ក្រសួង​ដាក់ចេញ​ចំណាត់ការ​តឹងរឹង បន្ទាប់ពី​មើលឃើញថា​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​នៅតែ​បង្កបញ្ហា​

11-August-2016 | ដោយ មែន កំសត់

 

 

​ភ្នំពេញ​ ៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង ក្រសួង​រ៉ែ​និង​ថាមពល រួម​នឹង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​រួមគ្នា​ដាក់ចេញ​វិធានការ​ថ្មី ជាមួយនឹង​ការអនុវត្តន៍​ច្បាប់​ឲ្យ​តឹងរឹង​ជាង​សព្វមួយដង ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន រួមទាំង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ គោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ដឹកជញ្ជូន​នៅ​កម្ពុជា ជាពិសេស​កុំ​ឲ្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​បង្ហុយដី បង្ហូ​ខ្សាច់​តាមផ្លូវ​សាធារណៈ​បំផ្លាញ​សោភ័ណភាព​ទីក្រុង​និង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​។​

​បន្ទាប់ពី​ការបើក​កិច្ចប្រជុំ​ពិភាក្សា​រួមគ្នា​ដឹកនាំ​ដោយ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​អស់​ជាច្រើន​ម៉ោង​នៅ​​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ វិធានការ​សំខាន់ៗ ចំនួន​៣ ត្រូវបាន​ដាក់ចេញ ដោយ​រំពឹងថា នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​អ្នក​​រកស៊ី​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម​ជាដើម ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ច្បាប់​ដឹកជញ្ជូន ហើយ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម​នឹងមាន​ការ​គ្រប​ឲ្យ​បាន​ត្រឹម​​ត្រូវ មិន​បង្ហុយដី បង្ហូ​ខ្សាច់​នៅតាម​ផ្លូវ​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ថា វិធានការ​ទាំង​៣​ដែល​ក្រសួង​បាន​ឯកភាពគ្នា​អនុវត្ត​​ជា​ជំ​ហ៊ាន​ដំបូង​នេះ​រួមមាន ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ទៅ​ក្រុមហ៊ុន និង​អ្នករកស៊ី​ដឹកជញ្ជូន​, មន្ត្រី​ជញ្ជីង​ចល័ត​សហការ​ជាមួយ​មន្ត្រីនគរបាល​​ឆ្មក់​ចូលទៅ​ថ្លឹង និង​ពិនិត្យ​ទំនិញ​នៅតាម​រថយន្ត​ដឹកជញ្ជូន​នានា ដោយ​មិន​ឲ្យ​អ្នក​ដឹកជញ្ជូន​ដឹង​ជាមុន​នោះឡើយ ហើយ​វិធានការ​មួយទៀត​នោះ ក្រសួង​នឹង​រៀបចំ​កែ​អនុក្រឹត្យ អនុញ្ញាត​ឲ្យ​មន្ត្រីនគរបាល​អាច​ទៅ​ឈរជើង​ជាមួយ​មន្ត្រី​ជញ្ជីង​អចល័ត​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​នានា​ដើម្បី​ឲ្យ​មន្ត្រី​នគរ​បាល​ពិនិត្យ និង​ផាកពិន័យ​រថយន្ត​មិន​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ចរាចរណ៍​ស្របគ្នា​តែម្តង​។​

​លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​លំអិត​ទៅលើ​វិធានការ​ទាំង​៣​នេះ​ថា វិធានការ​ទី​១. មន្ត្រី​នឹងធ្វើ​ការផ្សព្វផ្សាយ ណែ​នាំទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ លើ​មាត្រា​មួយចំនួន​ទាក់ទង​ការដឹក​ទំនិញ​សំពោងសំពាយ មាន​មាត្រា​៥៦,៥៧ ច្បាប់​ចរាចរណ៍ និង​មាត្រា​៦៧ លើ​ច្បាប់​ផ្លូវថ្នល់​ដែល​បានចែង​​ច្បាស់​ណាស់​ថា ជន​ណា​ធ្វើ​ឲ្យ​ផ្លូវ​ហ្នឹង​វា​ស្អិត ធ្វើ​ផ្លូវ​ហ្នឹង​រអិល​ត្រូវមាន​ការផាកពិន័យ ហើយ​ណែនាំ និង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មាត្រា​នីមួយៗ​នៃ​ច្បាប់​​ចរាចរណ៍ និង​ច្បាប់​ផ្លូវថ្នល់ រួមជាមួយ​សរាចរ​ណ៍​ណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុងការ​ដឹកជញ្ជូន​ធនធាន​រ៉ែ​, វិធានការ​ទី​២. ក្រុម​ជញ្ជីង​ចល័ត របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​សហការ​ជាមួយ​នគរបាល​ទៅ​ឆ្មក់​ទៅ​ហៅ​ឡាន​មក​ថ្លឹង ដើម្បី​ពិនិត្យមើល​លើក​ទម្ងន់​កំណត់ ឬ​អត់​? ​ពេល​ជាមួយគ្នា​នោះ ខាង​នគរបាល ក៏​មើល​ទៀតថា តើ​ឡាន​ដឹកទំនិញ​នោះ​ខុស​នឹង​ច្បាប់​ចរាចរណ៍​អី​ខ្លះ បើ​ដឹក​សំពីងសំពោង​ខុស​នឹង​ច្បាប់ ក៏​ខាង​នគរបាល​អាច​ផាកពិន័យ​បានដែរ ឬ​យ៉ាងណា​, វិធានការ​ទី​៣. នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​អចល័ត​ក៏ដូចជា​ចល័ត​ថ្ងៃក្រោយ​យើង​អាច​​ដូរ​អនុក្រឹត្យ ដើម្បី​ឲ្យ​មន្ត្រីនគរបាល ដែល​ចូលរួម​សហការ​ជាមួយ​គណៈកមមការ​ជញ្ជីង​នេះ លោក​មាន​ភារកិច្ច​ជា​មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​​មាន​សិទ្ធិ​ផាកពិន័យ​គ្រប់ការ​ល្មើសច្បាប់​ចរាចរណ៍​ទាំងស្រុង​តែម្តង​។​

​ប្រជាជន ជាពិសេស​អ្នកក្រុង​ភ្នំពេញ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ថា​តើ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់ តិច​លោ​​ដូច​ចំណាត់ការ​របស់​ក្រុង​ដែល​ប្រកាស​ក្តែ​ងៗ​កន្លងមក​តែ​ចំណុច​អវិជ្ជមាន​ចេញពី​ពួក​រថយន្ត​ដឹក​ខ្សាច់​ដឹក​ដី​នេះ​នៅតែ​ដដែល​ដោយសារតែ​ក្រុង​កន្លង​​មក​ច្រើនតែ​បញ្ជា​ទៅ​អស់លោក​ខណ្ឌ​ដែល​ធ្លាប់តែ​សើម​មាត់​សើ​មកពី​បណ្តា​ក្រុមហ៊ុន​ទាំងនេះ​។​ម្យ៉ាង​ពួកក្រុម​ហ៊ុន​បូម​ខ្សាច់​ដឹក​ដី​ទាំងនេះ​ច្រើន​​តែមាន​ខ្នង​លោកធំ ចាំមើល​លោក​ទេសរដ្ឋមន្ត្រី​ធ្វើកើត​ដែរ​ឬ​អត់​៕

 

ចំនួនអ្នកទស្សនា

    20784167

  • ថ្ងៃនេះ3731
  • ម្សិលមិញ4001
  • សប្តាហ៍នេះ22281
  • ខែនេះ3731
  • ឆ្នាំនេះ341711
  • សរុប20784167