កំពង់ឆ្នាំង៖សុខទុក្ខប្រជាពលរដ្ឋគឺជាការព្រួយបារម្មណ៍ដ៏ធំបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។ កាលពីម្សិលមិញ នៅខេត្តកំពង់ឆ្នាំងគ្រាន់តែបានទទួលដំណឹងថា កូនក្មួយកម្មករកម្មការនីចំនួន១៤នាក់បានរងគ្រោះថ្នាក់ចរាចរណ៍ដែលមានម្នាក់បានស្លាប់បាត់បង់ជីវិត សម្តេចតេជោ បានរូតរះស្ទុះស្ទារប្រញាប់ប្រញាល់ ចុះជួបសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។
ក្នុងទំព័រFacebookរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ ហើយត្រូវតែពិនិត្យរថយន្តរបស់ខ្លួនអោយបានទៀងទាត់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងដោយសារការធ្វេសប្រហែសហើយសម្តេចបានរំឭកថា" យើងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា"។
សូមរំលឹកថា រថយន្តកូរ៉េដឹកកម្មការនីរោងចក្រអឹមវ៉េមួយមួយគ្រឿងបានដាច់រ៉ូទីលរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងាជើងបណ្តាលអោយកម្មការនីដែលជិះលើរថយន្តនេះរងរបួសធ្ងន់ និងស្រាលចំនួន៦នាក់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៨៣ និង ៨៤ ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៦និង៤៥នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ។កម្មការនីម្នាក់រងរបួសធ្ងន់បានស្លាប់នៅពេលក្រោយមក៕