ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាលោក ឡាយ គឹមឡេង ហៅស្រ៊ុន ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ នៅតែធ្វើសកម្មភាពរត់ការកាងឈ្មួញដឹកជញ្ជូនឈើប្រណីតខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់។ រហូតមកដល់ពេលនេះលោក ឡាយ គឹមឡេង ហៅស្រ៊ុន នៅតែមានឥទ្ធិពលធំធេងក្នុងការកាងក្រុមឈ្មួញដឹកជញ្ជូនឈើគ្រញូងនិងឈើប្រណីតផ្សេងៗទៀតនៅក្នុងខេត្តឧត្ដរមានជ័យ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើម មិនហ៊ានប៉ះពាល់លោក ឡាយ គឹមឡេង ហៅស្រ៊ុន នោះទេ។ សូម្បីតែលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ ក៏សម្ងំស្ងៀមបណ្ដោយឲ្យលោក ឡាយ គឹមឡេង ហៅស្រ៊ុន ធ្វើអ្វីៗតាមអំពើចិត្តដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះលោក ឡាយ គឹមឡេង ហៅស្រ៊ុន បានកាងឲ្យឈ្មួញដឹកឈើចេញពីទឹកដីសៀមចូលស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយឈើទាំងនោះត្រូវបានគេដឹងជញ្ជូនបន្តចូលទៅខេត្តសៀមរាប យកទៅលក់នៅស្រុកយួន។ ការដែលលោក ឡាយ គឹមឡេង ហៅស្រ៊ុន អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតជាមួយសមត្ថកិច្ចការពារព្រំដែនផងដែរ ជាពិសេសមេបញ្ជាការយោធាផ្នែកសឹករងស្រុកអន្លង់វែង ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ដូច្នេះហើយទើបឈ្មួញអាចដឹកជញ្ជូនឈើគ្រញូងមានមុខកាត់ធំៗចេញពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រករបៀង ចំណុចជាប់ជើងភ្នំដងរែក ភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ កាលពីពេលថ្មីៗកន្លងទៅនេះ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានឲ្យដឹងថាលោក ឡាយ គឹមឡេង ហៅស្រ៊ុន ជាអ្នកកាងក្រុមឈ្មួញក្នុងការប្រមូលទិញឈើគ្រញូងពីប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ចូលទៅកាប់ក្នុងទឹកដីសៀម។ ហេតុនេះថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស គួរពិនិត្យឡើងវិញចំពោះសកម្មភាពរបស់លោក ឡាយ គឹមឡេង ហៅស្រ៊ុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ព្រោះមន្ត្រីអាវុធហត្ថរូបនេះ កំពុងប្រើអំណាចនិងតួនាទីការពារឈ្មួញឈើគ្រញូងដោយគ្មានញញើតអ្វីឡើយ។ ឈ្មួញរកស៊ីជួញដូរឈើគ្រញូងនៅក្នុងខេត្តឧត្ដរមានជ័យ ទាំងខ្មែរទាំងយួនត្រូវគេដឹងថា បានយកលោក ឡាយ គឹមឡេង ហៅស្រ៊ុន ធ្វើជាអ្នកកាងឬអ្នករត់ការសម្របសម្រួលទើបអាចគេចផុតពីការបង្ក្រាប។ រីឯលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ និងលោក ទៀង ដាវិទ្យ មេរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថាទទួលផលប្រយោជន៍ពីក្រុមឈ្មួញជួញដូរឈើប្រណីតខុសច្បាប់ ទើបបណ្ដោយឲ្យឈ្មួញទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត៕