ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៨ខែសីហា ឆ្នាំ២០១៦ ដោយថ្កោលទោសចំពោះ លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែលបានប្រៀបប្រដូចរបបនៅកម្ពុជាថាជារបបតិរច្ឆាន ដោយរដ្ឋសភាបានចាត់ទុកថា នេះជាការប្រមាថនិងមួលបង្កាច់ធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជាហើយផ្ទុយនឹងការពិតទាំងស្រុង។
តាមរយៈលិខិតមួយច្បាប់នេះ រដ្ឋសភាបានបញ្ជាក់ថា ការលើកឡើងរបស់លោកហុង លីម ជាទស្សនៈដ៏ខ្មៅងងឹតដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិខ្មែរទាំងមូល ដែលមិនអាចទទួលយកបានឡើយ ដោយពិភពលោកបានដឹងច្បាស់ណាស់ថា ចាប់តាំងពីឆ្នាំ១៩៩៣មកកម្ពុជាបានអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន។
លិខិតដដែលនេះបានបន្ដថា មតិនិងទស្សនៈរបស់លោកហុង លីម ខាងលើនេះ ជាការវិនិច្ឆ័យកើតចេញពីភាពល្ងង់ខ្លៅ ភាពងងឹតងងុលពុំព្រមទទួលយកការពិត ហើយមានលក្ខណៈថោកទាបទៀតផង ដោយហេតុថា លោកហុង លីមដែលមានដើមកំណើតខ្មែរមិនត្រឹមតែមិនបានធ្វើអ្វីជួយខ្មែរ ហើយបែរជាបន្ដុះបង្អាប់ បន្ទាបបន្ថោកខ្មែរខ្លួនឯងដោយខុសការពិតទៅវិញ។
ដោយឡែកតំណាងប្រជាពលរដ្ឋ យោធា និងអង្គការសមាគមមួយចំនួន នឹងដាក់ញត្តិទៅស្ថាប័នធំៗដូចជា ព្រឹទ្ធសភា រដ្ឋសភា ស្ថានទូតអូស្ត្រាលី និងក្រសួងការបរទសនិងសហប្រតិបត្តិការ នថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ។ ការប្រមូលផ្តុំដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យលោក ហុង លឹម តំណាងរាស្ត្រអូស្ត្រាលី ចេញមុខ សុំទោសប្រជាពលរដ្ឋខ្មែរ ជាសាធារណៈ ក្រោយពីលោកបានប្រើពាក្យសំដីពាល ដោយចាត់ទុករបបនៅកម្ពុជាជា«របបតិរច្ឆាន»។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ផៃ ស៊ីផាន់ ប្រាប់សារព័ត៌មានក្នុងស្រុកមួយឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។
នេះមិនមែនជារឿងថ្មីនោះឡើយ កាលពីពេលថ្មីៗនេះ មានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល យោធា សមាគមនិងក្រុមប្រជាពលរដ្ឋជាច្រើននាក់ បានចេញលិខិតថ្កោលទោស ជាបន្តបន្ទាប់ទៅលើ លោក ហុង លឹម តំណាងរាស្ត្រអូស្ត្រាលី។គោលបំណងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះ គឺដើម្បីឲ្យលោក ហុង លឹម សុំទោសជាសាធារណៈចំពោះ ព្រះមហាក្សត្រខ្មែរ ប្រជាពលរដ្ឋកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ជាបន្ទាន់ ក្នុងករណីនេះជាចាំបាច់ ដោយមិនត្រូវគេចវេសឡើយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី ដែលនិយាយជា ខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលីចាត់ទុករបបនៅកម្ពុជាជារបបតិរច្ឆាន»។
ការលើកឡើងរបស់លោក ហុង លីម មានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ពីមន្ត្រីរាជរដ្ឋាភិបាល សមាគមនានានៅកម្ពុជានិងប្រជាពលរដ្ឋជាដើម។
ក្រោយពីមានការលើកឡើងបែបនេះ សមាជិករដ្ឋសភារបស់អូស្ត្រាលីជាច្រើនរូប បានធ្វើជាលិខិតលើកទឹកចិត្តឲ្យតំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម ដែលមានដើមកំណើតខ្មែរ សុំទោសជាសាធារណៈ នូវការប្រើពាក្យប្រមាថដល់ជាតិសាសន៍របស់ខ្លួន។
ករណីនេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកទឹកចិត្តរបស់សមាជិកសភាអូស្ត្រាលីនេះ គឺជាការបង្ហាញមិនត្រឹមតែភាតរភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែរឹតតែពង្រឹង ទំនាក់ទំនងល្អ និងកិច្ចសហការជិតស្និទរវាងប្រជាជាតិស៊ីវិល័យទាំងពីរ កម្ពុជា-អូស្ត្រាលី៕