ចៅប្រុស​អាយុ​10​ឆ្នាំ រើស​អេ​ត​ចាយ​ចិញ្ចឹម​ លោកយាយ​អាយុ​81​ឆ្នាំ​

11-August-2016 | ដោយ មែន កំសត់

 ខេត្ដកំពង់ឆ្នាំង ៖ កុមា​រា​ម្នាក់​ក្នុង​ចំណោម​សិស្សសាលា​ជា​ច្រើន​នាក់ ដែល​ទើប​ចេញពី​សាលារៀន បាន​និយាយ​ថា​ ៖ «​អាចយ វា​ខានទៅ​រៀន​៣​ថ្ងៃ​ហើយ ព្រោះ​វា​គ្រុន ខ្ញុំ​បាន​សុំ​ច្បាប់​គ្រូ​ឱ្យ​វា​ហើយ​» ។ មិត្តភក្ដិ​រៀន​ថ្នាក់​ជាមួយ​កុមា​រា​ឈ្មោះ ឈិ​ន វី​រៈ ហៅ​ច​យ បាន​បញ្ជាក់​បែប​នេះ​ពេល​ដែល​ភ្នាក់ងារ​យើង​កំពុង​ថត​យក​រូបភាព​កុមា​រា​ ឈ្មោះ ច​យ កំពុង​ដេក​ដណ្តប់ភួយ​ទាំង​ក្តៅខ្លួន រងា​ចំប្រប់​នៅ​ពីក្រោយ​ជីដូន​ជរា​ពិការ អាយុ​៨១​ឆ្នាំ ។ ទិដ្ឋភាព​យ៉ាង​កំសត់​នេះ បាន​កើតឡើង​លើ​គ្រួសារ​មួយ ​ដែល​សល់​តែ​ជីដូន​ចាស់ជរា ពិការ​ម្នាក់​ រស់នៅ​ជាមួយ​ចៅប្រុស​អាយុ​១០​ឆ្នាំ លើ​ដី​មួយ​កន្លែង​ជា​របស់​ស្ថានីយ​រថភ្លើង​រមាស​ស្ថិត​ក្នុងភូមិ​ស្រែ​តា​ ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំ​ពង​ឆ្នាំង ។

គួរ​រំលឹក ​ថា បន្ទាប់​ពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម បាន​បង្ហោះ​រូបភាព​កុមា​រា​អាយុ​១០​ឆ្នាំ ម្នាក់​រៀន​ថ្នាក់​ទី​២ ​នៅ​សាលា​បឋម​សិក្សា​រមាស រស់នៅ​ដោយ​ការ​រើស​អេ​ត​ចាយ ចិញ្ចឹម​ជីដូន​អាយុ​៨១​ឆ្នាំ​ ព្រោះតែ​ម្តាយ​-​ឪពុក​លែងលះ​គ្នា​ហើយ ​បោះបង់​ពួក​គាត់​ចោល​ ឱ្យ​រស់​កណ្តោចកណ្ដែង​ជាង​៣​ឆ្នាំ​ហើយ​នោះ ភ្នាក់ងារ​យើង​បាន​ចុះ​ទៅ​ដល់​ខ្ទម​ដែល​ពួក​គាត់​រស់នៅ ។

ក្នុង​ ខ្ទម​ប្រក់​ស្លឹក​ធ្លុះធ្លាយ ដូន​ចាស់​ដែល​មាន​អាយុ​៨១​ឆ្នាំ​ មានឈ្មោះ អ៊ូ យឿ​ន បាន​រៀបរាប់​ថា កូនស្រី​គាត់​ឈ្មោះ ប្រាក់ ដា​វី បាន​ចេញ​ទៅ​រកស៊ី ហើយ​បាន​បាត់​រហូត​ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ឈិ​ន វី​រៈ ហៅ​អាចយ ឱ្យ​គាត់​មើលថែ​ ដោយ​មិន​ដែល​បាន​ផ្តល់​លុយកាក់​មក​ឱ្យ​គាត់​១​រៀល​ឡើយ ។

កាលពី​២​ ឆ្នាំ​មុន​គាត់បាន​ធ្លាក់​ពីលើ​គ្រែ ហើយ​បាន​ពិការ​ដល់​សព្វថ្ងៃ និង​រស់​ដោយ​ក្តី​លំបាក​វេទនា បាន​បងប្អូន​អ្នក​ជិតខាង​ជួយ​ផ្តល់​ប្រាក់​កាស​បន្តិចបន្តួច​ គ្រាន់​ទិញ​បាយ​ហូប​ពីរ​នាក់​ចៅ ។ ពេល​ខ្លះ ចៅប្រុស អាចយ វា​ដើរ​រើស​អេ​ត​ចាយ​លក់​បាន​៥​០០ ទៅ​១,០០០​រៀល​ ទិញ​បាយ​មក​ហូប ពេល​ខ្លះ​ក៏​ដាច់​បាយ​ដែរ ជួនកាល​ បាន​អ្នក​ជិតខាង​ឆ្លៀត​មក​បោក​ខោអាវ លាង​សំអាត​ខ្លួនប្រាណ​ឱ្យ​គាត់ ​ព្រោះតែ​គាត់​ពិការ ហើយ​ពេល​នេះ​ គាត់​ដំបៅ​ត្រគាក​ទៀត ព្រោះតែ​ដេក​ខ្លាំង​ពេក ។ ចុង​ក្រោយលោកយាយ​សូម​អំពាវនាវ​ដល់​សប្បុរសជន​នានា​មេត្តា​ជួយ​ដល់​គាត់​ផង ។

សូម​បញ្ជាក់​ថា ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ក៏​មាន​សប្បុរសជន​នានា ​ផ្តល់​អំណោយ​ដល់​លោកយាយ អ៊ូ យឿ​ន តាម​រយៈ​ភ្នាក់ងារ​យើង​មាន​ទឹកប្រាក់​សរុប​២៨​ម៉ឺន​រៀល ហើយ​លោកយាយ​បាន​ជូនពរ​ និង​ឱ្យ​ធម៌​ផង​ដែរ ។ ក្នុង​ពេល​នោះ​ដែរ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ព្រឿ​ន ស្រី​នី​ន ដែល​ជា​អ្នកលក់​បាយ​ជា​ប្រចាំ​ឱ្យ​លោកយាយ និង​ចៅ​កំសត់​ខាងលើ​បាន​និយាយ​ថា ​៖ « អាចយ វា​ទិញ​បាយ​ខ្ញុំ​រាល់ថ្ងៃ បាយ​៥​រយ​រៀល សម្ល​១​ពាន់​រៀល ខ្ញុំ​ថែម​ឱ្យ​រហូត​ជាង​១​ឆ្នាំ​ហើយ ។ ពេល​ខ្លះ​លក់​បាយ​សល់ ខ្ញុំ​យក​មក​ឱ្យ​ដល់​ផ្ទះ អាណិត​គាត់​ណាស់ អ្នក​នៅ​ជិត​ៗ​នេះ​មិន​មើល​នឹង​ភ្នែក​ទេ » ៕

 

ចំនួនអ្នកទស្សនា

    20686347

  • ថ្ងៃនេះ651
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18221
  • ខែនេះ651
  • ឆ្នាំនេះ243891
  • សរុប20686347