ភ្នំពេញ ៖ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក គួយ ប៊ុនរឿន បានអះអាងថា ជនណាក៏ដោយឲ្យតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន ទោះបីជានិយាយខ្មែរមិនច្បាស់ក្តី។ លោកថា ករណីនេះគ.ជ.ប គឺធ្វើទៅតាមច្បាប់ដែលបានចែង ប៉ុន្តែពលរដ្ឋខ្មែរអាចប្តឹងបាន បើដឹងថាអ្នកដែលមានសិទ្ធិបោះឆ្នោតនោះ មិនមែនជាជនជាតិខ្មែរ ឬធ្វើខុសច្បាប់ ក្នុងការចុះឈ្មោះបោះឆ្នោត។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ លោកគួយ ប៊ុនរឿន បានមានប្រសាសន៍ថា “...ទី១.ល័ក្ខខណ្ឌនៃការចុះឈ្មោះគឺចង្អុលបង្ហាញថា ទាល់តែអ្នកនោះមានសញ្ជាតិជាខ្មែរ...ទី២.មានអាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះមិនជាប់ក្នុងពន្ធនាគារ...ចឹងគឺគ.ជ.ប ត្រូវអនុវត្តតាមច្បាប់ដែលរដ្ឋសភាបានអនុម័ត...”។
លោកបានបន្ដថា ដោយឡែក ក្នុងកាលៈទេសៈដូចដែលការលើកឡើងថាជនបរទេសមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនោះ គឺគ.ជ.ប ធ្វើតាមច្បាប់សិន។ ប៉ុន្ដែបើគ.ជ.ប នឹងដាក់ឲ្យមានការអង្កេតការពីគណបក្សនយោបាយ ឬសង្គមស៊ីវិល ហើយប្រសិនបើរកឃើញថា ជនណាម្នាក់មិនមែនជាសញ្ជាតិខ្មែរ ហើយចូលរួមបោះឆ្នោតនោះ គឺពួកគាត់អាចមានសិទ្ធិប្ដឹងជំទាស់៕