ប្រភពព័ត៌មានពីប្រជាពលរដ្ឋស្រុកស្វាយលើ បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ តាមរថយន្តគ្រប់ធុនឆ្លងកាត់ស្រុកស្វាយលើ ចូលក្រុងសៀមរាប នៅតែបន្តកើតឡើងយ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តសៀមរាបសង្ស័យថា លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គឺជាអ្នកបើកដៃឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត ទើបលោក យ៉ាន់ ស៊ីវ៉ាត់ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលបញ្ហានេះផង ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប មិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ។
ប្រភពពីមន្ត្រីអាជ្ញាធរស្រុកស្វាយលើ បានឲ្យដឹងថាមានឈ្មួញធំៗ២នាក់កំពុងប្រើប្រាស់រថយន្តកូរ៉េកែច្នៃ រថយន្តសាំយ៉ុង និងរថយន្តនីសាន់ជាដើម ធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់។ ឈ្មួញទាំង២នាក់នោះមានឈ្មោះ វណ្ណៈ ហៅពៅប្រជ្រុយ និងឈ្មោះ ថា ដែលសុទ្ធតែជាឈ្មួញល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប ជាច្រើនឆ្នាំមកហើយ។ ជួនកាលឈ្មួញទាំង២នាក់នេះ ដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្វាយលើ ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង យ៉ាងអនាធិបតេយ្យមិនដែលមានសមត្ថកិច្ចណាបង្ក្រាបនោះទេ។
ឈ្មួញរកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្វាយលើ ធ្លាប់បានបង្ហើបប្រាបគ្នីគ្នារបស់ខ្លួនថា បើមិនបង់លុយឲ្យលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើតាមកាលកំណត់ទេនោះ គឺត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ។ មានន័យថាការដែលឈ្មួញអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ យ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននេះ គឺមានការឃុបឃិតជាមួយលោក យ៉ាន់ ស៊ីវ៉ាត់ និងលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ លើសនេះទៅទៀតប្រជាពលរដ្ឋនៅឃុំបេងមាលា ស្រុកស្វាយលើ បានឲ្យដឹងថាលោក យ៉ាន់ ស៊ីវ៉ាត់ មានជាប់ពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើក្នុងមូលដ្ឋានរបស់ពួកគាត់ទៀតផង។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មិនគួរបណ្ដែតបណ្ដោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកស្វាយលើ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ៕