រឿងអាស្រូវពុករលួយរបស់លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបានលាតត្រដាងជាសាធារណៈធ្វើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហានេះ។ ការចាប់អារម្មណ៍បានកើតឡើងក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថាលោក កែរ រដ្ឋា ជាប់ពាក់ព័ន្ធទទួលសំណូកពីមន្ត្រីជាប់កិច្ចសន្យាដើម្បីបានចូលក្នុងក្របខ័ណ្ឌជាមន្ត្រីសុខាភិបាល។ ទន្ទឹមនឹងនេះមជ្ឈដ្ឋានមួយចំនួនសង្ស័យថា រឿងអាស្រូវពុករលួយរបស់លោក កែរ រដ្ឋា អាចជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសុខាភិបាលផងដែរ ដូច្នេះលោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរចាត់វិធានការពិនិត្យឡើងវិញជាបន្ទាន់ដើម្បីកុំឲ្យអំពើពុករលួយរាលដាលតទៅទៀត។
សូមបញ្ជាក់ថារឿងអាស្រូវពុករលួយរបស់លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានកើតឡើងជាច្រើនរូបភាពដោយមានការឃុបឃិតគ្នាជាមួយប្រធានការិយាល័យគណនេយ្យ ឈ្មោះ ហេម បេណាលី ហើយកេងប្រវ័ញ្ចថវិកាជាតិអស់រាប់ពាន់លានរៀលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ អំពើពុករលួយយ៉ាងពេញបន្ទុកនោះកើតឡើងតាមរយៈការបំប៉ោងចំណាយផ្សេងៗដែលមានភាពមិនប្រក្រតី ហើយថវិកាមួយចំនួនធំដែលចំណាយទៅលើផ្នែកថែទាំនិងជួសជុល ផ្នែកជួយប្រជាពលរដ្ឋក្រីក្រចូលសម្រាកក្នុងមន្ទីរពេទ្យ ការចំណាយថវិការជ្ជទេយ្យ រួមនឹងការប្រើប្រាស់ប្រេងឥន្ធនៈ។ ដូច្នេះការដែលអង្គភាពប្រឆាំងអំពើពុករលួយរកឃើញកំហុសរបស់លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងគឺជាការពិត ព្រោះលោក កែរ រដ្ឋា ទទួលសំណូកយ៉ាងច្រើនពីមន្ត្រីជាប់កិច្ចសន្យាជាថ្នូរបានចូលក្របខ័ណ្ឌនៃក្រសួងសុខាភិបាលពេញសិទ្ធិ។
ការដែលអង្គភាពប្រឆាំងអំពើពុករលួយរកឃើញរឿងអាស្រូវទទួលសំណូករបស់លោក កែរ រដ្ឋា បានធ្វើឲ្យមន្ត្រីរាជការក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង មានសេចក្ដីរីករាយយ៉ាងខ្លាំង ព្រោះកន្លងមកលោក កែរ រដ្ឋា និងប្រធានការិយាល័យគណនេយ្យ ឈ្មោះ ហេម បេណាលី បានឃុបឃិតគ្នារៀបចំឯកសារចាយវាយថវិកាដោយមានភាពមិនប្រក្រតីតាមអំពើចិត្ត។ ដូច្នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនត្រូវមើលរំលងតទៅទៀតទេ ព្រោះអាចមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសុខាភិបាលមួយចំនួនឃុបឃិតជាមួយលោក កែរ រដ្ឋា ទើបប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងរូបនេះ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះមជ្ឈដ្ឋាននានារង់ចាំមើលចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងផងដែរ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញការពិតរួចទៅហើយ៕