សិស្ស​រៀន នៅ​វិទ្យាល័យ ១០​មករា ១៤០​នាក់ ត្រូវបាន ដក​បេក្ខភាព មិនឱ្យ​ប្រឡង សញ្ញាប័ត្រ បាក់​ឌុប​ឆ្នាំនេះ​

05-August-2016 | ដោយ មែន កំសត់


 

​ខេត្តសៀមរាប​៖ បន្ទាប់ពី​ល្ងាច​ថ្ងៃទី​៣ រហូតដល់​ព្រឹក​ថ្ងៃទី​៤​ខែសីហា នាយក​វិទ្យាល័យ ១០​មករា​បាន​បិទ​ផ្សាយ បញ្ជី​ឈ្មោះ ដក​បេក្ខភាព​សិស្ស ចំនួន​១៤០​នាក់ មិនឱ្យ​ចូលរួម ប្រឡង សញ្ញាប័ត្រ​បាក់​ឌុប នៅ​ថ្ងៃទី​២២​ខែសីហា​ខាងមុខ​បានទេ​។​

​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តសៀមរាប បានរៀបចំ​មន្ត្រី​មួយចំនួន ហើយ​បញ្ជូន ទៅ​ជួប​ជាមួយ នាយក​វិទ្យាល័យ ១០​មករា ដើម្បី​ជជែក ស្វែងរក​មធ្យោបាយ ជួយ​ឱ្យ សិស្សសាលា​ខ្លះ ដែល​បាត់បង់​បេក្ខភាព ប្រឡង​យក សញ្ញាប័ត្រ​បាក់​ឌុប ឆ្នាំនេះ ឱ្យមាន​សិទ្ធិ​ចូល​ប្រឡង​វិញ​បាន​។ ​ជំនួយការ​របស់ នាយក​វិទ្យាល័យ ១០​មករា គឺ​លោក ប៊ី ប៊ុន សុ​ផុ​ន្នី​។ លោក​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា នៅក្នុង​ទី​ចាត់ ការ​វិទ្យាល័យ​នោះ​ថា ការដែល​ដក បេក្ខភាព​សិស្ស ១៤០​នាក់ មិនឱ្យ​ចូលរួម ប្រឡង​បាក់​ឌុប គឺ​យោងទៅលើ សេចក្តីណែនាំ របស់​ក្រសួង អប់រំ​យុវជន​និង​កីឡា ដែល​បានចេញ ប្រកាស​រួចហើយ​។​

​ជំនួយការ​ដដែល បញ្ជាក់ថា​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ណែនាំ​ថា រាល់​សិស្ស​ទាំងឡាយណា ដែល​បាន​អវត្តមាន ក្នុងពេល​សិក្សា ដោយមាន​ច្បាប់ ចំនួន​៣០​ដង ព្រមទាំង​ឈប់ ទោះជា​មានច្បាប់ និង​អត់​ច្បាប់​ចំនួន​៤៥​ដង គឺ​ត្រូវ​ដក​បេក្ខភាព​មិនឱ្យ​ប្រឡង​សញ្ញាប័ត្រ បាក់​ឌុប​ទេ​។

​លោក អះអាង​ទៀតថា​សិស្ស​១៤០​នាក់ ដែល​វិទ្យាល័យ​១០​មករា បាន​ដក​បេក្ខភាព មិនឱ្យ​ប្រឡង សញ្ញាប័ត្រ បាក់​ឌុប​ឆ្នាំនេះ ភាគច្រើន គឺ​មិន​បានដាក់ ពាក្យសុំ​ប្រឡង និង​ធ្លាក់​ពិន្ទុ​មធ្យម ភាគ​ប្រចាំឆ្នាំ​។ បើទោះបីជា​អ្នក គ្រប់គ្រង​វិទ្យាល័យ​១០​មករា អះអាងថា​ការ ដក​បេក្ខភាព សិស្ស​រហូត ដល់​ទៅ​១៤០​នាក់ គឺ​ធ្វើតាម​ការណែនាំ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ក៏ដោយ ក៏​នៅ​កន្លែង ដែល​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ ដក​បេក្ខភាព​សិស្ស​នោះ មិនមាន​បិទ​ផ្សាយ​សេចក្តីណែនាំ របស់​ក្រសួង ជុំវិញ​រឿង​នោះទេ ហើយ​នៅពេលដែល អ្នកយកព័ត៌មាន ជួប​សម្ភាសន៍ ក៏​មិនមាន​ឃើញ បង្ហាញ​ពី​ឯកសារ ណែនាំ​របស់ ក្រសួង​នោះដែរ​។​

​នៅ​កន្លែង​បិទ​ផ្សាយ បញ្ជី​ដក​បេក្ខភាព សិស្ស​១៤០​នាក់ មិនឱ្យ ប្រឡង​បាក់​ឌុប​នោះ គឺមាន​សិស្ស​ប្រុស​-​ស្រី ជាច្រើន បានមក​ពិនិត្យមើល​ឈ្មោះ របស់​ពួកគេ​។ នៅពេលដែល​ឃើញ ថា​ឈ្មោះ​របស់ ខ្លួន​មិនបាន ប្រឡង​បាក់​ឌុប​ហើយ គឺ​ពួកគេ​បង្ហាញ ទឹកមុខ​ក្រៀមក្រំ ក៏ប៉ុន្តែ​មិន មាន​សិស្ស​ណា​ម្នាក់ ដែល​គ្មាន​ឈ្មោះ​ប្រឡង​នោះ ហ៊ាន​ធ្វើ​សម្ភាសន៍ ជាមួយ​អ្នក​សារពត៌មាន​ឡើយ​។​

​គ្រូបង្រៀន​ម្នាក់ ដែល​សុំ​មិន បញ្ចេញ​ឈ្មោះ មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា វិទ្យាល័យ​១០ មករា ដែល​ដក​បេក្ខភាព​សិស្ស រហូត​១៤០​នាក់ មិនឱ្យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺជា​ចំនួន​ច្រើន បំផុត​ដែល មិន​ធ្លាប់មាន​ទេ តាំង​ពីមុនមក​។ គ្រូបង្រៀន​ដដែល ព្រួយបារម្ភ​អំពី​អនាគត យុវជន ដែល​មិនបាន​ចូល ប្រឡង សញ្ញាប័ត្រ​បាក់​ឌុប​ទាំងនេះ ហើយ​អំពាវនាវ​ឱ្យ ក្រសួង​អប់រំ​យុវជន​និង​កីឡា គួរ​ពិនិត្យ​រឿងនេះ​ឡើងវិញ​។ មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្តសៀមរាប ក៏បាន​សំដែង​ការព្រួយបារម្ភ ចំពោះ​អនាគត​យុវជន ដែល​មិនបាន​ចូល រួម​ប្រឡង​បាក់​ឌុប​ទាំងនោះ ដូចជា​គ្រូបង្រៀន​ខ្លះ​ដែរ​។​

​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តសៀមរាប លោក សយ ទិ​ត្យា​វង្ស មានប្រសាសន៍ថា លោក​ទើបតែ​បាន ទទួល​របាយការណ៍ ស្ដីពី​វិទ្យាល័យ ១០​មករា ដែល​ដក​បេក្ខភាព​សិស្ស ១៤០​នាក់ មិនឱ្យ​ប្រឡង​បាក់​ឌុប ក្នុងឆ្នាំនេះ ។ លោក សយ ទិ​ត្យា​វង្ស យល់ឃើញថា​វិទ្យាល័យ ១០​មករា ដែល​ដក​បេក្ខភាព​សិស្ស មិនឱ្យ​ប្រឡង បាក់​ឌុប​ឆ្នាំនេះ គឺ​ច្រើនពេក ក៏ប៉ុន្តែ​លោក​នៅ មិនទាន់​វិនិច្ឆ័យ​ថា យ៉ាងណា​នៅឡើយ គឺ​នៅ​រង់ចាំ​ការស្រាវជ្រាវ របស់​មន្ត្រី ដែល​បញ្ជូន ឱ្យទៅ​ជួប​ជជែក ជាមួយ​នាយក​សាលា​១០​មករា​ជាមុនសិន​។​

​មន្ត្រី​មន្ទីរអប់រំ​យុវជន​និង កីឡា​ខេត្តសៀមរាប ឱ្យដឹងថា មិនមែន​មានតែ វិទ្យាល័យ​១០​មករា តែមួយ​ប៉ុណ្ណោះ​ទេ ដែល​បាន​ដក​បេក្ខភាព​សិស្ស​ខ្លះ មិនឱ្យ​ប្រឡង​បាក់​ឌុប ក្នុងឆ្នាំនេះ គឺមាន​វិទ្យាល័យ​ជាច្រើន​ទៀត នៅក្នុង​ខេត្តសៀមរាប ក៏បាន​ធ្វើ​ដូចគ្នា​ដែរ​។ ទោះជា​យ៉ាងណា មន្ត្រី​មន្ទីរអប់រំ​យុវជន​និង​កីឡា មិនអាច​បញ្ជាក់​បានទេ​ថា តើ​រហូតមក​ដល់ពេលនេះ នៅតាម​វិទ្យាល័យ​ជាច្រើន ក្នុង​ខេត្តសៀមរាប បាន​ដក​បេក្ខភាព​សិស្ស មិនឱ្យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ចំនួន​សរុប ប៉ុន្មាន​នាក់​ទេ ពីព្រោះ នាយក​វិទ្យាល័យ​ជាច្រើន នៅ​មិនទាន់​បញ្ជូន​របាយការណ៍ អំពី​រឿងនេះ មកដល់​ដៃ​មន្ទីរអប់រំ ទាំងអស់​នៅឡើយ​៕

ចំនួនអ្នកទស្សនា

    20688387

  • ថ្ងៃនេះ2691
  • ម្សិលមិញ4911
  • សប្តាហ៍នេះ20261
  • ខែនេះ2691
  • ឆ្នាំនេះ245931
  • សរុប20688387