ស្ទឹងត្រែង៖ជនជាតិដើមភាគតិចគ្រប់ពូជសាសន៍បានទាមទារសិទ្ធិរបស់ខ្លួនក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិ នៃជនជាតិដើមភាគតិច ពិភពលោកថ្ងៃទី៩ខែសីហាឆ្នាំ២០១៦។ការទាមទារនោះធ្វើឡើងដើម្បីការពារសិទ្ធិដីធ្លីនិងសិទ្ធិទទួលបានការអប់រំរបស់ជនជាតិដើមភាគតិចខួបលើកទី១២នៅប្រទេសកម្ពុជានិងលើកទី២២នៅថ្នាក់អន្តរជាតិ។
ខេត្តស្ទឹងត្រែងមានការជួបជុំគ្នាដោយជនជាតិដើមភាគតិចជនជាតិព្រៅ,ទំពួន,ព្នងនិងគ្រឹងនៅកន្លែងពីរខុសគ្នា។ទី១.ជួបជុំនៅវត្តភូមិច្រប់និងទី២.ភូមិក្បាលរមាសចាស់ឃុំក្បាលរមាសស្រុកសេសាន។
អ្នកស្រីសានសារឿនអាយុ៥៧ឆ្នាំជនជាតិព្រៅរស់នៅភូមិច្រប់ឃុំក្បាលរមាសបានរៀបរាប់ថាគ្រួសាររបស់គាត់គឺជាជនជាតិដើមភាគតិចព្រៅឯកូនរបស់គាត់មិនចេះភាសាព្រៅនោះទេ។ត្រង់ចំណុចនេះអ្នកស្រីយល់ថាអាជ្ញាធរមករារាំងការធ្វើពិធីប្រារព្ធសិទ្ធិជនជាតិភាគតិចមានចេតនាចង់លុបបំបាត់ការផ្សព្វផ្សាយដល់ការយល់ដឹងពីឱពុកម្តាយទៅកូនចៅ។អ្នកស្រីសានសារឿនបាននិយាយថាអាជ្ញាធរគេចង់លុបបំបាត់មិនឱ្យមានជនជាតិដើមភាគតិចតាំងពីចុះបញ្ជីសៀវភៅគ្រួសារនិងរៀបចំពិធីទំនៀមទម្លាប់ផ្សេងៗនៅក្នុងភូមិ។
ចំពោះរូបអ្នកស្រីវិញយល់ឃើញថាគាត់ចង់ឱ្យអាជ្ញាធរជួយលើកស្ទួយដល់ជនជាតិដើមភាគតិចគ្រប់ជនជាតិទាំងអស់ដែលនៅសល់សព្វថ្ងៃនេះ។អ្នកស្រីចង់ឱ្យប្រពៃណីរបស់បងប្អូនជនជាតិដើមមានតាំងពីមុនយ៉ាងណាចង់ឱ្យនៅបន្តទៅតាមទំនៀមទម្លាប់ដដែល។
អ្នកស្រី សាន សារឿនសំណូមពរ ឱ្យខាងអង្គការនិងប្រមុខរាជរដ្ឋាភិបាលជួយជ្រោមជ្រែងដល់បងប្អូន ជនជាតិដើមភាគតិចរស់នៅតាមតំបន់ឱ្យរក្សាបាននិងអនុវត្តទៅតាមទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីដូនតា មិនត្រូវលុបបំបាត់នោះទេ។ ព្រោះថា អ្នកស្រីនិងបងប្អូនជនជាតិផ្សេងទៀត មកជួបជុំគ្នា ដើម្បីទាមទារសិទ្ធិក៏មិនបានប៉ះពាល់លើផ្នែកនយោបាយណាមួយឡើយ។
អ្នកស្រីបញ្ជាក់ថាជនជាតិខ្មែរមានទំនៀមទម្លាប់ប្រពៃណីដូចជាបុណ្យចូលឆ្នាំខ្មែរឬក៏បុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យផ្សេងៗជាច្រើនទៀត។ក្នុងនាមគាត់ជាជនជាតិភាគតិចក៏សុំទាមទារសិទ្ធិទទួលបានក្នុងការរៀបចំប្រពៃណីរបស់ខ្លួនដូចគ្នាដែរ។គាត់យល់ថាអាជ្ញាធរចង់លុបបំបាត់ប្រពៃណីជនជាតិដើមភាគតិចឱ្យអស់កុំមានតទៅទៀត។លើសពីនេះអាជ្ញាធរពិសេសកងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថបានចុះទៅហាមឃាត់អ្នកចូលរួមតាំងពីយប់រហូតដល់ព្រឹក។
តែលោកវឿន សម្បត្តិមេឃុំក្បាលរមាសបានតបថាគាត់បានស្នើសុំឱ្យអ្នករៀបចំពិធីប្រារព្ធទិវាជនជាតិដើមភាគតិចអន្តរជាតិឱ្យសុំការអនុញ្ញាតពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងនិងលោកអភិបាលខេត្តជាមុនសិនដើម្បីមានចំណាត់ការណាមួយ។ប៉ុន្តែអ្នករៀបចំមិនបានយកលិខិតស្នើសុំទៅដាក់នៅសាលាឃុំនិងស្រុករួមទាំងថ្នាក់ដឹកនាំខេត្តនោះទេ។ពេលដល់ថ្ងៃរៀបចំសួរនាំបែរជាចោទអាជ្ញាធរថាមិនអនុញ្ញាតឱ្យធ្វើពិធីនោះទៅវិញ។អាជ្ញាធរមិនបានបំបែកការជួបជុំនោះទេចង់ធ្វើក៏ធ្វើទៅគ្រាន់តែស្នើសុំឱ្យមានច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ។
លោកមេឃុំក្បាលរមាសបានបញ្ជាក់ថា ជាក់ស្តែងការរៀបចំពិធីធ្វើទៅបានចប់ចុងចប់ដើមគ្មានការគាបសង្កត់ណាមួយឡើយ។ រីឯការចោទប្រកាន់មកលើអាជ្ញាធរថាបានហាមអ្នកចូលរួមនោះមិនត្រឹមត្រូវទេ។អាជ្ញាធរសុំឱ្យអ្នកពាក់ព័ន្ធគោរពច្បាប់ទាំងអស់គ្នាព្រោះថាប្រទេសមានច្បាប់យើងត្រូវតែគោរពច្បាប់។ចំណែកលោកឡត ម៉ារ៉ន មេប៉ុស្តិ៍នគរបាលឃុំក្បាលរមាសបាននិយាយថាក្នុងនាមជាកម្លាំងសមត្ថកិច្ចត្រូវតែចុះទៅសួរនាំរឿងមានឬអត់ច្បាប់ទម្លាប់អីចឹងហើយ។ចង់ធ្វើក៏ធ្វើទៅសូមឱ្យគោរពច្បាប់សុំមកខាងអាជ្ញាធរជាមុនសិនចាំធ្វើគ្រាន់តែប៉ុណ្ណឹងមានអីខុស។បើសិនជាអត់ច្បាប់សមត្ថកិច្ចត្រូវតែហាមឃាត់ប៉ុន្តែពិធីដែលរៀបចំឡើងនោះគេមិនបានហាមឃាត់ឯណា។សមត្ថកិច្ចគ្រាន់តែណែនាំថា បើចង់ធ្វើពិធីអ្វីមួយនៅថ្ងៃក្រោយត្រូវតែសុំច្បាប់មកខាងអាជ្ញាធរជាមុនសិន៕