ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តរតនគិរី កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងរឿងលោកស័ក្ដិ៤ សេង វាសនា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី រកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ហើយត្រូវកម្លាំងអាវុធហត្ថខេត្តរតនគិរី និងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបរថយន្តឡង់គ្រឺស័រដឹកឈើប្រណីត កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។ ការបង្ក្រាបនោះធ្វើឡើងនៅចំណុចភ្នំកូនសេក ភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ពេលដែលរថយន្តឡង់គ្រឺស័រដឹកឈើប្រណីតពេញសំដៅចូលក្រុងបានលុង។ សកម្មភាពរបស់លោកស័ក្ដិ៤ សេង វាសនា កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល ដូច្នេះប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ គួរចាត់វិធានការតាមច្បាប់ជាបន្ទាន់។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបរថយន្តឡង់គ្រឺស័រដឹកជញ្ជូនឈើប្រណីតរបស់លោកស័ក្ដិ៤ សេង វាសនា បានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះគឺជាឈ្មួញរកស៊ីជួញដូរឈើប្រណីតជាយូរមកហើយដោយមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប៉ុន្តែទំនងជាលោកស័ក្ដិ៤ សេង វាសនា មើលរំលងកម្លាំងអាវុធហត្ថទើបត្រូវប្រឈមនឹងការបង្ក្រាបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។ ការបង្ក្រាបរថយន្តឡង់គ្រឺស័រដឹកឈើប្រណីតរបស់លោកស័ក្ដិ៤ សេង វាសនា ធ្វើឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទៅក្នុងខេត្តរតនគិរី មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសបែរជាប្រព្រឹត្តបទល្មើសដោយខ្លួនឯងយ៉ាងគឃ្លើន។
ប្រភពខ្លះបានឲ្យដឹងថាការដែលលោកស័ក្ដិ៤ សេង វាសនា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺអាចមានការឃុបឃិតពីលោក នូវ ដារ៉ា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីផងដែរ។ ជាពិសេសលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី គួរពិនិត្យមើលឡើងវិញជាបន្ទាន់ចំពោះករណីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយប្រើប្រាស់អំណាចនិងតួនាទីទៅរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់យ៉ាងទទឹងទិស។ មជ្ឈដ្ឋាននានារង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធទៅលើឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ គឺលោកស័ក្ដិ៤ សេង វាសនា ព្រោះឈ្មួញរូបនេះធ្វើសកម្មភាពច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទាល់តែសោះ។ ទោះជាយ៉ាងណានៅទីបំផុតកម្លាំងអាវុធហត្ថខេត្តរតនគិរី និងអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានការបង្ក្រាបធ្វើឲ្យផ្អើលពេញខេត្តរតនគីរីតែម្តង៕