ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី បានឲ្យដឹងថាឈ្មោះ លាង ច័ន្ទមុនី ដែលជាមេការក្រុមហ៊ុនទ្រីភាព កំពុងប្រើប្រាស់រថយន្តធំៗរបស់ក្រុមហ៊ុនដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកអូរយ៉ាដាវ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធក៏បានឲ្យដឹងដែរថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មោះ លាង ច័ន្ទមុនី មេការក្រុមហ៊ុនទ្រីភាព បានប្រើប្រាស់រថយន្តយីឌុបធំៗជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃ យកទៅលក់នៅស្រុកយួនក្រោយពេលស្ងប់ស្ងាត់មួយរយៈ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលបញ្ហានេះផងព្រោះកន្លងមកឧកញ៉ា ទ្រី ភាព ធ្លាប់ប្រកាសឈប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើតទៅទៀតហើយ។
ទាក់ទងទៅនឹងករណីមេការក្រុមហ៊ុនទ្រីភាព ឈ្មោះ លាង ច័ន្ទមុនី ដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកអូរយ៉ាដាវនោះ ប្រជាពលរដ្ឋក្នុងស្រុកវ៉ើនសៃ បានឲ្យដឹងថានៅចំណុចអតីតឃ្លាំងក្រុមហ៊ុនឧកញ៉ាទ្រីភាពចាស់ក្នុងភូមិកាចូន ឃុំកាចូន ស្រុកវ៉ើនសៃ មានរថយន្តយីឌុបដែលមានសញ្ញាក្រុមហ៊ុនទ្រីភាព ជាសម្គាល់៣គ្រឿងបានដឹកឈើប្រណីតពេញៗឆ្ពោះទៅស្រុកយួនតាមច្រកអូរយ៉ាដាវ។ កន្លែងស្តុកឈើសម្រាប់ដឹកចេញនោះ គឺនៅខាងក្រោយស្នាក់ការផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃតែម្តង ប៉ុន្តែមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំកាចូន ក៏បានឲ្យដឹងដែរថាឈ្មោះ លាង ច័ន្ទមុនី ប្រមូលទិញឈើដឹកជញ្ជូនទៅស្តុកទុកក្នុងឃ្លាំងនោះ រួចហើយទើបដឹកជញ្ជូនចេញពីឃ្លាំងឆ្ពោះទៅព្រំដែនក្នុងស្រុកអូរយ៉ាដាវយ៉ាងរលូនតែម្តង។
មន្ត្រីអាជ្ញាធរឃុំកាចូន បានឲ្យដឹងទៀតថា ក្នុងមូលដ្ឋានរបស់ពួកគាត់មានឃ្លាំងស្តុកឈើធំៗ២កន្លែង គឺទី១-ជាឃ្លាំងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មោះ លាង ច័ន្ទមុនី ជាមេការក្រុមហ៊ុនទ្រីភាព ហើយមិនដែលឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធហ៊ានទៅក្បែរទីនោះទេ។ ចំណែកឃ្លាំងទី២-គឺជាឃ្លាំងរបស់ឈ្មោះ ម៉េង សាម៉ូម ដែលជាឈ្មួញឈរជើងចាំប្រមូលទិញឈើប្រណីតក្នុងស្រុកវ៉ើនសៃ ជាយូរឆ្នាំមកហើយនិងមានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តរតនគិរី គឺជាខ្នងបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី អំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើប្រណីតពីខេត្តរតនគិរី យកទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកអូរយ៉ាដាវជាបន្ទាន់ ព្រោះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងមន្ត្រីក្រោមឱវាទមិនដែលគិតគូរចាត់វិធានការបង្ក្រាបបទល្មើសឡើយ គឺពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល៕