ភ្នំពេញ ៖ លោក ខៀវ ថវិកា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាបណ្ឌិតសភាចារ្យដែលបានបង្រៀននិស្សិតផ្នែកច្បាប់អន្តរជាតិតាមសាកលវិទ្យាល័យនានាជាច្រើននៅកម្ពុជានោះ បានអះអាងថាតាមច្បាប់អន្តរជាតិ ការនិយាយចោទប្រកាន់ប្រមុខរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងថាជាឃាតករដូចលោកស្រី ថាក់ ឡានី បែបនេះ គឺជាមនុស្សក្បត់ជាតិ ដែលមានន័យថា លោកស្រីចង់យករឿងលោក កែម ឡីដើម្បីញុះញង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់។
ការលើកឡើងរបស់លោក ខៀវ ថវិកា នេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ីបាននិយាយទៅកាន់សមាជិករបស់ខ្លួននៅក្នុងពិធីសំណេះសំណាលមួយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅឯខេត្តរតនគិរីថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក កែម ឡី។
លោក ខៀវ ថវិកា បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយកាលពីព្រឹកថ្ងៃទី៤ ខែសីហា ថា “...អ្វីដែលលោកស្រី ថាក់ ឡានី បាននិយាយចោទប្រកាន់ទៅលើសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បើគិតលើផ្លូវច្បាប់ជាតិ និងអន្តរជាតិ គឺជាទោសក្បត់ជាតិពីព្រោះជាការចោទប្រកាន់ដោយគ្មានភស្តុតាងជាក់លាក់...សម្តេចតេជោ គឺជាប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំប្រទេស ហើយការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ...ហេតុអីដែលចាំបាច់ត្រូវសម្លាប់លោក កែម ឡី ដែលជាមនុស្សធម្មតាម្នាក់...តាមច្បាប់អន្តរជាតិការនិយាយដូចលោកស្រី ថាក់ ឡានី គឺក្បត់ជាតិ ហើយការនិយាយបែបនេះ មានន័យថា លោកស្រីចង់យករឿងលោក កែម ឡីដើម្បីញុះញង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់...”។
លោក ខៀវ ថវិកា បន្ដថា “...អ្វីដែលគាត់និយាយហ្នឹងវាខុសធ្ងន់ណាស់ ទីមួយចោទប្រមុខរាជរដ្ឋាភិបាលជាឃាតករដែលប្រជាពលរដ្ឋបោះឆ្នោតជូន ខ្ញុំមិនកាន់ជើង ហ៊ុន សែនទេ តែខ្ញុំនិយាយច្បាប់អន្តរជាតិ…គាត់ជាប្រមុខរាជរដ្ឋាភិបាល ច្បាប់អន្តរជាតិការពារ អត់ត្រូវចាប់ខ្លួនគ្មានតុលាការអាមេរិកណាចាប់គាត់បានទេ... ទី២ទៀតគាត់គ្មានភស្តុតាង...ហើយទី៣ លោក កែម ឡី ជាមនុស្សសាមញ្ញ មានអ្នកចូលហែចូលអីមិននិយាយទេ ស្រេចការចូលចិត្តស្រឡាញ់ តែបើច្បាប់អន្តរជាតិ ច្បាប់ស្រុកគេ ការចោទនេះមានទោសក្បត់ជាតិ តែស្រុកយើងអត់ទោសក្បត់ជាតិអាហ្នឹងធំណាស់...ទីបួន ការនិយាយហ្នឹងចង់ឱ្យប្រជាជនបះបោរប្រឆាំងរាជរដ្ឋាភិបាល...តើកន្លងមកគាត់បានអ្វីខ្លះ គណបក្សកាន់អំណាចនិងគណបក្សមិនកាន់អំណាចវាខុសគ្នា គណបក្សកាន់អំណាចកាលណាគាត់សន្យាអី គាត់គិតណាស់...”។
លោកបានលើកជាឧទាហរណ៍ថា “...ជាបទពិសោធន៍នៅរុស្ស៊ី អ្នកប្រឆាំងរដ្ឋាភិបាលពូទីនមានប្រជាប្រិយណាស់ ដូចជាករណីបាញ់សម្លាប់បុគ្គល បែរជាគេបានចោទប្រកាន់មកលើរដ្ឋាភិបាលលោកពូទីន តែតាមពិត គឺករណីឃាតកម្មនេះ គឺដោយសាររឿងស្រីញីរបស់លោកប្រធានបក្សប្រឆាំងនោះទេ ហើយត្រង់រដ្ឋាភិបាលបានធ្វើឱ្យស្រុកទេសល្អសម្បូរសប្បាយគេអត់គិតទេ ដូចសម្តេចតេជោខិតខំធ្វើការកសាងប្រទេសចឹងដែរបែរជាត្រូវគេចោទថា បាញ់សម្លាប់ប្រជាពលរដ្ឋទៅវិញ...នេះជាការឈឺចាប់ណាស់សម្រាប់គាត់ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលហើយស្រុកយើងមានច្បាប់ត្រឹមត្រូវ...ដូចនៅអាមេរិកបាញ់សម្លាប់មនុស្ស ហើយលោក អូបាម៉ា ទៅគោរពវិញ្ញាណក្ខន្ធ ថ្លែងសុន្ទរកថាកាន់ទុក្ខ ហើយការធ្វើបែបនេះដើម្បីកុំឱ្យគេចោទប្រកាន់ តែលោកស្រី ថាក់ ឡានី គ្រាន់តែជាសមាជិកព្រឹទ្ធសភាមួយរូបសោះ បែរជាហ៊ានចោទប្រកាន់គ្មានភស្តុតាង នេះធ្ងន់ណាស់ ចង់មិនចង់គេថា គាត់ចង់ធ្វើរដ្ឋប្រហារ...”៕