រាជរដ្ឋាភិបាល​សម្រេច​លុបចោលរាល់​ឯកសារ​បញ្ជាក់​ជា​«​ពលរដ្ឋ​ខ្មែរ​»​របស់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​,​វៀតណាម​មាន​ច្រើនជាងគេ​

20-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​លុបចោល​​រាល់​ឯកសារ និង​លិខិតស្នាម​ផ្សេងៗ​បញ្ជាក់​ពី​ភាពជា «​ពលរដ្ឋ​ខ្មែរ​» ដែល​ត្រូវបាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ចេញ​ឲ្យ​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​​នាពេល​កន្លងទៅ​។

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​ជំហាន​ដំបូង​ស្ដីពី​ការបន្ដ​ការអនុវត្តន៍​ការងារ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បញ្ជាក់ថា ជនបរទេស​អន្ដោប្រវេសន៍​ដែល​បាន​កាន់កាប់​ឯកសារ​​រដ្ឋបាល បញ្ជាក់​ពី​ភាពជា​ពលរដ្ឋ​ខ្មែរ​មាន​ជិត​១០​ម៉ឺន​នាក់​។​

​លោក​បន្ដា​ថា ជនអន្តោប្រវេសន៍ ដែល​នឹងត្រូវ​ប្រកាស​លុបចោល​ឯកសារ​រដ្ឋបាល​នានា​នេះ​នឹងត្រូវ​ឲ្យ​ពួកគេ​បំពេញបែបបទ​ជា​ជនអន្តោប្រវេសន៍​​ឡើងវិញ តែបើ​ពួកគេ​មិន​ព្រម​បំពេញ​ឯកសារ ជា​ជនអន្តោប្រវេសន៍​ទេ គឺអាច​ត្រឡប់​ទៅ​ប្រទេស​ដើ របស់​ពួកគេ​វិញ​។​

​លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ “...​បងប្អូន ដែល​កាន់កាប់​ឯកសារ​ខ្មែរ​នេះ យើង​បាន​បដិសេធ ធ្វើការ​បដិសេធ​នៅ​ថ្ងៃ​ខាងមុខនេះ​...​ប៉ុន្តែ​យើង​មិន​បណ្តេញចេញ​ជា​ក្រុម ជា​ពួក​ទៅ​ប្រទេស​ដើម​វិញ​ទេ ព្រោះ​មាន​ច្រើន​សញ្ជាតិ​ណាស់ មិនមែន​តិច​សញ្ជាតិ​ទេ ប៉ុន្តែ​វៀតណាម​ច្រើនជាងគេ​...​អ៊ីចឹង​អ្នក​ដែល​នឹងត្រូវ​ប្រកាស​បដិសេធ នៅពេល​ខាងមុខ​នោះ គេ​នឹង​ទៅជា​អ្វី​... ទី​១. បើ​អត់​មាន​លិខិតស្នាម​ទេ គេ​អាច​ទៅ​ប្រទេស​ដើម​គេ​វិញ ដោយ​ស្ម័គ្រចិត្ត ទី​២. ដោយសារ​រស់នៅ​យូរហើយ គេ​អាចដាក់​ពាក្យសុំ​ធ្វើជា​ជនអន្តោប្រវេសន៍ ហើយ​បើ​គេ​ស្ម័គ្រចិត្ត គេ​អាចដាក់​ពាក្យសុំ​សញ្ជាតិ​ខ្មែរ​...”​។​

​បើទោះបីជា​យ៉ាងណា លោក សុខ ផល បន្ថែមថា ថា ការអនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​ត្រូវធ្វើ​តាម​គោល​ការគោរព​សិទ្ធិមនុស្ស​ដោយ​ចាប់បញ្ជូន​​ដោយ​សន្តិវិធី ដើម្បី​រក្សាបាន​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង ពោលគឺ​មិន​ធ្វើ​ដូច​របប លន់ ណុល និង​របប ប៉ុល ពត នោះឡើយ​។ របប​ទាំងពីរ​នេះ​អនុវត្ត​វិធានការ​អន្តោប្រវេសន៍ គឺជា​ការកាប់សម្លាប់ ដែលមាន​ភាព​សាហាវព្រៃផ្សៃ​៕

 

ចំនួនអ្នកទស្សនា

    20683207

  • ថ្ងៃនេះ2431
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15081
  • ខែនេះ240751
  • ឆ្នាំនេះ240751
  • សរុប20683207