ខេត្តកណ្ដាល ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរ ហ្គ្រេនអនន័រ (GREAT HONOUR) ចំនួន៩៧០នាក់ ដែលមានទីតាំងនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង កាលពីព្រឹកថ្ងៃទី១១សីហា បាននាំគ្នា ជិះរ៉ឺម៉ក មកសាលាខេត្តកណ្ដាល ដើម្បីស្នើសុំឱ្យអាជ្ញាធរ ជួយអន្តរាគមន៍ ដល់ពួកគាត់ ដែលត្រូវបានថៅកែរោងចក្ររត់ចោល មិនបើកប្រាក់ខែឱ្យកម្មករ ហើយបិទទ្វាររត់ចោលកម្មករ។
ក្រុមកម្មករបាននាំគ្នាមកឈរ និងឈប់រ៉ឺម៉ក ត្រៀបត្រានៅមុខសាលា ខេត្តដោយស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រី មន្ទីរការងារ ជួយរកយុត្តិធម៌ដល់ពួកគាត់ ដោយសារថៅកែរោងចក្រ បានរត់ចោលកម្មករ និងមិនបើកប្រាក់ខែឱ្យកម្មកររយៈពេលមួយខែ គឺប្រាក់ខែក្នុងខែកក្កដាកន្លងមកនេះ។ កម្មករលើកឡើងថា ពួកគាត់ធ្វើការជាកម្មករសង្ឃឹមលើប្រាក់ខែ ជាង១០០ដុល្លារ សម្រាប់ចាយវាយ ដោះស្រាយជីវភាពប្រចាំថ្ងៃ។
បើថៅកែរោងចក្រ រត់ចោលមិនបើកប្រាក់ខែឱ្យកម្មករ តើពួកគាត់មានអ្វីសង្ឃឹមនោះ។ កម្មករបានសំណូមពរដល់អាជ្ញាធរ ជួយដោះស្រាយឲ្យយបានឆាប់ បើរោងចក្រនេះក្ស័យធន បិទទ្វារ សូមឱ្យថៅកែរោងចក្រ ទូទាត់ប្រាក់ផ្សេងៗទាំងអស់ដល់កម្មករតាមច្បាប់ស្ដីពីការងារឱ្យបានត្រឹមត្រូវផង។ តំណាងសហជីព កម្មករកម្ពុជា ប្រចាំរោងចក្រនេះ លោកស្រី ឡាច សុភណ្ឌ័ បានប្រាប់ឱ្យដឹងថា ខាងតំណាងរោងចក្រនេះ បានប្រកាសប្រាប់កម្មករនិងបុគ្គលិកថា រោងចក្រក្ស័យធន បានបិទទ្វារហើយ និងបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយផងដែរ។
តំណាងសហជីពរូបនេះបានបន្តថា នៅរសៀលថ្ងៃទី១១ ខែសីហាដដែល អាជ្ញាធរខេត្ត មន្ត្រី ក្រសួង មន្ទីការងារ បានចុះទៅពិនិត្យ នៅរោងចក្រនោះផ្ទាល់ និងបានធ្វើកំណត់ហេតុរាប់សម្ភារក្នុងរោងចក្រនោះ និងចាក់សោះទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំពិភាក្សាដោះស្រាយជាក្រោយ។ បើទោះជាបែបណា កម្មករ និងបុគ្គលិករោងចក្រនេះ បានសំណូមពរដល់អាជ្ញាធរ និងមន្ទីរ ក្រសួងការងារធ្វើយ៉ាងណា សូមជួយដោះស្រាយឱ្យកម្មករទួលបានប្រាក់ផ្សេងៗគ្រប់ចំនួនតាមច្បាប់ស្តីពីការងារផង៕