ភ្នំពេញ ៖ ក្រុមសកម្មជនអាវខ្មៅ ជាអង្គការចាត់តាំងដែលជាជនបរទេសបានប្រើប្រាស់កម្ពុជា ជាសមរភូមិចលនាសកម្មជនប្រឆាំងនិងរដ្ឋអំណាច មិនត្រឹមតែប្រតិបត្តិការនៅក្នុងកម្ពុជាទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ានក៏ដូចជាក្នុងតំបន់ដទៃទៀត។ មិនត្រឹមតែចាត់តាំងនិងរៀបចំផែនការសកម្មភាពនោះទេ គឺមានភ្នាក់ងារបរទេសក្នុងរូបភាពជាអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ក្នុងកិច្ចការឃោសនាបន្តផងដែរ។
នេះជាការបញ្ជាក់ពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដោយលោកបានឆ្លើយនឹងសំណួរ ដែលបានចោទសួរថា “ហេតុដូចម្តេចបានជា អាជ្ញាធរកម្ពុជាបានធ្វើការហាមឃាត់ក៏ដូចជាចាត់វិធានការឃាត់ខ្លួនសកម្មជន ដែលធ្វើសកម្មភាពថ្ងៃច័ន្ទពណ៌ខ្មៅ?”។
ជាការឆ្លើយតប លោកផៃ ស៊ីផាន បានបញ្ជាក់ជាសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយមានអមនូវរូបភាពនៃក្រុមសកម្មជនអាវខ្មៅ ដែលកំពុងជួបជុំគ្នាធ្វើសកម្មភាពនោះ ថា “...អ្នកទាំងនោះ ឬក្រុមប្រឆាំងនោះប្រាកដណាស់ អង្គការចាត់តាំង ឬសកម្មភាពជាប្រព័ន្ធដែលទទួលកម្រៃពីភ្នាក់ងារបរទេស...អង្គការចាត់តាំង ដែលជាជនបរទេសបានប្រើប្រាស់កម្ពុជា ជាសមរភូមិចលនាសកម្មជនប្រឆាំងនិងរដ្ឋអំណាច មិនត្រឹមតែ មកប្រតិបត្តិការនៅក្នុងកម្ពុជាទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ាន ក៏ដូចជាក្នុងតំបន់ដទៃទៀត...ពួកនេះមិនត្រឹមតែចាត់តាំងនិងរៀបចំផែនការសកម្មភាពនោះទេ គឺមានភ្នាក់ងារបរទេសក្នុងរូបភាពជា អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាភ្នាក់ងារសារព័ត៌មានក្នុងកិច្ចការឃោសនាបន្តផងដែរ...”។
លោកបានបន្ដថា "...ខ្ញុំសង្កេតឃើញជនបរទេសមួយចំនួន ក៏ក្លែងបន្លំអត្តសញ្ញណជាភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវ ឬក៏ដទៃទៀតដើម្បីយកឱកាសគ្រប់គ្រង និងវាយតម្លៃនៃកិច្ចប្រតិបត្តិការរបស់ខ្លួន។ នៅពេលមានសកម្មភាពតវ៉ាក្រុមនោះ តែងតែយកមនុស្សដែលងាយរងគ្រោះ ធ្វើជារនាំង និងជាខែល ដើម្បីយកលេសដាក់បន្ទុកទៅលើសមត្ថកិច្ចបង្ក្រាបស្ត្រីចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ”។
ក្នុងសារនោះ លោកផៃ ស៊ីផាន ក៏បានបញ្ជាក់ដល់បណ្ដាស្ថានទូតទាំងឡាយនៅកម្ពុជា គួរតែប្រកាសដល់ពលរដ្ឋរបស់ខ្លួន មិនត្រូវចូលរួមការងារ ឬសកម្មភាពណាមួយ ដែលប្រឆាំងនិងច្បាប់ប្រទេសមួយ ឬក៏កាតព្វកិច្ចរបស់ខ្លួនឡើយ។
លោកថា ក្នុងនាមរដ្ឋអធិបតេយ្យនិងឯករាជ្យ រដ្ឋាភិបាលមានកាតព្វកិច្ចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួន តាមច្បាប់ជាធរមាន។ជនបរទេសណាមួយ ប្រឆាំងនឹងកាតព្វកិច្ចរបស់អាជ្ញាធរ វិធានត្រូវបានអនុវត្តដោយម៉ឺងម៉ាត់។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យរាល់សកម្មជនទាំងអស់ គ្រប់វិស័យបញ្ចប់នូវសកម្មភាពយកកុមារាកុមារីជាអាវុធដើម្បីប្រឆាំងនឹងរដ្ឋអំណាច ឬជាទិដ្ឋភាពពាណិជ្ជកម្ម ដើម្បីការចាប់អារម្មណ៍ពីសាធារណមតិ អាស្រ័យកុមារាកុមារីទាំងនោះ ទទួលបានការគាំពារចំពោះការរំលោភសិទ្ធិរបស់ពួកគេ។
លោកថា មានតែក្រុមឧទ្ទាម ឬក្រុមភេរវកម្មនោះទេ ដែលគេយកកុមារាកុមារីជាឈ្នាន់ និងបម្រើសកម្មភាពរបស់គេ។ ហើយការធ្វើបែបនេះ ក្រុមទាំងអស់នោះ គឺកំពុងអប់រំកុមារាកុមារី នូវអំពើហិង្សា បន្តបំបែកបំបាក់សង្គមទៅអនាគតទៀត។
មន្ត្រីនាំពាក្យរូបនេះ បានបន្តថា “...ហើយខ្ញុំក៏មិនជឿថា UN មិនមែនជាអង្គការចាត់តាំង ឬជួយឧបត្តម្ភថវិកាសម្រាប់សកម្មភាពក្នុងការតតាំង
ប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីសកម្មជនទាំងអស់នោះ បានលើកទង់អង្គការសហប្រជាជាតិ នៅពេលគេធ្វើសកម្មភាពនោះទេ។ ក៏ប៉ុន្តែ ខ្ញុំពុំទាន់ទទួលបាននូវសេចក្តីប្រកាសច្រានចោលនូវសកម្មភាពនេះ នៅឡើយដែរពីUN”។
នៅសេចក្ដីចុងក្រោយនៃសារនេះ លោកផៃ ស៊ីផាន បានបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការម៉ឺងម៉ាត់ និងអំពាវនាវដល់អង្គការ ឬស្ថាប័នពាក់ព័ន្ធ សូមមេត្តាចាត់វិធានការតាមសមត្ថកិច្ច។ រដ្ឋាភិបាលមិនអនុញ្ញាត ឲ្យបរទេសណាមួយ បង្កើតឬរៀបចំនូវអង្គការ សកម្មភាពណាមួយដែលអាចចាត់ទុកថាជាការរំលោភ ដល់សន្តិសុខជាតិ ឬជាសកម្មភាពលូកលាន់ដល់បញ្ហាផ្ទៃក្នុងប្រជាជាតិដទៃ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជាជាធរមានរួចហើយ៕