ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានអំពាវនាវឲ្យអាណាព្យាបាល និងបេក្ខជនប្រឡងឲ្យមានការប្រុងប្រយ័ត្ន ព្រោះថាមានជនខិលខូចបានលួចបង្កើតគណនីហ្វេសប៊ុកក្លែងរបស់ក្រសួងអប់រំ ក្នុងគោលដៅដាក់លក់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឲ្យដឹងថា មានជនខិលខូចលួចបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ(Facebook Account) របស់ក្រសួងអប់រំ យុវជននិងកីឡា ដែលប្រើរូបសញ្ញា(Cover&Profile) ក្នុងបំណងមិនល្អដោយបានផ្សព្វផ្សាយដាក់លក់វិញ្ញាសា និងផ្ដល់លេខទូរស័ព្ទសម្រាប់ទាក់ទងថែមទៀត។
ការលួចបង្កើតគណនីហ្វេប៊ុកក្លែងក្លាយនេះ ស្របពេលដែលក្រសួងនឹងរៀបចំសម័យប្រឡងបាក់ឌុប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះដោយមានបេក្ខជនប្រឡងសរុបចំនួន៩៣.៧៥២នាក់ ក្នុងនោះមានមណ្ឌលប្រឡងចំនួន១៥៧មណ្ឌល និង៣.៧៨១បន្ទប់ នៅទូទាំង២៥ រាជធានី-ខេត្ត។
ចំពោះបញ្ហានេះ ក្រសួងបានសហការជាមួយអាជ្ញាធរ ក្នុងការស្វែងរកនិងវែកមុខជនខិលខូច ដែលលួចបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរ។
ក្នុងនោះក្រសួងអប់រំ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល និងបេក្ខជន ដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជានាពេលខាងមុខនេះ បង្កើនការប្រុងប្រយ័ត្ន និងកុំជឿបុគ្គលមួយចំនួនផ្សព្វផ្សាយក្នុងរូបភាពជាការលក់ដូរវិញ្ញាសា ដែលនាំឲ្យខាតបង់ថវិកានិងទ្រព្យសម្បត្តិ។ ក្រសួងអប់រំ ក៏ឆ្លៀតបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងតែមួយគត់ គឺMoEYS Cambodiaតំណភ្ជាប់https://www.facebook.com/moeys.gov.kh សម្រាប់ផ្សព្វផ្សាយដំណឹងជូនសាធារណជន និងសិស្សានុសិស្ស ហើយបច្ចុប្បន្នទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំនេះ មានការតាមដាន (Like)ជាង១,២លាននាក់៕