ភ្នំពេញ៖ យោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែល ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា លោក សុខ សុគន្ធ ត្រូវបានសម្រេចតែងតាំង ជាអគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល។
ជាថ្មីម្តងទៀត រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបន្តផ្តល់ក្តីអនុគ្រោះលោក សុខ សុគន្ធ។
លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់ ថា លោកនឹងខិតខំជំរុញឲ្យលោក សុខ សុគន្ធ ប្រឹងប្រែងធ្វើការកសាងស្នាដៃ ដើម្បីបម្រើនូវប្រយោជន៍ជាតិ និងប្រជាជន។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្ថែមថា នឹងគោរពតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយនឹងខិតខំធ្វើឲ្យវិស័យ សុខាភិបាលនៅកម្ពុជា កាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហា បានទូរសព្ទទៅកាន់ស្ថានីយវិទ្យុ ABC ដោយបានប្រកាសដកតំណែងលោក សុខ សុគន្ធ បន្ទាប់ពីរូបលោកបានទៅចាប់រថយន្តសង្រ្គោះរបស់ស្ថានីយវិទ្យុមួយនេះ ពេលកំពុងដឹកភេសជ្ជៈ ចែកចាយក្នុងរាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការចាប់រថយន្តសង្រ្គោះពីសំណាក់មន្ទីរសុខាភិបាល គឺជារឿងត្រឹមត្រូវតាមច្បាប់ តែបានធ្វើផ្ទុយពី នីតិវិធី ដោយមិនបានសុំការដីការ ឬការអនុញ្ញាតពីតុលាការនោះឡើយ។ បើទោះបីជាយ៉ាងណា សម្តេចតេជោថា ការសម្រេចដកប្រធាន មន្ទីរសុខាភិបាល គឺជារឿងលំបាកមួយសម្រាប់សម្តេច ព្រោះខ្នងដៃ និងបាតដៃ សុទ្ធតែជាសាច់ដូចគ្នា៕