មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពមិនប្រក្រតីដែលកើតឡើងក្នុងកាស៊ីណូនៅខេត្តប៉ៃលិនជាបន្ទាន់ ព្រោះសមត្ថកិច្ចនគរបាលប្រចាំកាស៊ីណូទាំងនោះបើកដៃឲ្យជនជាតិខ្មែរចូលលេងល្បែងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មន្ត្រីរាជការក្នុងខេត្តប៉ៃលិន បានបង្ហាញនូវការសង្ស័យថាម្ចាស់កាស៊ីណូ និងសមត្ថកិច្ចនគរបាលប្រចាំកាស៊ីណូនានាឃុបឃិតគ្នាដើម្បីផលប្រយោជន៍ ទើបមានការបើកដៃឲ្យជនជាតិខ្មែរចូលល្បែងស៊ីសងក្នុងកាស៊ីណូ។ ទង្វើបែបនេះគឺបំពានលើបម្រាមរបស់ក្រសួងមហាផ្ទៃយ៉ាងគឃ្លើន ដូច្នេះលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនត្រូវមើលរំលងតទៅទៀតទេ។
ប្រភពពីមន្ត្រីអាជ្ញាធរខេត្តប៉ៃលិន បានឲ្យដឹងថា ទាំងថ្ងៃទាំងយប់នៅតាមកាស៊ីណូក្នុងខេត្តប៉ៃលិន ជាពិសេសនៅច្រកអន្តរជាតិព្រំ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គឺថៅកែកាស៊ីណូបានបើកដៃឲ្យជនជាតិខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង ហើយសមត្ថកិច្ចនគរបាលប្រចាំកាស៊ីណូទាំងនោះ មិនហាមឃាត់ឡើយ។ កាស៊ីណូដែលបើកឲ្យជនជាតិខ្មែរចូលលេងល្បែងតាមអំពើចិត្តមានដូចជា កាស៊ីណូក្រោនវិចតូរីយ៉ា, កាស៊ីណូកាឡាក់ស៊ីហ្គោលហូថែល, កាស៊ីណូប៉ៃលិនផ្លាមីងហ្គោល, កាស៊ីណូចាស្មីន និងកាស៊ីណូឡាក់គីដាយមីនក្រោនជាដើម។ ក្នុងកាស៊ីណូទាំងនេះមានជនបរទេសចូលលេងល្បែងតែប្រមាណ៥០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាជនជាតិខ្មែរ ដែលជាការបំពានលើបទបញ្ជារបស់ក្រសួងមហាផ្ទៃយ៉ាងគឃ្លើន ហើយកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ។
ប្រភពពីប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មួយចំនួនបានឲ្យដឹងថា លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានដឹងយ៉ាងច្បាស់អំពីករណីកាស៊ីណូតាមព្រំដែនក្នុងខេត្តប៉ៃលិន បើកដៃឲ្យជនជាតិខ្មែរចូលលេងយ៉ាងពេញបន្ទុក ប៉ុន្តែលោកស្នងការមិនចាត់វិធានការទប់ស្កាត់នោះទេ។ បញ្ហានេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនចាញ់ល្បែងក្នុងកាស៊ីណូទាំងនោះ អ្នកខ្លះលក់អស់ទ្រព្យសម្បត្តិដីធ្លីផ្ទះសម្បែង រថយន្តនិងម៉ូតូ ដោយសារតែចាញ់ល្បែង និងកើតមានអំពើហិង្សាក្នុងគ្រួសារទៀតផង។ ហេតុនេះហើយទើបពលរដ្ឋក្នុងខេត្តប៉ៃលិន អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ធ្វើយ៉ាងណាកុំឲ្យមានពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូតាមតំបន់ព្រំដែនក្នុងខេត្តប៉ៃលិនយ៉ាងពេញបន្ទុកតទៅទៀត៕