សម្តេច​តេ​ជោ ប្រតិកម្ម​នឹង​អ្នកលេង​Facebook ដែល​ផ្សព្វផ្សាយ​ថា សម្តេច​ដាច់​សរសៃឈាម​ខួរក្បាល

08-August-2016 | ដោយ មែន កំសត់

 


​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រតិកម្ម​ខ្លាំង​ទៅកាន់​អ្នកលេង ហ្វេ​ស​ប៊ុ​ក​(Facebook )​ដែល​បាន​ផ្សព្វ​​ផ្សាយ​បំភ្លៃ​ថា សម្តេច​តេ​ជោ​ដាច់​សរសៃឈាម​ខួរក្បាល ដោយ​សម្តេច​ចាត់ទុកថា ការផ្សព្វផ្សាយ​បែបនេះ ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដែល​មិនអាច​ទទួល​​យកបាន​។​

​ប្រតិកម្ម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង នៅក្នុង​ពិធី​ត​ភ្ជាប់​ស្ពាន​កោះធំ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​ផលិត​វីដេអូ​មួយ​ដោយ​រាយការណ៍​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាច់​សរសៃឈាម​ខួរក្បាល​នៅផ្ទះ​​ក្បែរ​វិមានឯករាជ្យ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សិង្ហ​បុរី ហើយ​តាំងខ្លួន​ជា​អ្នករាយការណ៍​ដូចជា អ្នកព័ត៌មាន​អាជីព​។​

​ចំពោះ​ការ​ការលើកឡើង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​តប​ដោយ​សម្ដី​ខ្លាំងៗ​ថា “...​សុំ​ផ្តាំ​ទៅវិញ​ទៅ​ក្មួយ នេះ​ជា​អំពើ​បាប ជាការ​ប្រមាថ សូម​ក្មួយ​យកចិត្តទុកដាក់​អំពី​សុខភាព​ខ្លួនឯង យកចិត្តទុកដាក់​អំពី​សុខភាព​ម្តាយ ជីដូន​ជី​ត​ខ្លួនឯង​ទៅ គ្រប់គ្រាន់​ហើយ​មិនបាច់​យកចិត្តទុកដាក់​​ដល់​ថ្នាក់​ហ្នឹង​ពេក អំពី​សុខទុក្ខ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​...”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រហូតដល់​ពេលនេះ សម្តេច​មាន​សុខភាព​រឹងមាំ ដែល​អាច​បើក​យុទ្ធនា​ការចុះ​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ និង​មន្ត្រី​តាម​ខេត្ត​នានា​បាន មិនតែប៉ុណ្ណោះ សម្តេច​ថែមទាំង​អាច​រាំ​ញី​កែងជើង​បាន​ទៀត​។

​សម្តេច​ថា រឿង​ដាច់​សរសៃឈាម​ខួរក្បាល​នេះ សម្តេច​មិនមាន​ពូជ​ដៃ​សរសៃឈាម​ខួរក្បាល​នោះទេ ហើយក៏​មិនមាន​ពូជ​ឡប់​នោះដែរ​។​សម្តេច​​តេ​ជោ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “...​ខ្ញុំ​គ្មាន​ពូជ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ ហើយ​អា​ពូជ​ឡប់​នេះ ក៏​អត់​មាន​ដែរ​បើសិនជា​អស់លោក​​ឡប់ ក៏​ឡប់​គ្នាឯង​ចុះ កុំ​នាំ​ខ្ញុំ​ឡប់ ហើយ​កុំ​បំភ័យ​ប្រជាពលរដ្ឋ​...”៕

 

 

ចំនួនអ្នកទស្សនា

    20687057

  • ថ្ងៃនេះ1361
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18931
  • ខែនេះ1361
  • ឆ្នាំនេះ244601
  • សរុប20687057