​ក្រសួង​ព័ត៌មាន​នឹង​ចាត់ការ​លើពាក្យសម្តី​អាចារ្យ A

13-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ​៖​ប្រភពពីដ្រេហ្គនបានឲ្យដឹងថាអ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​អនុរដ្ឋលេខាធិការ​អ៊ុក​គឹម​សេង​បាន​ឲ្យ​ដឹងថា​គណៈកម្មការ​សោតទស្សន៍​ទទួលបន្ទុក​លើ​កិច្ចការ​វិទ្យុ​និង​ទូរទស្សន៍​បាននិងកំពុង​ប្រជុំ​រៀបចំ​វិធានការ​ដើម្បី​ចាត់ការ​ទៅលើ​ពាក្យសម្តី​របស់​អាចារ្យ​អេ​(A)​នាយក​វិទ្យុ​អេ​ប៊ី​ស៊ី​(ABC)​ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ត្រី​ប្រកប​របរការ​ងារ​នៅតាម​ហាង​ខារ៉ាអូខេ ។​

​លោក​អនុរដ្ឋលេខាធិការ​អ៊ុក គឹម​សេង​មានប្រសាសន៍ថា​"​ករណី​មួយ​នេះ​ក្រសួង​មិនមែន​ធ្វើ​ព្រងើយកន្តើយ​ទេ​,​ក្រសួង​កំពុងតែ​ពិចារណា​ថា តើ​ត្រូវ​រៀបចំ​ដំណើរ​គេ​ហៅថា​ណែនាំ​យ៉ាងម៉េច​ចំពោះ​អត្ថាធិប្បាយ​កាលពី​ម្សិល​(​សម្តី​អាចារ្យ​A)​ខ្ញុំ​ក៏បាន​ស្តាប់ឮ​នឹង​ត្រចៀក​ដែរ​ហើយ​យើង​កំពុង​គិតថា យើង​គួរ​ធ្វើ​របៀប​ម៉េច​"​។​

ការលើកឡើង​របស់​អា​ចា​រ្យ A ក្រៅពី​មានការ​រិះគន់​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក អ្នកធ្វើ​ការដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​ស្ត្រី​ក៏​មិន​ពេញចិត្ត​ដែរ​។​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ស្ត្រី​បាន​ប្រតិកម្ម​ចំពោះ​សម្តី​របស់លោក​សេង​ប៊ុន​វ៉េង​នាយក​វិទ្យុ​ABC107.5Mhz​ដែល​បាន​និយាយថា​នារី​បម្រើការ​តាម​ហាង​ខារ៉ាអូខេ​គួរ​លក់ខ្លួន​ឲ្យ​អ្នកមាន​លុយ​ជាជាង​ការបន្ត​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​ភ្ញៀវ ។​

​សម្តី​របស់​អាចារ្យ​A​បាន​និយាយ​តាម​វិទ្យុ​ABC​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ដែលជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់ ដែលថា កំពុង​បម្រើការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ ដែល​បាន​សួរថា "​បើសិនជា​មានកូន​អ្នកមាន​ឬ​សេដ្ឋី​ម្នាក់​មក​ស្រឡាញ់ តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​?"​ពេលនោះ​អាចារ្យ​A​បាន​តប​វិញ​ថា​"​រវាង​យើង​អង្គុយ​ផឹក​(​ស្រា​បៀរ​)​រាល់ថ្ងៃ​និង​សុខចិត្ត​លក់ខ្លួន​ឲ្យ​សេដ្ឋី​ហ្នឹង យកលុយ​មួយ​ដុំ ដើម្បី​ប្រកប​អាជីព​អ្វី​ផ្សេង​យកលុយ​ទៅ​កូន​"​។​

​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​មានការ​អត្ថាធិប្បាយ​បែបនេះ​ក៏​ផ្តើមចេញ​ការដែល​អាចារ្យ​A​បាន​ប្តឹង​ឲ្យ​នគរបាល​ក្រុង​តាខ្មៅ​ឃាត់​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ​ដែល​ភរិយា​ចុង​របស់លោក​ឈ្មោះ​កេ​ត​រដ្ឋា​មាន​"​ស្រី​"​។​រឿងរ៉ាវ​ផ្ទុះឡើង​កាលពី​ថ្ងៃទី​៩​ខែសីហា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ក្រុង​តាខ្មៅ​នៅពេលដែល​ដឹងថា​ភរិយា​ចុង​របស់​អាចារ្យ​A​មាន​"​ស្រី​"​។
​គេ​ធ្លាប់តែ​ប្រពន្ធ​មាន​សហាយ​ជា​មនុស្ស​ប្រុស​ប៉ុន្តែ​នេះ​ភរិយា​ចុង​របស់​អាចារ្យ A មាន​សហាយ​ជាម​នុស្ស​ស្រី ។​

សេចក្តី​ថ្លែង​របស់​អាចារ្យ A ញាំ​ង​ឲ្យ​មានប្រតិកម្ម​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ។ លោកស្រី​រស់​សុភាព​នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​បាន​ហៅ​ការលើកឡើង​របស់​អាចា​រ្យ A ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសម្រេចចិត្ត និង​កិត្តិយស​របស់​ស្ត្រី ហើយ​ថែមទាំង​អាច​រារាំង​ដល់​ការអភិវឌ្ឍ​គោលនយោបាយ​ជាតិ​ទៅលើ​ស្ត្រី ។​លោកស្រី​មានប្រសាសន៍ថា​វា​ជាការ​យល់ឃើញ​របស់គាត់ ប៉ុន្តែ​គ្រាន់តែ​ថា​គាត់​ជា​បុគ្គល​ម្នាក់​ដែលមាន​ឥទ្ធិពល​ទៅលើ​ការផ្សព្វផ្សាយ​ព័ត៌មាន​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការលើកស្ទួយ​គោលនយោបាយ និង​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការសម្រេចចិត្ត​រប​ស់បុ​គ្គល ។​
​លោកស្រី​អ៊ូ​ទិព្វ​ផល្លី​ន​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​ស្ត្រី​បម្រើ​សេវាកម្ម​កម្សាន្ត​នៃ​សហព័ន្ធ​សហជីព​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​បាន​ហៅ​ការលើកឡើង​របស់​អាចា​រ្យ​A​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្ត្រី​ច្រើន​នាក់​។​បើតាម​លោកស្រី​បច្ចុប្បន​មាន​ស្ត្រី​កំពុង​បម្រើ​ការងារ​នៅតាម​ហាង​ខារ៉ាអូខេ​និង​ភោជនីយដ្ឋាន​ប្រហែល​៣​ទៅ​៥​ម៉ឺន​នាក់​។​ដូច្នេះ​ការអត្ថាធិប្បាយ​នេះ​ប៉ះពាល់​ដល់​អ្នក​ដែល​កំពុងធ្វើការ​ទាំងនោះ​ស្រប​ពេលដែល​សេវាកម្ម​កម្សាន្ត​កំពុង​រីក​ដូច​ផ្សឹ​ត ។​

​អនុប្រធាននាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការនារី លោកស្រី ស ស៊ី​ណែ​ត មានប្រសាសន៍ថា ការដែល​អាចារ្យ A លើកឡើង វា​អាច​ជះឥទ្ធិពល​ចំពោះ​ស្ត្រី ជាពិសេស​ស្ត្រី​បម្រើ​សេវាកម្ម​កម្សាន្ត ហើយ​ពួកគេ​អាច​នឹង​យក​គំរូ​នៃ​ការលក់ខ្លួន​ជា​បន្តបន្ទាប់ ។ ការបញ្ចេញ​យោបល់​រប​ស់​អាចារ្យ A គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​នារី ដែល​កំពុងធ្វើការ​ងារ​លើ​វិស័យ​នៃ​ការលក់ដូ​ស្រា​បៀរ និង​ក្លិប​កម្សាន្ត ។

 លោកស្រី​មានប្រសាសន៍ថា "​សម្តី​មួយ​ម៉ាត់​ហ្នឹង ប៉ះពាល់​មែនទែន ជាពិសេស​សំខាន់​ទៅដល់​នារី ដែលជា​ក្រុម​គោលដៅ ដែល​គាត់​ជា​អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ គេ​អាច​នឹង​យក​គំរូ​ដូច​សម្តី​ដែល​អាចារ្យ A និយាយ​"​។​មិនតែប៉ុណ្ណោះ សេចក្តី​ថែ្ល​ង​របស់​អាចារ្យ​A ក៏​រុញច្រាន​ច្បាប់​ពេស្យាចា​រ្យ និង​ច្បាប់​ឯក​ពន្ធភាព ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី ស ស៊ី​ណែ​ត ។​

 លោកស្រី​បន្ថែមថា អ្នក​ដែល​យកលុយ ឬ​របស់​ផ្សេងៗ​ជា​ថ្នូរ​ដើម្បី​រួមភេទ ទោះបី​ភាគី​ស្ត្រី​យល់ព្រម ឬ​មិន​យល់ព្រម​ក៏ដោយ ត្រូវតែ​មានទោស ។ លោកស្រី​និយាយថា​"​ប្រសិនបើ​បុរស (​ក​) ដែលជា​សេដ្ឋី គាត់​យក​របស់ ឬ​លុយកាក់​ឲ្យ​ទៅ​នាង សួរថា តើ​គាត់​មានទោស​ឬ​អត់​? គាត់​ត្រូវ​មានទោស​ពីបទ​ពេស្យា ដែល​មានចែង​ក្នុង​មាត្រា​២៣ នៃ​ច្បាប់​ស្តីពី​ការជួញដូរ​មនុស្ស​" ។​

​សម្រាប់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​អ៊ុក​គឹម​សេង​អះអាងថា​លោក​បានឮ​ផ្ទាល់​ត្រចៀក​ចំពោះ​សម្តី​របស់​អាចារ្យ​A​ហើយ​សម្តី​នេះ​វា​ប៉ះពាល់​ធ្ងន់​ដល់​ស្ត្រី​ផ្សេងទៀត​ដែល​មិន​ប្តូរ​ខ្លួនប្រាណ​ដើម្បី​លុយ​ទោះបីជា​ស្ត្រី​ទាំងនោះ​កំពុង​បម្រើការ​នៅតាម​ក្លិប​កម្សាន្ត​ឬ​ហាង​ខារ៉ាអូខេ​ក៏ដោយ​។​លោក​អនុរដ្ឋលេខាធិការ​មានប្រសាសន៍ថា​"​ការអត្ថាធិប្បាយ​មិន​គិតមុខគិតក្រោយ​បែបនេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​របស់​ប្អូនៗ​ជា​ស្ត្រី​"​។​

សេចក្តី​ថ្លែង​របស់លោក​សេង​ប៊ុន​វ៉េង​ញាំ​ង​ឲ្យ​មានប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​បណ្តា​អ្នកធ្វើការងារ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ក៏ដូចជា​អ្នក​រិះគន់​នៅតាម​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​។​វា​ជា​ប្រតិកម្ម​ដែល​មិន​ពេញចិត្ត​ចំពោះ​សម្តី​របស់​នាយក​វិទ្យុ​ABC​វ័យ​៧៧​ឆ្នាំ​ដែលមាន​ប្រពន្ធចុង​អាយុ​២៨​ឆ្នាំ​ហើយ​ដែល​ប្រពន្ធចុង​នេះ​លួច​មាន​សហាយ​ជា​ស្រី​ដូចគ្នា ៕

 

ចំនួនអ្នកទស្សនា

    20685247

  • ថ្ងៃនេះ4471
  • ម្សិលមិញ3511
  • សប្តាហ៍នេះ17121
  • ខែនេះ242791
  • ឆ្នាំនេះ242791
  • សរុប20685247