រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបញ្ជាឲ្យលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ទៅយករថយន្តសង្គ្រោះប្រគល់ជូន វិទ្យុ ABC វិញនោះ ប្រមុខរដ្ឋាភិបាលបានទូរស័ព្ទទៅកាន់ស្ថានីយវិទ្យុ ABC ដោយផ្ទាល់ នៅថ្ងៃទី១៣ សីហា ២០១៦នេះ បានបញ្ជាក់ថា សម្តេចនឹងដកតំណែង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកសុខ សុគន្ធ ផងដែរ បន្ទាប់ពីប្រធានមន្ទីរសុខាភិបាល រូបនេះ រងនូវការរិះគន់ពីកម្សោយ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងក្រោយពេលដែលរូបលោក សុខ សុគន្ធ បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួន រឹបអូសយករថយន្តសង្គ្រោះរបស់វិទ្យុ ABC ។
ការរឹបអូសទុករថយន្តសង្គ្រោះរបស់វិទ្យុ ABC នោះកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ម៉ោង១០និង៣០នាទីព្រឹក ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងរាជធានីភ្នំពេញ ដោយបានធ្វើការឃាត់រថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុ ABC FM107.50 ដែលកំពុងតែចរាចរ ដឹកផលិតផលទឹកត្របែក ទៅចែកចាយបន្ត ទៅអាជីវករលក់បន្ត នៅចំណុចស្ពានអាកាស៥មករា (ស្តុបតិចណូ) ។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង បន្ថែមទៀត ដើម្បីឲ្យស្ថានីយវិទ្យុABC ធ្វើសកម្មភាពមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ៕