឆ្លងស្រុកចង់ដណ្ដើមយកតំណែងប្រធានមណ្ឌលសុខភាពគោកធ្លកទៅឲ្យពូរបស់ខ្លួន។ បញ្ហានេះប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក៏ដូចជាលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរចាត់វិធានការតាមច្បាប់ទៅលើលោក ហ៊ីង សាមិត្ត ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាសជាបន្ទាន់ កុំឲ្យធ្វើអ្វីៗតាមអំពើចិត្តទៀត។ បើមិនដូច្នេះទេលោក ហ៊ីង សាមិត្ត នៅតែបន្តប្រើអំណាចឆ្លងស្រុកយ៉ាងក្រអឺតក្រទមជាមិនខាន ព្រោះមន្ត្រីរូបនេះមានខ្នងបង្អែករឹងមាំ។
ជុំវិបញ្ហាខាងលើនេះលោក ឈួន ស៊ីដន ប្រធានមណ្ឌលសុខភាពគោកធ្លក ស្រុកអង្គរបុរី បានប្រាប់អ្នកសារព័ត៌មានថា លោក ហ៊ីង សាមិត្ត បានរៀបចំគម្រោងនិងបានធ្វើឯកសារពាក្យលាឈប់ពីតំណែងឲ្យមកលោក ដោយរូបលោកមិនដឹងខ្លួនឬមានកំហុសអ្វីនោះទេ។ លោក ឈួន ស៊ីដន បានបញ្ជាក់ច្បាស់ថា ក្នុងពាក្យបង្ខំឲ្យលោកលាឈប់ពីតំណែងប្រធានមណ្ឌលសុខភាពគោកធ្លក គឺដោយសារលោកមានជំងឺប្រចាំកាយ ហើយគេបង្ខំឲ្យលោកចុះហត្ថលេខាទទួលស្គាល់ថា លោកបានយល់ព្រមដាក់ពាក្យលាឈប់ពីតំណែងដោយសារមានជំងឺពិតមែន។ ជាងនេះទៅទៀតលោក ហ៊ីង សាមិត្ត បានបង្ខំឲ្យលោក ឈួន ស៊ីដន លាឈប់ពីតំណែងប្រធានមណ្ឌលសុខភាពគោកធ្លក គឺដើម្បីយកតំណែងនោះទៅឲ្យពូរបស់ខ្លួនឈ្មោះ ភា សុទ្ធី ដែលជាគ្រូពេទ្យមានកេរ្តិ៍ឈ្មោះមិនសូវល្អ។
ទង្វើរបស់លោក ហ៊ីង សាមិត្ត កំពុងធ្វើឲ្យគ្រូពេទ្យប្រចាំមណ្ឌលសុខភាពគោកធ្លក ស្រុកអង្គរបុរី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយហេតុថា លោក ឈួន ស៊ីដន ដែលជាប្រធានមណ្ឌលសុខភាពគោកធ្លក ពុំមានជំងឺហើយក៏ពុំមានកំហុសអ្វីដែលត្រូវថ្នាក់លើដកចេញពីតំណែងនោះទេ។ ពាក់ព័ន្ធបញ្ហានេះដែរ លោក សេង គីម អនុប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាស បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការដកតំណែងលោក ឈួន ស៊ីដន ពីប្រធានមណ្ឌលសុខភាពគោកធ្លកមែន ហើយលោកពុំមានសិទ្ធិលូកដៃជ្រៅក្នុងរឿងរបស់លោក ហ៊ីង សាមិត្ត នោះឡើយ។ ហេតុនេះហើយទើបក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពគោកធ្លក អំពាវនាវឲ្យប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់វិធានការលើទង្វើមិនប្រក្រតីរបស់លោក ហ៊ីង សាមិត្ត ជាបន្ទាន់ដើម្បីជាការព្រមានកុំឲ្យមន្ត្រីរូបនេះប្រើអំណាចហួសព្រំដែន ធ្វើអ្វីៗតាមអំពើចិត្តនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសុខាភិបាល៕