ក្រៅពីមិនសុំទោស លោក ហុង លីម​ចាត់ទុក​សភា​កម្ពុជា​ជា​ជា​ស្ថាប័ន​ដែល​គ្មាន​មនសិការ​ជាតិ​

10-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖ សមាជិកសភា​ខ្មែរ​-​អូស្ត្រាលី​ប្រចាំ​រដ្ឋ​វ៉ិ​ក​តូ​រី​យ៉ា​(Victoria) លោក ហុង លីម នៅតែ​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​ចំពោះ​ការបញ្ចេញ​​មតិ​របស់លោក ដែលថា របប​ដឹកនាំ​សព្វថ្ងៃ ជា​របប​តិរច្ឆាន ទោះបី​មានប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​នីតិបញ្ញត្តិ​និង​ក្រុម​អង្គការ​-​សមា​​គម​ជាច្រើន​របស់​កម្ពុជា​យ៉ាងណាក៏ដោយ​។​

​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា និង​សមាគម​កម្ពុជា បាន​ថ្កោលទោស ចំពោះ​ការ​ថ្លែង​របស់លោក ហុង លីម​ដែល​ហៅ​របប​ដឹក​នាំនៅ​កម្ពុជា​ថា​ជា​​របប​តិរច្ឆាន​នោះ ជាការ​មួលបង្កាច់​ការ​ពិត ហើយ​ទាមទារ​ឲ្យ​លោក ហុង លីម សុំទោស ជា​សាធារណៈ​។

​ទោះជា​យ៉ាងណាក៏ដោយ​លោក ហុង លីម បាន​ថ្លែងប្រាប់​វិទ្យុ​ក្រៅ​ស្រុក​មួយកាលពីព្រឹកថ្ងៃ១០សីហាថា ស្ថាប័ន​នីតិបញ្ញត្តិ​របស់​កម្ពុជា​ជា​ស្ថាប័ន​មួយ​ដែល​​ស្ថិតនៅក្រោម​បញ្ជា​របស់​មនុស្ស​តែ​ម្នាក់ និង​ជា​ស្ថាប័ន​ដែល​គ្មាន​មនសិការ​ជាតិ​ជាធំ​នោះឡើយ​៖ “​សភា ស្រុក​ខ្មែរ​គឺជា​សភា​ទីងមោង​ទេ​ហ្នឹង​ទោះ​​ជា​លោក​ហ៊ុន សែន ចង់​ឲ្យ​ធ្វើ​អី​គឺ​ចាំតែ​លោត​ហ្នឹង ចង់​ឲ្យ​លោត​កម្ពស់​ណា​ក៏​លោត​ដែរ គឺ​លោត​ទាល់តែ​បាក់ក​ងាប់​ខ្លួនឯង​ទាំងអស់គ្នា​ក៏​នៅតែ​ធ្វើ​​ដែរ ពីព្រោះ​អត់​មាន​មនសិការ​ក្នុង​ខ្លួន មាន​តួនាទី​ជា​អ្នកតំណាង​ប្រជាជន​។ អា​រឿងរ៉ាវ​ដែល​ត្រូវធ្វើ​ដូចជា​ការបំផ្លិចបំផ្លាញ​បរិស្ថាន រឿង​ទ័ព​យួន ចូលមក​នៅក្នុង​ស្រុក​ខ្មែរ​អីហ្នឹង ហើយនឹង​រឿង​អំពើពុករលួយ​អស់សាច់ អស់ថ្លៃ​ហ្នឹង​ហើយនឹង​រឿង​អ្នកស្រុក​អត់​ការធ្វើ​និង​ភាពក្រីក្រ​ល្ហេ​ម​ល្ហា​ម​៨៥% រកលុយ​បានតែ​បី​ដុល្លារ​ក្នុង​មួយថ្ងៃ ដូច​ការវិភាគ​របស់ លោក កែម ឡី​”​។​

​លោក ហុង លីម បន្ដទៀតថា គ្មាន​ផ្លូវ​ណា​ដែល​ត្រូវ​ឲ្យ​លោក​សុំទោស​ចំពោះ​ពាក្យសំដី​របស់លោក ដែល​ចាត់ទុក​ការដឹកនាំ​របស់លោក ហ៊ុន សែន ជា​របប​តិរច្ឆាន​នោះឡើយ​។

​ព្រឹទ្ធសភា នៃព្រះ​រាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ បាន​ថ្កោលទោស​លោក​ហុង លីម តំណាងរាស្ត្រ នៃ​រដ្ឋ​Victoria ប្រទេស​អូស្ត្រាលី សញ្ជាតិ​ដើម​ជា​ជនជាតិខ្មែរ ដែល​បាន​ប្រើប្រាស់​ភាសា​អសីលធម៌ អគតិ គ្មាន​ឧ​ត្ត​ម​គិ​តិ​ចា​តិ និង​ប្រជាជន ខ្វះ​ការគោរព​សិទ្ធិមនុស្ស​ព្រមទាំង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​ជាតិ យ៉ាងធ្ងន់ធ្ងរ​។​

​ចំណែក​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា បានចេញ​សេចក្តីប្រកាស​មួយ​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦​ដោយ​ថ្កោលទោស​ចំពោះ លោក ហុង លីម ដែល​បាន​ប្រៀបប្រដូច​របប​នៅ​កម្ពុជា​ថា ជា​របប​តិរច្ឆាន ដោយ​រដ្ឋសភា​បាន​ចាត់ទុកថា នេះ​ជាការ​ប្រមាថ និង​បួល​បង្កាច់​ធ្ងន់ធ្ងរ​មកលើ​​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា ហើយ​ផ្ទុយ​នឹង​ការពិត​ទាំងស្រុង​។​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ តំណាងរាស្ត្រ​អូស្ត្រាលី លោក ហុង លីម  បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក ជុន ច័ន្ទ​បុត្រ នាយក​វិទ្យុ​អាស៊ីសេរី ដែល​និយាយ​ជា ខេមរភាសា​ដោយ​ដាក់​ចំណងជើង​ថា «​តំណាងរាស្ត្រ ខ្មែរ​-​អូស្ត្រាលី ចាត់ទុក​របប​នៅ​កម្ពុជា​ជា​របប​តិ​រ​ច្ឆា​​ន​»៕

 

ចំនួនអ្នកទស្សនា

    20686597

  • ថ្ងៃនេះ901
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18471
  • ខែនេះ901
  • ឆ្នាំនេះ244141
  • សរុប20686597