ភ្នំពេញ៖បន្ទាប់ពីការសាទរផងនិងរិះគន់ផងក្នុងបណ្តាញសង្គមFacebookពាក់ព័ន្ធការដកតួនាទីប្រធានមន្ទីរសុខាភិបាលក្រុងដោយសារតែចាប់រថយន្តសង្គ្រោះបន្ទាន់របស់ក្រុមផ្សាយព័ត៌មាននិងក្រុមហ៊ុនABCរបស់អាចារ្យAមក នៅថ្ងៃអាទិត្យនេះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបកស្រាយពន្យល់តាមFacebookវិញថា"ដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញហើយបន្ទាប់ពីមានអត្ថាធិប្បាយមួយចំនួនរហូតលើកឡើងថាការធ្វើបែបនេះនិងធ្វើឱយមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តន៍ច្បាប់"។
សម្តេចតេជោបានបញ្ជាក់ថា "មុននឹងនិយាយដល់ខ្លឹមសារ គួរសួរថាហេតុអ្វីបានជាខ្ញុំមិនធ្វើអន្តរាគមន៍តាំងពីថ្ងៃដំបូង?ខ្ញុំត្រូវការយល់លើបញ្ហានេះឱយបានច្បាស់សិន និងម្យ៉ាងទៀតខ្ញុំយល់ថារឿងតូចតាចបែបនេះមិនគួរខ្ញុំទៅដោះស្រាយទេ ថ្នាក់ក្រោមដោះស្រាយបានហើយព្រោះវិទ្យុABCនិងបញ្តាញសង្គមFacebook បានផ្សព្វផ្សាយទូលំទូលាយរួចទៅហើយ។ចាំបាត់ៗហើយក៏គ្មានការបកស្រាយណាមួយពីភាគីអ្នកចាប់ថាមកពីមូលហេតុអ្វីបានចាប់ឡាននេះធ្វើឱ្យបងប្អូនដែលនិយមស្តាប់វិទ្យុABCកាន់តែងឿងឆ្ងល់ហើយបន្តអំពាវនាវមកនាយករដ្ឋមន្ត្រីឱយជួយ។ (បាតដៃក៏សាច់ ខ្នងដៃក៏សាច់)នេះជាចំណុចដែលត្រូវគិតម្ខាងជាស្ថាបន័រដ្ឋនិងម្ខាងទៀតជាស្ថាបន័ផ្សព្វផ្សាយដែលបានរួមចំណែកច្រើនដល់ការផ្តល់ព័ត៌មានទាន់ហេតុការណ៍និងទៀងត្រង់ព្រមទាំងបានជួយដល់ជនក្រីក្រដែលក្នុងនោះឡានដែលត្រូវចាប់នេះជាមធ្យោបាយដ៏សំខាន់ជួយអ្នកក្រីក្រ។ចំណុចខ្វះខាតរបស់រថយន្តនេះគឺពុំទាន់មានផ្លាកលេខ ដែលខ្ញុំប្រាប់ លោក ឃួន ស្រេង រៀបចំផ្លាកលេខជូននិងផ្តល់ថែមរថយន្តសង្គ្រោះ២គ្រឿងទៀតជូនវិទ្យុABC"។
សម្តេចតេជោបានបន្តថា៖មានការលើកឡើងថារថយន្តនេះមានដឹកទំនិញ ខ្ញុំក៏ប្រាប់ឱយទិញរថយន្តមួយគ្រឿងទៀតជូនវិទ្យុនេះ។នេះជាដោះស្រាយជូនវិទ្យុABCទាំងផ្លូវច្បាប់ និងមធ្យោបាយបន្ថែមដើម្បីបន្តជួយដល់អ្នកក្រីក្រដោយមិនយកកម្រៃ។ចុះហេតុអ្វីបានជាត្រូវដកដំណែងប្រធានមន្ទីរសុខាភិបាល? ការអនុវត្តន៍ច្បាប់មិនខុសទេតែមានកំហុសខាងនីតិវិធី។ ប្រធានមន្ទីរសុខាភិបាលពិតជាមន្ត្រីនរគបាលយុត្តិធម៌ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន។ប៉ុន្តែក្នុងកំណត់ហេតុឃាត់រថយន្តលោកប្រធានមន្ទីរបានប្រើប្រាស់តួនាទីជាលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលឯកជនខុសច្បាប់ហើយប្រត្តិបត្តិការដោយកម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួមពីនគរបាលឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាបន័អយ្យការពាក់ពន្ធ័បន្ទាប់ពីការឃាត់រថយន្តនោះដែរ"។
ចុងក្រោយសម្តេចតេជោបានបញ្ជាក់ថាការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថាយើងបោះបង់គាត់ចោលនោះទេយើងអាចតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយល់៕